ព័ត៌មានជាតិ

បទអត្ថាធិប្បាយ៖ ចិន កំពុងចូលរួមយ៉ាងសកម្ម ក្នុងការគាំទ្របណ្តាប្រទេសកំពុងអភិវឌ្ឍន៍ ស្ដារសង្គម-សេដ្ឋកិច្ចឡើងវិញ

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងក្នុងកិច្ចប្រជុំជាន់ខ្ពស់លើកទី ១ នៃវេទិកាស្តីពីសកម្មភាពសកលសម្រាប់ការអភិវឌ្ឍរួម តាមរយៈប្រព័ន្ធវីដេអូ ថ្មីៗនេះថា យើងបាននិងកំពុងងើបចេញពីវិបត្តិជំងឺកូវីដ-១៩, ប៉ុន្តែស្ថានភាពសេដ្ឋកិច្ច និងការអភិឌ្ឍសកល បន្តប្រឈមនឹងបញ្ហាកាន់តែស្មុគស្មាញ និងស្រួចស្រាល់ឡើងៗ ទាំងក្នុងទិដ្ឋភាពសេដ្ឋកិច្ច, សង្គម និង បរិស្ថាន។ សម្តេចតេជោបានបញ្ជាក់ថា ចិនកំពុងចូលរួមយ៉ាងសកម្ម ក្នុងការគាំទ្របណ្តាប្រទេសកំពុងអភិវឌ្ឍន៍ ស្ដារសង្គម-សេដ្ឋកិច្ចឡើងវិញ។

«នៅក្នុងបរិបទខាងលើនេះ យើងបានមើលឃើញយ៉ាងច្បាស់ ពីការចូលរួមយ៉ាងសកម្មរបស់សាធារណរដ្ឋប្រជាមានិតចិន តាមរយៈការជំរុញសមាហរណកម្មតំបន់ និង ការបន្តលើកស្ទួយពហុភាគីនិយម ជាពិសេស ការដាក់ចេញនូវ «គំនិតផ្ដួចផ្ដើមអភិវឌ្ឍន៍សកលនិង គំនិតផ្តួចផ្តើម សន្តិសុខសកល ដោយ ឯកឧត្តមប្រធានាធិបតី ស៊ី ជីនពីង, ដែលបាននិងកំពុងក្លាយជាកម្លាំងចលករដ៏សំខាន់ សម្រាប់គាំទ្រដល់បណ្តាប្រទេសកំពុងអភិវឌ្ឍ ក្នុងការស្ដារសង្គម-សេដ្ឋកិច្ចឡើងវិញ និង ការសម្រេចបាន នូវរបៀបវារៈ ឆ្នាំ២០៣០» ក្នុងនាមជាសង្គមស៊ីវិល ដែលតែងតែបានតាមដានពីកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងចិន លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន បានប្រាប់វិទ្យុមិត្តភាពកម្ពុជា-ចិន កាលពីរសៀលថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣ថា ជាការពិត ដែលមិនអាចប្រកែកបានដែលថា ចិនគឺជាចន្ទុលដ៏សំខាន់ ក្នុងការចូលរួមយ៉ាងសកម្ម ជាមួយបណ្តាប្រទេសកំពុងអភិវឌ្ឍន៍នានា នៅក្នុងការស្តារសង្គម សេដ្ឋកិច្ចឡើងវិញ ដោយសារតែពិភពលោកបានទទួលស្គាល់ថា ចិនមានបទពិសោធន៍ ក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន ឲ្យងើបចាកផុតពីភាពក្រីក្រ ហើយបន្តដំណើរឆ្ពោះទៅលើវិថីទំនើបកម្មសង្គមរបស់ខ្លួន។

