ប្រតិភូនៃគណៈកម្មការយោធាមជ្ឈឹម កងទ័ពរំដោះប្រជាជនចិន ទស្សនកិច្ច កងពលតូចដឹកជញ្ជូនលេខ៩៩
ភ្នំពេញ ៖ ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន មេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩៩ នៅព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩ បានទទួលស្វាគមន៍ឧត្តមសេនីយ៍ទោ រិន យានពីង ប្រធានគណៈប្រតិភូ មជ្ឈមណ្ឌលគាំទ្រភស្តុភារៈចម្រុះ គួយ លីង នៃគណៈកម្មការយោធាមជ្ឈឹម របស់កងទ័ពរំដោះប្រជាជនចិន និងគណៈប្រតិភូ អញ្ជើញទស្សនកិច្ចកងពលតូចដឹកជញ្ជូនលេខ៩៩ ។
ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន បានថ្លែងអំណរគុណចំពោះ បក្សរដ្ឋាភិបាលប្រជាជន និងកងទ័ពរំដោះប្រជាជនចិនដែលបានផ្តល់ជំនួយដ៏មានតម្លៃដល់អង្គភាព ក៏ដូចជាក្នុងកងយោធពលខេមរៈភូមិន្ទទាំងមូល ដែលសបញ្ជាក់ឲ្យឃើញការជួយពង្រឹងសមត្ថភាព និងការរិតចំណងមិត្តភាពដែកថែប រវាងកងទ័ពនៃប្រទេសទាំងពីរ ។
ក្នុងជំនួបនេះដែរ ឧត្តមសេនីយ៍ទោ រិន យានពីង ក៏បានសម្តែងការកោតសរសើរចំពោះកងពលតូចដឹកជញ្ជូនលេខ៩៩ ។ លោកបានមានប្រសាសន៍ថា “ជាការកត់សម្គាល់ពេលធ្វើដំណើរចូលមកកងពលនេះ គឺសង្កេតការរៀបចំ មានសណ្តាប់ធ្នាប់ របៀបរៀបរយល្អ ជាពិសេសគឺកងទ័ពមានវិន័យល្អ” ។
ឆ្លៀតក្នុងឱកាសនោះដែរ ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន បានជម្រាបជូនឧត្តមសេនីយ៍ទោ រិន យានពីង និងគណៈប្រតិភូថា បន្ទាប់ពីបានទទួលជំនួយរថយន្ត និងគ្រឿងបន្លាស់ សម្ភារៈ ឧបករណ៍រោងជាងជួសជុល ពីភាគីចិន ក្នុងខែមេសា ឆ្នាំ២០១៥ បានសហការកសាងយានដ្ឋានជួសជុលមួយកន្លែងដាក់ឲ្យដំណើរការនៅឆ្នាំ២០១៧។ ក្នុងរយៈពេលជិត១០ឆ្នាំ ការប្រើប្រាស់ឲ្យសកម្មភាពដឹកជញ្ជូន ទាំងសកម្មភាពយោធា និងសកម្មភាពមនុស្សធម៌មមាញឹក ។ រថយន្តទាំហអស់ធានារក្សាបាន គុណភាពដែលអាចប្រើប្រាស់បានយូរអង្វែង ដោយគ្មានការខូចខាតធ្ងន់ធ្ងរ ៕