ព័ត៌មានជាតិ

អាជ្ញាធរមីន៖ ការរួមចំណែកពីកាណាដា ជាមួយប្រទេសជាមិត្តទៀត កម្ពុជាអាចសម្រេចគោលដៅ គ្មានមីនឆ្នាំ២០២៥

រូបភាព៖ ហ្វេសប៊ុកទេសរដ្ឋមន្ត្រី លី ធុជ

ភ្នំពេញ៖ លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ នៃអាជ្ញាធរមីន បានថ្លែងថា ការរួមចំណែកពីប្រទេសកាណាដា ជាមួយនឹងប្រទេសជាមិត្តដទៃទៀត នឹងធ្វើឲ្យកម្ពុជាអាចសម្រេចបាននូវគោលដៅ «កម្ពុជាគ្មានមីននៅឆ្នាំ២០២៥»។ នេះបើយោងតាមគេហទំព័រហ្វេសប៊ុករបស់ ទេសរដ្ឋមន្រ្តី លី ធុជ។

នាឱកាសអញ្ជើញជាភ្ញៀវកិត្តិយស ក្នុងពិធីអបអរសាទរខួបលើកទី ១៥៦ នៃទិវាជាតិរបស់ប្រទេសកាណាដា និងខួបលើកទី៧០ នៃទំនាក់ទំនងការទូតរវាង កាណាដា-កម្ពុជា ជាមួយលោកស្រីបណ្ឌិត Sarah Taylor ឯកអគ្គរដ្ឋទូតកាណាដាប្រចាំកម្ពុជា នាថ្ងៃទី៤ កក្កដា ទេសរដ្ឋមន្រ្តី លី ធុជ បានឲ្យដឹងថា កម្ពុជា និងកាណាដា បានកសាងនូវទំនាក់ទំនងមិត្តភាពយូរអង្វែង និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធ រយៈពេលជិត៧០ឆ្នាំ ក្នុងនោះកាណាដាបានដើរតួនាទី និងរួមចំណែកយ៉ាងសំខាន់ សម្រាប់ដំណើរស្វែងរកសន្តិភាព និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅកម្ពុជា។

ទេសរដ្ឋមន្ដ្រីបន្ដថា កាណាដាក៏បានផ្តល់ការគាំទ្រ ដល់វិស័យពាណិជ្ជកម្ម ការវិនិយោគ សកម្មភាពមីន ការរក្សាសន្តិភាព ការបណ្តុះបណ្តាលវិជ្ជាជីវៈ ជំនួយមនុស្សធម៌ និងកិច្ចសហប្រតិបត្តិការអភិវឌ្ឍជាច្រើន។ កិច្ចសហប្រតិបត្តិការ និងមិត្តភាពរវាងកម្ពុជា និងកាណាដា នឹងបន្តរីកចម្រើនទាំងក្នុងវិស័យទ្វេភាគី និងពហុភាគី ដើម្បីផលប្រយោជន៍រួមសម្រាប់ ប្រជាជននៃប្រទេសទាំងពីរ។

ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ទេសរដ្ឋមន្រ្តី លី ធុជ បានថ្លែងអំណរគុណចំពោះការ គាំទ្ររបស់ប្រទេសកាណាដា ក្នុងវិស័យសកម្មភាពមីនមនុស្សធម៌នៅកម្ពុជា និងជាប្រវត្តិសាស្ត្រ តាមរយៈកម្មវិធីរួមគ្នារបស់អាជ្ញាធរមីន និងអង្គការ UNDP ព្រមទាំងបានប្តេជ្ញាគាំទ្រការងារ បោសសម្អាតមីនឲ្យកម្ពុជាសម្រេច នូវគោលដៅកម្ពុជាគ្មានមីនឆ្នាំ២០២៥។ ទឹកចិត្តសប្បុរសរបស់រដ្ឋាភិបាល និងប្រជាជននៃប្រទេសកាណាដា បានចូលរួមជួយសង្រ្គោះជីវិតមនុស្សជាច្រើន កាត់បន្ថយចំនួនអ្នកស្លាប់ និងបានប្រែក្លាយតំបន់មានមីន ទៅជាតំបន់ផលិតភាព សម្រាប់ការកសាងលំនៅដ្ឋាន សាលារៀន មន្ទីរពេទ្យ ផ្លូវថ្នល់ ស្ពាន កសិកម្ម និងគោលបំណងផ្សេងទៀត។

ទេសរដ្ឋមន្រ្តី គូសបញ្ជាក់ថា «ខ្ញុំសង្ឃឹមយ៉ាងមុតមាំថា ជាមួយនឹងការបន្តជំនួយ និងការរួមចំណែកពីប្រទេសកាណាដា ជាមួយនឹងប្រទេសជាមិត្តដទៃទៀត កម្ពុជាកំពុងស្ថិតនៅលើផ្លូវឆ្ពោះ ទៅសម្រេចបាននូវគោលដៅ កម្ពុជាគ្មានមីននៅឆ្នាំ ២០២៥»៕

To Top