ព័ត៌មានអន្តរជាតិ

Update៖ ចំនួនអ្នកស្លាប់កើនដល់២៣៨នាក់ និងរបួស៦៥០នាក់ បន្ទាប់ពីមានករណី រថភ្លើងបុកគ្នានៅឥណ្ឌា

ឥណ្ឌា៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយ នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៣ថាក្រុមមន្ត្រីបានឲ្យដឹងថា យ៉ាងហោចណាស់ មនុស្សចំនួន២៣៨នាក់ បានបាត់បង់ជីវិ និង៦៥០នាក់ ផ្សេងទៀត បានរងរបួសនៅក្នុងហេតុការណ៍ រថភ្លើងបុកគ្នានៅក្នុងរដ្ឋ Odisha ភាគខាងកើតនៃប្រទេសឥណ្ឌា ។
រថភ្លើងដឹកអ្នកដំណើរ១ខ្សែ បានក្រឡាប់ ហើយក្បាលរបស់វា បានធ្លាក់ទៅលើផ្លូវដែលនៅជាប់គ្នានោះ ដែលរថភ្លើងនេះរងការបុកពេញ ទំហឹងដោយរថភ្លើងផ្សេងទៀត កាលពីល្ងាចថ្ងៃសុក្រ ។

អាយស្ម័យយានរបស់ប្រទេសឥណ្ឌា បានឲ្យដឹងថា មានក្រុមហ៊ុនសេវាកម្ម២ដែលពាក់ព័ន្ធគឺ ក្រុមហ៊ុន Coromandel Express និង Howrah Superfast Express ។

ក្រុមមន្ត្រីបានលើកឡើងថា វាជាករណីឧបទ្ទវហេតុមួយកើតឡើង ដ៏អាក្រក់បំផុតនៅប្រទេសឥណ្ឌា នៅក្នុងសតវត្សរ៍នេះ ។

លោក Sudhanshu Sarangi អគ្គនាយកនៃក្រុមសេវាពន្លត់អគ្គីភ័យប្រចាំនៅរដ្ឋ Odisha បានលើកឡើងថា ចំនួនអ្នកស្លាប់មានចំនួន២៨៨នាក់ ប៉ុន្តែលុះដល់ពេលក្រោយមក ក្រុមមន្ត្រីបានបញ្ជាក់ថា មនុស្ស២៣៨នាក់បានស្លាប់ ។

ក៏ប៉ុន្តែចំនួនអ្នកស្លាប់ត្រូវបានគេរំពឹងថា នឹងបន្តកើនឡើងថែមទៀត ខណៈដែលអ្នកដំណើរជាច្រើន នៅតែត្រូវបានគេគិតថាជាប់នៅក្នុងបំណែក របស់រថភ្លើងនោះ ហើយនៅព្រឹកថ្ងៃសៅរ៍នេះ ក្រុមអ្នកជួយសង្គ្រោះកំពុងខិតខំប្រឹង ប្រែងយ៉ាងខ្លាំងដើម្បីឲ្យបានទៅដល់ជនរងគ្រោះ ។

លោក Pradeep Jena រដ្ឋលេខាធិការដ្ឋាន បានលើកឡើងថា រថយន្តសង្គ្រោះចំនួនជាង២០០គ្រឿង និងវេជ្ជបណ្ឌិត គិលានុបដ្ឋាយិកា និងបុគ្គលិកសង្គ្រោះរាប់រយនាក់ត្រូវបានបញ្ជូនទៅកន្លែងកើតហេតុនៅក្នុងស្រុក Balasore រួចហើយដែរ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top