នយោបាយ

មនុស្សជំនិតលោក កឹម សុខា ៖ លោកស្រី មូរ សុខហួរ ទទួលស្គាល់ការពិត

ភ្នំពេញ ៖ ចំណុចលោកស្រី មូរ សុខហួរ ទទួលស្គាល់ពិតនោះ គឺថាអ្នកគាំទ្ររបស់លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិ (CNRP) ដែលត្រូវបានរំលាយ គឺជា «ក្រុមត្រឹមត្រូវ» ។ នេះជាការលើកឡើងរបស់លោក មុត ចន្ថា ដែលជាមនុស្សជំនិតរបស់លោក កឹម សុខា ។

តាមរយៈហ្វេសប៊ុកនាថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩ លោកបានបង្ហាញថា “លោកស្រី មូរ សុខហួរ បានទទួលស្គាល់ជាសាធារណៈហើយថា អ្នកគាំទ្ររបស់ ឯកឧត្តម កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិដែលត្រូវបានរំលាយ គឺជា ក្រុមត្រឹមត្រូវ។ ជាមួយគ្នានេះដែរ លោកស្រី សុខហួរ បានទទួលស្គាល់ថាក្រុមអ្នកគាំទ្រលោក សម រង្ស៉ី ប្រធានស្តីទីដែលត្រូវបានលើកបន្តុបក្លែងក្លាយគឺជា ក្រុមបោកប្រាសមែន ។

បើតាមលោក មុត ចន្ថា លោកស្រី មូរ សុខហួរ សម្តែងការមិនពេញចិត្តចំពោះ «ក្រុមត្រឹមត្រូវ» ដែលមានបំណងស្វែងរកដំណោះស្រាយដោយសន្តិវិធី ហើយថា បើសិនក្រុមត្រឹមត្រូវមិនហ៊ានធ្វើ ទុកឲ្យក្រុមបោកប្រាសរបស់គាត់ធ្វើវិញ ។

លោកបានឲ្យដឹងទៀតថា ការដោះស្រាយបញ្ហាអ្វីមួយមិនសំខាន់ដូចសត្វស្វាលេងប៉ាហ៊ី ទើបកំណត់បានជាសកម្មភាពដោះស្រាយបញ្ហានោះទេ។ ជាញឹកញាប់ គេសង្កេតឃើញ សត្វស្វាលេងប៉ាហ៊ីគ្រាន់តែដើម្បីលក់ថ្នាំរកលុយចូលហោរប៉ៅឲ្យម្ចាស់ប៉ុណ្ណោះ ប៉ុន្តែថ្នាំនោះ នៅតែអត់មានប្រសិទ្ធភាពដដែល។

មនុស្សជំនិត បានលើកពីវីរៈភាពលោក កឹម សុខាថា មិនមានចេតនា មិនមានផែនការ និងមិនធ្វើនយោបាយដោយហិង្សាជាដាច់ខាត ព្រោះជារឿយៗ លោក កឹម សុខា ក្នុងនាមប្រធានគណបក្សតែងតែណែនាំទាំងផ្ទៃក្នុងបក្ស ទាំងថ្លែងការណ៍ជាសារធារណៈថា រូបលោក ក៏ដូចជាគណបក្សសង្គ្រោះជាតិ ប្រកាន់ខ្ជាប់គោលការណ៍អហិង្សា។ អ្នកណាចង់ប្រើអំពើហិង្សាទៅណាឲ្យឆ្ងាយពី CNRP ៕

To Top