វ៉ាស៊ីនតោន ៖ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ចូ បៃដិន បានចុះហត្ថលេខាលើច្បាប់ ស្តីពីទំនួលខុសត្រូវ សារពើពន្ធឆ្នាំ ២០២៣ ទៅជាច្បាប់នៅរសៀល ថ្ងៃសៅរ៍កន្លងទៅនេះ ដើម្បីជៀសវាងការខកខាន ជាប្រវត្តិសាស្ត្រលើបំណុល របស់រដ្ឋាភិបាលអាមេរិក។
សកម្មភាពរបស់បក្រនយោបាយ bipartisan បានផ្អាកដែនកំណត់បំណុល សាធារណៈរហូតដល់ថ្ងៃទី០១ ខែមករា ឆ្នាំ២០២៥ និងបង្កើនដែនកំណត់ ដល់កម្រិតបំណុលជាក់ស្តែង នៅថ្ងៃទី០២ ខែមករា ឆ្នាំ២០២៥ ។
យោងតាមក្រុមហ៊ុន Goldman Sachs ដែលជាធនាគារវិនិយោគពិភពលោក បំណុលរបស់រដ្ឋាភិបាលសហព័ន្ធសរុបរបស់សហរដ្ឋអាមេរិក នឹងលើសពី ៣៥ពាន់ពាន់លានដុល្លារនៅខែមករា ឆ្នាំ២០២៥ ដែលស្មើនឹងជាង ១០ម៉ឺនដុល្លារសម្រាប់ពលរដ្ឋអាមេរិកម្នាក់ៗ។
លោក បៃដិន បានឲ្យដឹងភ្លាមៗ បន្ទាប់ពីព្រឹទ្ធសភាបានអនុម័តច្បាប់នេះ កាលពីល្ងាចថ្ងៃព្រហស្បតិ៍ថា “កិច្ចព្រមព្រៀងទ្វេភាគីនេះ គឺជាការឈ្នះដ៏ធំមួយ សម្រាប់សេដ្ឋកិច្ចរបស់យើង និងប្រជាជនអាមេរិក” ។
សហរដ្ឋអាមេរិក បានឈានដល់ដែនកំណត់បំណុល របស់ខ្លួនក្នុងខែមករា ៣១,៤ ពាន់ពាន់លានដុល្លារ ច្រើនជាង ១២០ភាគរយនៃ GDP ប្រចាំឆ្នាំរបស់ខ្លួន ។ អស់រយៈពេលជាច្រើនខែ នៅពេល ដែលសេតវិមាន និងសភាត្រូវបានជាប់គាំង ក្នុងការប៉ះទង្គិចគ្នាជុំវិញ លក្ខខណ្ឌនៃការលើកពិដានបំណុល នាយកដ្ឋានរតនាគារ បាននឹងកំពុងប្រើប្រាស់ “វិធានការមិនធម្មតា” ដើម្បីជៀសវាងការខកខាន។
រដ្ឋមន្ត្រីក្រសួងរតនាគារ សហរដ្ឋអាមេរិក Janet Yellen បានព្រមានថា ប្រទេសនេះ អាចអស់ប្រាក់ ដើម្បីទូទាត់វិក្កយបត្ររបស់ខ្លួនទាន់ពេល ប្រសិនបើសភាបរាជ័យ ក្នុងការដោះស្រាយបំណុលត្រឹមថ្ងៃទី០៥ ខែមិថុនា។
កម្រិតបំណុល គឺជាកម្រិតមួយលើចំនួន សរុបនៃប្រាក់ ដែលសហរដ្ឋអាមេរិក ត្រូវបានអនុញ្ញាតឱ្យខ្ចី ដើម្បីផ្តល់មូលនិធិដល់រដ្ឋាភិបាល និងបំពេញកាតព្វកិច្ចហិរញ្ញវត្ថុរបស់ខ្លួន។ ចាប់តាំងពីឆ្នាំ១៩៤៥ សហរដ្ឋអាមេរិក បានដំឡើងកម្រិតបំណុលរបស់ខ្លួន ១០៣ដង៕
ប្រែសម្រួល ឈូក បូរ៉ា