ព័ត៌មានអន្តរជាតិ

បច្ចុប្បន្នប្រទេសថៃ មានមន្រ្តីថ្នាក់ឧត្តមសេនីយ៍ប្រហែល ១២០០នាក់ ហើយថៃ មានគម្រោងកាត់បន្ថយចំនួន នេះពាក់កណ្តាលនៅឆ្នាំ ២០២៧

បរទេស ៖ ក្រុមប្រឹក្សាការពារជាតិ របស់ប្រទេសថៃ បានប្រកាសផែនការ របស់ខ្លួនក្នុងការកំណត់ រចនាសម្ព័ន្ធកងកម្លាំង ប្រដាប់អាវុធឡើងវិញ ជាការឆ្លើយតបទៅនឹងគណបក្ស Move Forward (MFP) ដែលជំរុញឱ្យមានកំណែទម្រង់យោធា ។

យោងតាមសារព័ត៌មានថៃ បាងកក បុស្តិ៍ ចេញផ្សាយនៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៣ បានឱ្យដឹងថា អ្នកនាំពាក្យក្រសួងការពារជាតិថៃ លោកឧត្តមសេនីយ៍ កុងជីប តាន់ត្រាវាន់និច (Kongcheep Tantravanich) បាននិយាយថា កិច្ចប្រជុំក្រុមប្រឹក្សាដែលដឹកនាំដោយនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការពារជាតិ លោក ប្រាយុទ្ធ ចាន់អូចា កាលពីថ្ងៃពុធ បានទទួលស្គាល់ផែនការដែលផ្តួចផ្តើម ដោយក្រសួងការពារជាតិ ដើម្បីធ្វើឱ្យប្រសើរឡើង កាត់បន្ថយ និងធ្វើទំនើបកម្មទៅលើកងកម្លាំងប្រដាប់អាវុធ ។

លោកបាននិយាយថា ផែនការនេះមិនមានជាប់ពាក់ព័ន្ធ ជាមួយនឹងការជំរុញកំណែទម្រង់យោធា របស់គណបក្ស Move Forward នោះទេ។

ផែនការនេះបានចាប់ផ្តើមតាំងពីឆ្នាំ ២០០៨ ហើយត្រូវបានអនុវត្តជាដំណាក់កាលរៀងរាល់ ៥ ឆ្នាំម្តង។ លោកបន្ថែមថា ដំណាក់កាលចន្លោះឆ្នាំ ២០១៨-២០២២ និងដំណាក់កាលចន្លោះឆ្នាំ ២០២៣ ដល់ឆ្នាំ ២០២៧ ត្រូវបានកែសម្រួលស្របតាមយុទ្ធសាស្ត្រជាតិរយៈពេល ២០ ឆ្នាំ។

ឧត្តមសេនីយ កុងជីប បាននិយាយថា “ឧត្តមសេនីយ៍ ប្រាយុទ្ធ បានប្រាប់អង្គប្រជុំថា កំណែទម្រង់កងកម្លាំងប្រដាប់អាវុធ បានដំណើរការរួចហើយ ស្របតាមផែនការ របស់ក្រសួងការពារជាតិ ហើយលោកបាននិយាយថា វាមិនមានជាប់ពាក់ព័ន្ធជាមួយអ្នកណា ដែលនឹងបង្កើតរដ្ឋាភិបាលថ្មីនោះទេ”។ «ក្រសួងការពារជាតិ បានដាក់ផែនការកំណែទម្រង់របស់ខ្លួនរួចហើយ។ វា​មិន​មែន​ដោយសារ​តែ​ការ​ជំរុញ ​របស់​គណបក្ស​ Move Forward នោះទេ។

លោកឧត្តមសេនីយ៍ គង់ជីប បន្តថា “ប៉ុន្តែយើងបានពិចារណារួចហើយនូវព័ត៌មាន មួយចំនួនដែលបង្ហាញដោយគណបក្ស។ ប្រសិនបើវាស្របនឹងផែនការ របស់យើង នោះយើងត្រៀមខ្លួនរួចជាស្រេច ដើម្បីធ្វើសកម្មភាពលើវា” ។

“គណបក្ស Move Forward បានដើរតួជាកាតាលីករ ឬធាតុបន្ថែម សម្រាប់ការផ្លាស់ ប្តូរនយោបាយ និងសង្គម ក្នុងប្រទេសថៃ បើទោះបីជាគោលនយោបាយ របស់ខ្លួនមិនមានពាក់ព័ន្ធនឹងផែនការ កំណែទម្រង់ក៏ដោយ”។

ប្រភពមួយបាននិយាយថា បច្ចុប្បន្នប្រទេសថៃ មានមន្រ្តីថ្នាក់ឧត្តមសេនីយ៍ប្រហែល ១២០០នាក់ ហើយក្រុមប្រឹក្សាការពារជាតិ បានស្នើឱ្យកាត់បន្ថយចំនួនពាក់កណ្តាលនៅឆ្នាំ ២០២៧ ។

យោងតាមប្រភពមួយ ផែនការនេះរួមបញ្ចូលទាំងការលុបចោល នូវគំនិតនៃការពង្រឹងកងពលធំថ្មើរជើងទី៧ ដែលមានមូលដ្ឋាននៅស្រុក ម៉ែរៀម ខេត្តឈៀងម៉ៃ និងកងពលថ្មើរជើងទ័ពសេះទី៣ នៅខនខេន ៕

To Top