ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានអានសេចក្តីព្រៀង ការធ្វើវិសោធនកម្មច្បាប់បោះឆ្នោត (កែច្បាប់បោះឆ្នោត)ថា នឹងមានការផាកពិន័យ ជាប្រាក់ច្រើន គួរសមផងដែរ ចំពោះការបង្កអុកឡុក មិនឲ្យប្រជាពលរដ្ឋខ្មែរ គ្រប់អាយុ១៨ឆ្នាំឡើង ទៅបោះឆ្នោត ។ បើតាមការអាន ពីសម្តេចតេជោ លើសេចក្តីពង្រាងច្បាប់វិសោធនកម្មច្បាប់បោះឆ្នោត ក្នុងជំនួបជាមួយកម្មករ នារាជធានីភ្នំពេញនាថ្ងៃ១៤ មិថុនា មុននឹងអនុម័តជាផ្លូវពីរដ្ឋសភា ដើម្បីបម្រើ ដល់ការបោះឆ្នោតថ្នាក់ជាតិនាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខគឺថា នឹងធ្វើការផាកពិន័យ ពី៥លានរៀល ទៅ២០លានរៀល សម្រាប់អ្នកមាន គំនិតរារាំង ដល់ដំណើរការបោះឆ្នោត និងពី១០លានរៀលទៅ៣០លានរៀល ចំពោះគណបក្ស នយោបាយ ដែលប្រព្រឹត្តិល្មើស ដោយមិនគិតពីទោសទណ្ឌផងដែរ ។ សម្តេចក៏បានព្រមានទុកជាមុនដែរថា បើចង់ចូលគុក ឬចង់អស់លុយ សូមបន្តសកម្មភាពទៀតទៅ ។
សម្តេចអះអាងថា មិនចង់លេងជាមួយ ពួកក្រុមប្រឆាំងទេ អំពីការកែច្បាប់បោះឆ្នោតនេះ ប៉ុន្តែពួកគេទេ ដែលមិនព្រមបញ្ឈប់សកម្មភាព ញុះញង់ឲ្យពលរដ្ឋ មិនទៅបោះឆ្នោត ទើបសម្តេចលេងធម៌ក្តៅតែម្តង លើការពិន័យ យ៉ាងធ្ងន់ធ្ងរទៅ ។ កាលពីរាត្រីថ្ងៃ១៣ មិថុនា បន្ទាប់ពីសម្តេចបានប្រកាស ២ដងអំពីការ ធ្វើវិសោធនកម្មច្បាប់ បោះឆ្នោតសំដៅ ដល់អ្នក ដែលមិនទៅបោះឆ្នោត គឺគ្មានសិទ្ធិឈរឈ្មោះ ឲ្យគេបោះឆ្នោតនោះទេ (ចំពោះអ្នកនយោបាយបក្សប្រឆាំង) តាមរយៈវេទិកាអ្នកស្តាប់វិទ្យុអាស៊ីសេរី បានហៅលោក អេង ឆៃអ៊ាង ជាអតីតមន្រ្តីគណបក្សសង្រ្គោះជាតិ មកបរិយាលើវិសោធនកម្មនេះ ។ សម្រាប់វេទិកានេះ បានបំផុសឲ្យពលរដ្ឋចូល ទៅក្នុងបន្ទប់បោះឆ្នោត ប៉ុន្តែកុំគូសយកសញ្ញាត្រឹមត្រូវលើសន្លឹកឆ្នោត គឺគូសចោលទៅ ។
ដោយសារតែករណីនេះ ទើបសម្តេចបានថ្លែងសារផ្តាំទៅពួកប្រឆាំងទាំងនោះថា សម្តេច ស ខេង ឧបកនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នឹងប្រជុំពិភាក្សាពីវិសោធនកម្មច្បាប់ បោះឆ្នោតដែលទាក់ទងនិងសិទ្ធិ ឈរឈ្មោះឲ្យគេបោះឆ្នោត ដើម្បីពង្រឹងការទទួលខុសត្រូវ របស់មន្ត្រីនយោបាយ។
សម្តេចលើកឡើងថា ចំពោះអ្នកមិនទៅបោះឆ្នោត គឺបង្ហាញថា គ្មានការទទួលខុសត្រូវ ។ សម្តេចបានអានសេចក្តីព្រាង វិសោធនកម្មច្បាប់ បោះឆ្នោតយ៉ាងដូច្នេះថា ចំណុចទាក់ទិន នឹង អ្នកមានសិទ្ធិឈរឈ្មោះ គឺត្រូវអនុវត្តនូវសិទ្ធិបោះឆ្នោត ដោយទៅបោះឆ្នោត សម្រាប់ការបោះឆ្នោត ជាសកលចំនួន២ដងលើកចុងក្រោយជាប់គ្នា ដែលរៀបចំដោយគណៈកម្មាធិការជាតិរៀបចំបោះឆ្នោត (បោះឆ្នោតសកលនឹងធ្វើនៅថ្ងៃ២៣ក្កដាឆ្នាំ២០២៣ និងបោះឆ្នោតនៅឆ្នាំ២០២៧ ទៀត អីចឹងចងឲ្យហើយកុំឈ្លើយ) ។ ពេលបោះឆ្នោតតំណាងរាស្ត្ររួចហើយ ត្រូវបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ បើអ្នកមិនទៅបោះឆ្នោតទេ នោះអ្នកនឹងអស់សិទ្ធិឈរឈ្មោះ។
