ភ្នំពេញ៖ លោកណ្ឌិត ឡី សុភាព ប្រធានសមាគមសហព័ន្ធវេជ្ជសាស្ត្រ ឱសថសាស្ត្រ និងទន្តសាស្ត្រកម្ពុជា និងជាប្រធានសមាគមអ្នកលក់ឱសថកម្ពុជា បានប្រកាសជាឱឡារឹក នឹងចូលរួមជាមួយអាជ្ញាធរ មានសមត្ថកិច្ចទាំងអស់ ចុះពិនិត្យធ្វើយ៉ាងណា លុបបំបាត់ឱសថក្លែងក្លាយ គ្មានច្បាប់ទំលាប់ និងខូចគុណភាពលើទីផ្សារ ដើម្បីសុខមាលភាពសាធារណៈ ជូនអ្នកប្រើប្រាស់ ។
ការលើកឡើងរបស់លោកបណ្ឌិត ឡី សុភាព បែបនេះ ធ្វើឡើងក្នុងពិធីសំណេះសំណាល ជាមួយវិនិយោគិន ពាណិជ្ជករ អាជីវករ ភ្នាក់ងារទីផ្សារ អ្នកជំនាញវិជ្ជាជីវៈ គ្រប់គ្រងទូទៅ វេជ្ជបណ្ឌិត ទន្តពេទ្យ គ្រូឱសថបុរាណ ឱសថការី គិលានុបដ្ឋាក ឆ្មប អ្នកលក់ឱសថ អ្នកបច្ចេកទេសមន្ទីរពិសោធន៍ អ្នកលក់គ្រឿងសម្អាង ប្រតិបត្តិករអាជីវកម្មម្ហូបអាហារ និងផ្សព្វផ្សាយផលិតផល Tradafertil, Tradamix TX 1000, Tradaprost របស់ក្រុមហ៊ុន ត្រាដា សឹបផ្លាយ អេស៊ា ឯ.ក ដែលបានសម្ពោធជាផ្លូវការដាក់លក់ និងចែកចាយផលិតផលឱសថ អាហារបំប៉ន់សុខភាព Tradaphama នៅប្រទេសកម្ពុជា នាថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៣ នៅដឺ ព្រេមៀ សេនធ័រ សែនសុខ រាជធានីភ្នំពេញ ។
លោកបណ្ឌិត ឡី សុភាព បានលើកឡើថា “ខ្ញុំនឹងស្នើទៅក្រសួងជំនាញ និងអង្គភាពមានសមត្ថកិច្ច និងគណៈកម្មការនានា ដើម្បីចុះត្រួតពិនិត្យ និងចាត់វិធានការផ្លូវច្បាប់ ចំពោះក្រុមហ៊ុនទាំងឡាយណា ផលិតផលទាំងឡាយណា ដែលខុសច្បាប់ នឹងចុះធ្វើការត្រួតពិនិត្យ ដោយមិនបង្អង់ដៃ ចាប់ពីពេលនេះទៅ” ។
ជាមួយគ្នានេះ ក្នុងនាមជាប្រធានសមាគមអ្នកលក់ឱសថ លោកបណ្ឌិត ឡី សុភាព ចង់ជម្រុញដល់កិច្ចការពារសុខមាលភាពសាធារណៈ ជូនប្រជាពលរដ្ឋ បង្ការកុំឲ្យមានប៉ះពាល់អវិជ្ជមានទាំងឡាយ ដល់អ្នកប្រើប្រាស់ ជាពិសេសកត្តាដែលបង្ករឡើងពីឱសថក្លែងក្លាយ គ្មានច្បាប់អនុញ្ញាតិ ខូសគុណភាពជាដើមនេះ ពិតជាបានបង្ករឲ្យមានការប៉ះពាល់ធ្ងន់ធ្ងរ ដល់អាយុជីវិតផងដែរ ។
ប្រធានសមាគមអ្នកលក់ឱសថកម្ពុជា បានបន្តលើកឡើងថា អ្នកដែលនាំចូលផលិតផលខុសច្បាប់ ឬផលិតផលក្លែងក្លាយ ខូចគុណភាព នឹងទទួលបានផលចំណេញ តែសម្រាប់បុគ្គលទាំងនោះប៉ុណ្ណោះ ក៏ប៉ុន្តែវាពិតជាគ្រោះថ្នាក់ ដល់អ្នកប្រើប្រាស់ ។ ក្នុងន័យនេះលោកបានបញ្ចាក់ជាថ្មីថា “ខ្ញុំនឹងធ្វើការជាមួយអាជ្ញាធរដែនដី គ្រប់ជាន់ថ្នាក់ នឹងធ្វើការត្រួតពិនិត្យលើកិច្ចការងារនេះ ហើយខ្ញុំនឹងដាក់ស្នើទៅអង្គភាពដែលពាក់ព័ន្ធ ដោយធ្វើការត្រួតពិនិត្យគ្រប់មុខទំនិញ ដែលខុសច្បាប់ អនុឡោមទៅតាមច្បាប់គ្រប់គ្រង់ឱសថ និងកិច្ចការពារអ្នកប្រើប្រាស់ផ្សេងៗ” ។
លោកបណ្ឌិតឡី សុភាព ក៏បានបញ្ជាក់ថា មិនគួរបន្តឲ្យមានផលិតផលក្លែងក្លាយ ហើយត្រូវតែបោសសំអាត ។ គួរតែចូលរួមទាំងអស់គ្នា ផ្ទៀងផ្ទាត់ទាំងអស់គ្នា ។
លោកក៏បានធ្វើការប្រៀបធៀបថា កាលណាមានផលិតផលក្លែងក្លាយ ខូចគុណភាពចរាចរលើទីផ្សារ ហើយធ្លាក់ដល់ដៃអ្នកប្រើប្រាស់ ប្រៀបបានយកលុយ១ដុល្លារ ទៅទិញថ្នាំពេទ្យ ហើយអ្នកប្រើប្រាស់ ត្រូវត្រៀមលុយ១ដុល្លារទៀត សម្រាប់មើលជំងឺអញ្ជឹងដែរ ។
ឆ្លៀតក្នុងឱកាសនោះ ប្រធានសមាគមអ្នកលក់ឱសថកម្ពុជា បានអំពាវនាវ ដល់សមាជិកសមាជិកា ក៏ដូចជាអ្នកលក់ឱសថ គ្រឿងសំអាង អាហារបំប៉នទាំងអស់ គួរបន្តការសិក្សារៀនសូត្រ អំពីច្បាប់ទំលាប់ របៀបរបបអំពីការទុកដាក់ ឬអាចនិយាយបានថា ជាយន្តការអប់រំបណ្តុះបណ្តាវិជ្ជាជីវៈ ទៅលើជំនាញ ទុកដាក់ឱសថ និងការប្រើប្រាស់ឱសថ នៅតាមឱសថស្ថាន ជាពិសេស អ្នកលក់អាហារបំប៉ន បន្តនាំគ្នារៀនសូត្រ ដោយអាចទាក់ទងជាមួយ សមាគមអ្នកលក់ឱសថកម្ពុជា ដើម្បីធ្វើការបណ្តុះបណ្តា៕