ភ្នំពេញ ៖ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានបញ្ជាក់ថា ទណ្ឌិត សម រង្ស៊ី កំពុងនិរទេសខ្លួន សំងំយកសុខ នៅក្រៅប្រទេស ដែលបានអំពាវនាវឲ្យ សហគមន៍អន្ដរជាតិជួយ នៅពេលចូលស្រុកខ្មែរវិញ គ្រាន់តែជាលេស ដើម្បីយកចិត្ត ប្រជាពលរដ្ឋថា ខ្លួនមកស្រុកខ្មែរ ពិតប្រាកដមែន ។
កាលពីថ្ងៃទី២៧ តុលា ទណ្ឌិត សម រង្ស៊ី បានអំពាវនាវទៅកាន់សហគមន៍ អន្តរជាតិជួយធានាសន្តិភាព និងសេរីភាព ជូនប្រជារាស្ត្រខ្មែរ ដែលមកអមដំណើរ មកជាមួយលោក នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ។ សេចក្តីអំពាវនាវរបស់លោក សម រង្ស៊ីបន្តថា “ក្រោយពីបាននិរទេសខ្លួន ច្រើនឆ្នាំមកហើយ ខ្ញុំនឹងវិលត្រឡប់ទៅប្រទេស កម្ពុជាវិញ នៅថ្ងៃ ៩ វិច្ឆិកា ២០១៩ នេះ។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានគំរាមថា នឹងចាប់ខ្លួនរូបខ្ញុំ ហើយបានបញ្ជាឲ្យកងកម្លាំងប្រដាប់អាវុធ កម្ទេចមនុស្សដែលគាត់ចោទថាជាឧទ្ទាម។ តាមការពិត ខ្ញុំគ្រាន់តែមានបំណងដឹកនាំកម្លាំងខ្មែរអ្នកស្នេហាជាតិ និងស្នេហាសេរីភាព វិលត្រឡប់ទៅប្រទេសកំណើតរបស់យើងវិញតែប៉ុណ្ណោះ”។
លោក សុខ ឥសាន បានផ្ដល់កិច្ចសម្ភាសន៍ ឲ្យមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នៅថ្ងៃ៣០ តុលាថា “នេះគ្រាន់តែជាលេស ដើម្បីឲ្យប្រជាពលរដ្ឋ នឹងជួយគាំទ្រគាត់ទេ (សម រង្ស៊ី)។ រាជរដ្ឋាភិបាល គ្មានគោលការណ៍ បង្ក្រាបពលរដ្ឋទេ និងគ្មានវិធានការចាប់ ចំពោះប្រជាពលរដ្ឋទេ ។ កុំឲ្យតែគាត់ (ពលរដ្ឋ) ធ្វើសកម្មភាពផ្ទុយពីគោលការណ៍ច្បាប់” ។
លោកបន្ដថា ការអំពាវនាវរបស់ទណ្ឌិត សម រង្ស៊ី ឲ្យសហគមន៍អន្ដរជាតិជួយ គឺជាការបំភ្លើស ការពិតព្រោះ សម រង្ស៊ី ជួយខ្លួនឯងមិនបានឡើយ ទើបយកម្លាំងមហាជន និងកងទ័ពមកការពារខ្លួន ពីក្រោយ ឬពាំងមុខលោក ។ លោកថា សម រង្ស៊ី គឺជាមនុស្សអន់បំផុត មិនហ៊ានវិលមកខ្មែរវិញឡើយ ។
ក្នុងករណី ទណ្ឌិត សម រង្ស៊ី ត្រៀមខ្លួនបូជាសេរីភាព ដើម្បីប្រជាធិបតេយ្យ និងធានាសេរីភាព របស់ពលរដ្ឋអ្នកនាំពាក្យ បក្សកាន់អំណាចបានចំអកថា គ្មានហ៊ានពលីជីវិតឡើយ មានតែឲ្យពលរដ្ឋខ្មែរ ស្លាប់ជំនួស ។
លោកមានប្រសាសន៍ថា “មនុស្សនេះ (សម រង្ស៊ី) មិនដែលស្គាល់ភក់ មិនដែលស្គាល់ជ្រាំម្ដងផង រឿងអីហ៊ានពលីជីវិតដើម្បីខ្លួនឯង អាហ្នឹងមានតែប្រើគេ មកងាប់ជំនួសខ្លួន អាហ្នឹងបានមាន” ។
ជុំវិញពលរដ្ឋខ្មែរ អមដំណើរទណ្ឌិត សម រង្ស៊ី វិលមកស្រុកវិញ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ តែតែងលើកឡើងថា អាជ្ញាធរនឹងចាត់វិធានការចំពោះការប្រមូលផ្តុំកម្លាំងសកម្មជនរបស់អតីតបក្សប្រឆំាំង ព្រោះជាអំពើខុសច្បាប់ ៕ ដោយ ៖ អេង ប៊ូឆេង