ព័ត៌មានជាតិ

ប្រកាសប្រគល់ដំបូលផ្សារ ជួសជុល និងសាងសង់ថ្មី ជូនអាជីវករផ្សារ​ ក្នុងក្រុងកំពង់ចាម ដើម្បីបង្ករលក្ខណៈងាយស្រួលក្នុងការលក់ដូរ

រូបភាពសហការី

កំពង់ចាម ៖ ដោយមើលឃើញពីការលំបាកក្នុងការធ្វើអាជីវកម្ម ទាំងរដូវប្រាំង និងរដូវវស្សា របស់អាជីវករផ្សារធំ និងផ្សារបឹងកុក ក្នុងក្រុងកំពង់ចាម អាជ្ញាធរខេត្តកំពង់ចាមសម្រេចចិត្តជួសជុល និងសាងសង់ដំបូលថ្មីផ្សារទាំងពីរនេះ ដើម្បីបង្កលក្ខណៈងាយស្រួល ក្នុងការធ្វើអាជីវកម្ម ។

សមិទ្ធផលខាងលើនេះ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា រួមជាមួយក្រុមការងារ បានអញ្ជើញប្រកាសប្រគល់ជូនគណៈអាជីវករ និងអាជីវករទាំងអស់ ប្រើប្រាស់ជាផ្លូវការ ដើម្បីបង្កលក្ខណៈងាយស្រួល ក្នុងការធ្វើអាជីវកម្ម ពិធីនេះធ្វើឡើងនៅព្រឹកថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ ២០២ ក្នុងផ្សារធំ ក្រុងកំពង់ចាម ខេត្តកំពង់ចាម ។

អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានមានប្រសាសន៍ថា កាលពីផ្សារធំ នៅប្រើដំបូលចាស់ លោក បានសង្កេតឃើញថា ពិតជាមានការលំបាកដល់ក្រុមអាជីវករផ្សារ ក្នុងការធ្វើអាជីវកម្ម ទាំងរដូវប្រាំង និងរដូវវស្សា ។ ដូច្នេះហើយ ទើបថ្នាក់ដឹកនាំខេត្តបានឯកភាពគ្នាជួសជុល និងសាងសង់ថ្មីដំបូលផ្សារធំនេះ ជូនគណៈអាជីវករនិងអាជីវករទាំងអស់ ដើម្បីទទួលបានភាពងាយស្រួល ក្នុងការធ្វើអាជីវកម្ម ពោលគឺល្អទាំងសងខាងសម្រាប់អ្នកលក់ និងអ្នកទិញផងដែរ ។

លោកអភិបាលខេត្ត បានបញ្ជាក់ផងដែរថា មិនមែនតែផ្សារធំនេះទេ ចំពោះផ្សារបឹងកុកក្នុងក្រុងកំពង់ចាម ក៏ត្រូវបានអាជ្ញាធរខេត្ត បានជួសជុល និងសាងសង់ដំបូលថ្មីជូនគណៈអាជីវករ និងអាជីវករផ្សារសម្រាប់ឲ្យពួកគាត់ងាយស្រួល ប្រកបរបរអាជីវកម្មក្នុងផ្សារនោះផងដែរ ដើម្បីពង្រីកអាជីវកម្ម បង្កើនចំណូល លើកកម្ពស់កម្រិតជីវភាពនៅក្នុងគ្រួសារ ៕

To Top