សម្តេចបញ្ជាក់ថា «ដោយអ្នកឯងផ្គើន ពេកសម្តេចក្រឡាហោម ស ខេង បានឲ្យឯកឧត្តមកើត រិទ្ធិ ឲ្យរឹត បន្តឹងចំណុចហ្នឹង ។ ល្ងាចនេះ សម្តេចនឹងប្រជុំហើយវិសោធនកម្ម នឹងមានការផាកពិន័យផងដែរ ។ ខ្ញុំឯកភាព»។
ដោយសារតែទង្វើរបស់ក្រុមប្រឆាំង កាន់តែជ្រុលសម្តេចតេជោ បានអានខ្លឹមសារ នៃសេចក្តីព្រាងវិសោធនកម្មច្បាប់ បោះឆ្នោតឲ្យដឹងថា មាត្រា១៤២ថ្មី (ពង្រាង) ត្រូវផាកពិន័យ ប្រាក់៥លានរៀល ទៅ២០លានរៀនដោយគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត ដោយពុំទាន់គិត ពីទោសព្រហ្មទណ្ឌ ផ្សេងទៀត ចំពោះជនណាដែលប្រើគ្រប់មធ្យោបាយ ទុចរិករារាំង ឬញុះញង់ ប្រជាពលរដ្ឋដែលមានសិទ្ធិបោះឆ្នោត មិនឲ្យទៅចុះឈ្មោះបោះឆ្នោត ឬរារាំងមិនឲ្យចុះឈ្មោះប្រជាពលរដ្ឋ ដែលមានសិទ្ធិបោះឆ្នោត ក្នុងបញ្ជីបោះឆ្នោត និងសៀវភៅបញ្ជីបោះ ឆ្នោត។ បង្កការអុកឡុង ឬសកម្មភាពមិនប្រក្រតីក្នុងទីកន្លែងសម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតនៅក្នុងអំឡុងពេលការពិនិត្យបញ្ជី និងការចុះឈ្មោះបោះឆ្នោត , អ្នកគាំទ្រ ឬអ្នកបោះឆ្នោតប្រព្រឹត្តិអំពើរំលោភបំពាន រាមកំហែង ហិង្សាទៅលើបេក្ខជនឬទៅលើគណបក្សនយោបាយដទៃ , រារាំង ឬញុះញង់ ប្រជាពលរដ្ឋដែលមានសិទ្ធិបោះឆ្នោតមិនឲ្យទៅបោះឆ្នោត , រារាំងបេក្ខជនឬអ្នកគាំទ្រ គណបក្សនយោបាយ មិនឲ្យឃោសនាបោះឆ្នោត តាមការកំណត់ , ធ្វើឲ្យបាត់ទំនុកចិត្តលើការសម្រេចចិត្តលើការបោះឆ្នោត , ធ្វើឲ្យមានការភាន់ច្រឡំ នាំឲ្យបាត់ទំនុកចិត្តលើការបោះឆ្នោត , បង្កការរំខាន មិនឲ្យដំណើរការបោះឆ្នោតបាន , បង្កការរំខានមិនឲ្យរាប់បោះឆ្នោតបាន ធ្វើឲ្យខូចរបៀបរៀបរយក្នុងការបោះឆ្នោត ទិញសន្លឹកឆ្នោត ដោយសំភារៈ ឬដោយប្រាក់កាស ត្រូវលុបចេញពីបញ្ជីបោះឆ្នោត ឬលុបបេក្ខភាពរបស់សាម៉ីខ្លួន ឬដកសិទ្ធិឈរឈ្មោះឲ្យគេបោះឆ្នោត របស់សាម៉ីខ្លួនឲ្យគេបោះឆ្នោត សម្រាប់រយៈពេល៥ឆ្នាំ យ៉ាងតិចដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។
មាត្រា១៤៣ថ្មី ៖ ត្រូវលុបបេក្ខភាពឈរឈ្មោះបោះឆ្នោត របស់គណបក្សនយោបាយ ឬត្រូវផាកពិន័យជាប្រាក់ពី១០ លានរៀលទៅ៣០លានរៀល ដោយគណៈកម្មាធិការជាតិរៀបចំបោះឆ្នោតដោយមិនទាន់គិតពីទោសព្រហ្មទណ្ឌដទៃទៀតចំពោះគណបក្សនយោបាយដែលបានប្រព្រឹត្តិល្មើស ។
សម្តេចតេជោបានគូសបញ្ជាក់ថា «អីចឹងលោកឯងប្រហើនទៀតទៅ កាន់តែរើកាន់តែ ដូចត្រីជាប់ជុច ឥឡូវវាស្រែកទៀតថា ឲ្យចូលទៅដើម្បីគូសបំផ្លាញ សន្លឹកឆ្នោត អីចឹងហ្អែងចាំមើលទៅថា ជាប់គុកប៉ុន្មាន ហើយបង់ខាតប៉ុន្មាន បើបង្កការអុកឡុក ចង់ដឹងសាកមើលទៅ»៕