នយោបាយ

សម្តេចតេជោ ស្នើតុលាការពន្លឿន ដោះស្រាយសំណុំរឿងក្នុងដៃខ្លួន កុំឲ្យកកស្ទះ

ភ្នំពេញ ៖ ថ្លែងនៅចំពោះប្រធានតុលាការ ចៅក្រម ព្រះរាជអាជ្ញា តាមបណ្តារាជធានី-ខេត្តសម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីកម្ពុជា បានស្នើឲ្យតុលាការជួយពន្លឿន និងខិតខំដោះស្រាយសំណុំរឿងដែលកកស្ទះ ហើយកំពុងស្ថិតនៅក្នុងដៃរបស់ខ្លួន។

ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ “អគារសាលាយុត្ដិធម្ម” របស់ក្រសួងយុត្តិធម៌ នាថ្ងៃ២៦ មិថុនា សម្តេចតេជោគូសបញ្ជាក់យ៉ាងដូច្នេះថា «មានតែការកាត់ក្តីមួយទេ គឺការសម្របសម្រួល ផ្សះផ្សារគ្នាដែលវិធីមួយប្រកបដោយប្រសិទ្ធភាព គឺគ្មានអ្នកឈ្នះ និងអ្នកចាញ់ និងធានាសុខដុមរមនានៅក្នុងសង្គម ហើយដំណោះស្រាយដែលពលរដ្ឋចង់បានបំផុតនៅពេលមានវិវាទកើតឡើង»

សម្តេចតេជោបន្តថា ករណីវិវាទដែលមិនចុះសម្រុងនិងគ្នាចាំបាច់ត្រូវតែធ្វើការដោះស្រាយតាមផ្លូវច្បាប់ ។ សម្តេចតេជោបញ្ជាក់ថា «ដូច្នេះដើម្បីលើកកម្ពស់គុណភាពនៃការជំនុំជម្រះក្តីបានត្រឹមត្រូវ និងត្រឹមត្រូវតាមផ្លូវច្បាប់ ក្នុងនាមរាជរដ្ឋាភិបាលស្នើសុំឲ្យតុលាការដោះស្រាយសំណុំរឿងឲ្យបានឆាប់ ដើម្បីកាត់បន្ថយការកកស្ទះក្នុងសំណុំរឿងក្នុងដៃ ជួយផ្សះផ្សាររវាងគូភាគី ដើម្បីបង្កើតសុខដុមរនាជាមួយសណ្តាប់ធ្នាប់ក្នុងសង្គម»

សម្តេចតេជោបន្ថែមថា ជាច្រើនលើកមកហើយដែលមានការកកស្ទះសំណុំរឿងក្នុងដៃ តម្រូវឲ្យរាជរដ្ឋាភិបាលជួយដោះស្រាយកកស្ទះ តែមិនមែនជាការកាត់ក្តីនោះទេ គឺការផ្តល់ទីតាំងសម្រាប់ដោះស្រាយ។

សម្តេចតេជោថា ការកកស្ទះសំណុំរឿងក៏បានកើតឡើងជាច្រើនករណីដូចជា ខ្វះចៅក្រម ខ្វះសវនាការ ខ្វះមេធាវី។

ជាមួយគ្នានោះដែរ សម្តេចតេជោក៏បានលើកឡើងថា បច្ចុប្បន្នស្ថានភាពតុលាការមានភាពល្អប្រសើរជាងមុន ដោយយ៉ាងហោចណាស់ ក៏បានដោះស្រាយទីតាំងដើម្បីដោះស្រាយសំណុំរឿង។

នៅចំពោះចៅក្រម ព្រះរាជអាជ្ញា សម្តេចតេជោនាយករដ្ឋមន្ត្រីសង្កត់ធ្ងន់ថា «ពិតណាស់ បើយើងមិនព្រមកាត់ក្តីឲ្យទាន់ពេល រឿងត្រូវជាប់គុកត្រឹម៣ខែ យើងឃុំគេរហូតដល់១ឆ្នាំឬ២ឆ្នាំមិនទាន់កាត់ក្តី អីចឹងត្រូវធ្វើយ៉ាងម៉េច? វាមិនមែនត្រឹមតែទទួលបានយុត្តិធម៌ទេ តែវាអយុត្តិធម៌សម្រាប់អ្នកជាប់ចោទទៀតផង ហៅពិរុទ្ធជន»

សម្តេចតេជោបន្តថា ចៅក្រមត្រូវតែសកម្មក្នុងការដោះស្រាយវិវាទសម្រាប់សម្រួលផ្សះផ្សារគូភាគីឲ្យកាន់តែឆាប់ ដោយមិនត្រូវទុកសំណុំរឿងរយៈពេលយូរឡើយ «ការសម្រួលសម្រួលផ្សះផ្សាគ្នានេះត្រូវបានអនុញ្ញាតឲ្យមានទាំងនៅក្នុងតុលាការ និងក្រៅប្រព័ន្ធតុលាការដោយផ្នែកក្រមរដ្ឋប្បវេណីដែលអាចធ្វើបាននៅគ្រប់ដំណាក់កាល»។

សម្តេចតេជោនាយករដ្ឋមន្ត្រីសង្ឃឹមថា បច្ចុប្បន្ននឹងមិនកើតឡើងនូវស្ថានភាពដូចពេលមុននោះទេ នៅពេលដែលប្រព័ន្ធតុលាការគ្រប់ជាន់ថ្នាក់បានប្រព្រឹត្តិ រាប់ទាំងការបង្កើតចំនួនចៅក្រមជំនុំជម្រះ ការបង្កើតសាលឧទ្ធរណ៍តាមភូមិភាគជាដើម ៕

To Top