តូក្យូ៖ ប្រតិបត្តិករនៃប្រព័ន្ធកុំព្យូទ័ររបស់កំពង់ផែនេះ បានឲ្យដឹងថា ក្រុម Hacker ដែលមានមូលដ្ឋាននៅក្នុងប្រទេសរុស្ស៊ី បានវាយប្រហារកំពង់ផែ Nagoya ដែលជាកំពង់ផែធំបំផុត របស់ប្រទេសជប៉ុន ដោយការដឹកជញ្ជូនទំនិញសរុប និងទទួលខុសត្រូវក្នុងការគ្រប់គ្រងការនាំចេញ និងការនាំចូលមួយចំនួនរបស់ក្រុមហ៊ុន Toyota Motor Corp ។
សមាគមដឹកជញ្ជូន Nagoya Harbor បានឲ្យដឹងថា ក្រុម LockBit 3.0 បានទាមទារប្រាក់លោះជាថ្នូរនឹង ការស្ដារប្រព័ន្ធឡើងវិញ ខណៈពេលដែលប៉ូលីស បានចាប់ផ្តើមការស៊ើបអង្កេត នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។
ប្រភពពីកំពង់ផែ Nagoya Port Authority បានឲ្យដឹងថា កំពង់ផែនៅភាគកណ្តាលនៃខេត្ត Aichi របស់ប្រទេសជប៉ុន នៅតែមិនអាចលើកឡើង និងដាក់ចុះទូកុងតឺន័រចេញបាននោះទេ ប្រតិបត្តិកររបស់ខ្លួន គឺអាជ្ញាធរកំពង់ផែ Nagoya ដោយបន្ថែមថា ខ្លួនមានបំណងបន្តប្រតិបត្តិការឡើងវិញ នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ។
ការបរាជ័យនៃប្រព័ន្ធនេះ បានកើតឡើងនៅម៉ោងប្រហែល ៦ និង៣០នាទីព្រឹកថ្ងៃអង្គារ នៅពេលដែលបុគ្គលិកម្នាក់មិនអាច ចាប់ផ្តើមកុំព្យូទ័រឲ្យដំណើរការបាន នេះបើយោងតាមអាជ្ញាធរកំពង់ផែ។ ប្រភពដែលដឹងអំពីករណីនេះបានឲ្យដឹងថា សារដែលបង្ហាញថា ប្រព័ន្ធកុំព្យូទ័របានឆ្លងមេរោគ ransomware ត្រូវបានផ្ញើទៅម៉ាស៊ីនបោះពុម្ព។
Ransomware គឺជាមេរោគដែលអ៊ិនគ្រីបទិន្នន័យ និងទាមទារការទូទាត់ជាថ្នូរនឹង ការស្ដារការចូលប្រើប្រាស់ឡើងវិញ។ កំពង់ផែនេះជាមជ្ឈមណ្ឌលនៃការនាំចេញ និងនាំចូលរបស់ Toyota ។ ក្រុមហ៊ុនផលិតរថយន្តបានឲ្យដឹងថា ខ្លួនមិនអាចផ្ទុក ឬដកគ្រឿងបន្លាស់រថយន្តបាននោះទេ ដោយសារបញ្ហានេះ។
ប៉ុន្តែក្រុមហ៊ុនបានបន្ថែមថា រហូតមកដល់ពេលនេះ មិនមានការរំខានដល់ការផលិតរបស់ខ្លួនទេ ហើយការដឹកជញ្ជូនយានយន្ត ដែលបានបញ្ចប់នៅតែមិនមានផលប៉ះពាល់ ដោយសារវាត្រូវបានគ្រប់គ្រង ដោយប្រើប្រព័ន្ធកុំព្យូទ័រផ្សេង។
ក្រុមហ៊ុន Toyota បានឲ្យដឹងទៀតថា “យើងនឹងតាមដានយ៉ាងដិតដល់នូវ ផលប៉ះពាល់ណាមួយលើការផលិត ខណៈពេលដែលពិនិត្យមើលដោយប្រុងប្រយ័ត្ន នូវសារពើភ័ណ្ឌគ្រឿងបន្លាស់” ។
ក្រុមហ៊ុន Toyota បានបញ្ជាក់ថា អ្នកផ្គត់ផ្គង់របស់ខ្លួនរួមមាន Denso Corp., Aisin Corp. និង Toyota Industries Corp. ក៏បានធានានូវចំនួនជាក់លាក់នៃសារពើភ័ណ្ឌ ហើយនឹងមានការប៉ះពាល់តិចតួច ចំពោះការបរាជ័យនៃប្រព័ន្ធខាងលើនេះ ៕
ប្រែសម្រួល ឈូក បូរ៉ា