ព័ត៌មានជាតិ

នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ឲ្យកងទ័ពទប់ស្កាត់ រាល់និន្នាការបង្កអស្ថិរភាពសង្គម

ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានធ្វើការណែនាំដល់កងទ័ពត្រូវសហការគ្នា ដើម្បីទប់ស្កាត់ឲ្យទាន់ពេលវេលានូវរាល់និន្នាការ សំដៅបង្កចលាចល និងបង្កអស្ថិរភាពសង្គម។

នាឱកាសអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់សមិទ្ធិផលនានា នៃកងពលតូចលេខ៧០ នាព្រឹកថ្ងៃ១២មិថុនា សម្ដេចតេជោបានលើកទឹកចិត្តខ្ពស់ដល់ការចូលរួម ចំណែករបស់លោក លោកស្រី ជាសប្បុរសជន ព្រមទាំងដៃគូអភិវឌ្ឍន៍ និងអង្គការជាតិ-អន្តរជាតិនានា រួមចំណែកដោះស្រាយរាល់ការលំបាកខ្វះខាតរបស់កងកម្លាំងប្រដាប់អាវុធ ក្នុងគោលដៅរក្សាឲ្យបាននូវសុខុមាលភាព កម្លាំងពលំមាំមួន ស្មារតីភ្លឺថ្លាប្រកបដោយថាមពល សម្រាប់បន្តរួមចំណែកប្រកបដោយប្រសិទ្ធភាព ក្នុងការធានាបាននូវសុខសន្តិភាព សុវត្ថិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ។

សម្ដេចតេជោគូសបញ្ជាក់ថា «ខ្ញុំសូមស្នើដល់មេបញ្ជាការ មេបញ្ជាការរង និងពលទាហាននៃកងពលតូចលេខ ៧០ ត្រូវបន្តអនុវត្តកិច្ចសហការដ៏ល្អប្រសើរ ជាមួយអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ស្ថាប័ន អង្គភាពពាក់ព័ន្ធ រួមជាមួយនឹងបងប្អូនប្រជាជននៅតាមតំបន់នីមួយៗ ក្នុងគោលដៅពង្រឹងសាមគ្គីជាតិ ទប់ស្កាត់ឲ្យបាននូវនិន្នាការបង្កអរិភាពជាតិសាសន៍ សាសនា ការទប់ស្កាត់ឲ្យទាន់ពេលវេលានូវរាល់និន្នាការ សំដៅបង្កចលាចល និងបង្កអស្ថិរភាពសង្គម ។ ចំណុចនេះ គឺជាកិច្ចការទទួលខុសត្រូវមួយរបស់កងយោធពលខេមរភូមិន្ទនៃយើង ពិសេសកងពលពលតូចលេខ ៧០»។

នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ក៏បានវាយតម្លៃខ្ពស់ចំពោះ មេបញ្ជាការ មេបញ្ជាការរង និងពលទាហានកងពលតូចលេខ៧០នៃកងយោធពលខេមរភូមិន្ទកម្ពុជាដែលបានខិតខំប្រឹងប្រែង និងធ្វើពលិកម្ម ប្រកបដោយវិរភាពអង់អាចក្លាហានក្នុងការបំពេញភារកិច្ច ការពារបូរណភាពទឹកដី ថែរក្សាសុខសន្តិភាព សុវត្ថិភាព និងសណ្តាប់ធ្នាប់បានល្អប្រសើរជូនប្រជាជន និងសង្គមជាតិ៕

To Top