«ប្រទេសចិនបានប្រកាន់ខ្ជាប់ នូវសុឆន្ទៈដ៏មោះមុត ក្នុងការសម្រេចបាន នូវកិច្ចកសាងសហគមន៍ ជោគវាសនារួម នៃមនុស្សជាតិ ដែលផ្តោតលើការរួមសុខ រួមទុក្ខជាមួយគ្នា ដែលជាពិសេស ជាមួយបណ្តាប្រទេសកំពុងអភិវឌ្ឍន៍នានា …ប្រទេសចិនបានផ្តួចផ្តើមនូវគំនិតផ្តួចផ្តើមជាច្រើន ដែលជាពិសេស គំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ ដែលមានអាយុកាល ១០ឆ្នាំ គិតដល់ឆ្នាំ២០២៣នេះ កំពុងក្លាយជាយន្តការដ៏សំខាន់ ក្នុងការរួម កម្លាំងសាមគ្គីគ្នា ក្រោមកិច្ចសហប្រតិបត្តិការឈ្នះឈ្នះ យន្តការពហុភាគីនិយម ដែលផ្តល់ប្រយោជន៍ជាច្រើន ដល់ការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន នៅក្នុងបណ្តាប្រទេសកំពុងអភិវឌ្ឍន៍ ដែលក្នុងនោះ រួមមានទាំងកម្ពុជា ដែលជាគំរូភាព និងសាក្ខីភាពបញ្ជាក់ស្រាប់»។

ក្នុងកិច្ចប្រជុំជាន់ខ្ពស់លើកទី ១ នៃវេទិកាស្តីពីសកម្មភាពសកលសម្រាប់ការអភិវឌ្ឍរួម ដែលរៀបចំឡើង នៅថ្ងៃទី៩-១០ ខែកក្កដា ឆ្នាំ ២០២៣ នាពេលនោះដែរ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា នៅក្នុងក្របខណ្ឌទ្វេភាគី, កម្ពុជា និងចិន បានខិតខំលើកកម្ពស់កិច្ចសហប្រតិបត្តិការដល់ កម្រិតកំពូល ក្លាយជាកិច្ចសហប្រតិបត្តិការត្បូងពេជ្រ និង បានដាក់ចេញ នូវសេចក្តីថ្លែងការណ៍រួម ស្តីពីការកសាងសហគមន៍វាសនារួមកម្ពុជា-ចិននៅក្នុងយុគសម័យថ្មី (២០២៤-២០២៨)។

សម្ដេចតេជោ នាយករដ្ឋមន្ត្រី ជឿជាក់ថា ការលើកកម្ពស់កិច្ចសហប្រតិបត្តិការកម្ពុជា-ចិននេះ នឹងបំពេញបន្ថែមដល់គំនិតផ្ដួចផ្ដើម នានា សម្រាប់ការអភិវឌ្ឍសកល ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។
សម្ដេចតេជោ បានបន្តទៀតថា នៅក្នុងបរិការណ៍សកលបច្ចុប្បន្ន ដែលមាននិន្នាការបែកខ្ញែកទៅជាពហុប៉ូល, ការលើកកម្ពស់ការជួយបំពេញឱ្យគ្នាទៅវិញទៅមកសម្រាប់អភិវឌ្ឍន៍ ពិតជាមានភាពចាំបាច់មិនអាចខ្វះបាន តាមរយៈការដាក់ចេញ នូវសកម្មភាពអនុវត្តជាក់ស្ដែងលើការអភិវឌ្ឍមូលធនមនុស្ស, ការកាត់បន្ថយគម្លាតឌីជីថល, ការពង្រឹងច្រវាក់ផ្គត់ផ្គង់ និងផលិតកម្មតំបន់ និង សកល, ការជំរុញការវិនិយោគដោយផ្ទាល់, ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ, ការអភិវឌ្ឍវិស័យហិរញ្ញវត្ថុ និងការអភិវឌ្ឍសេដ្ឋកិច្ចបៃតង និងភាពធន់ទៅនឹងអាកាសធាតុ ព្រមទាំងការគាំទ្រផ្នែកហិរញ្ញប្បទាន ដើម្បីចូលរួមដោះស្រាយ នូវបញ្ហាប្រឈម និងចាប់ឱ្យបាននូវកាលានុវត្តភាពនៅក្នុងប្រទេសនីមួយៗ ។

ជាមួយគ្នានេះ សម្ដេចយល់ថា យើងគប្បីគួរមានក្របខណ្ឌរួមមួយ ដែលគិតគូរលម្អិតអំពីយុទ្ធសាស្ត្រ និងយន្តការសហប្រតិបត្តិការ ជាពិសេស ការរៀបចំផែនការ និង ការផ្គត់ផ្គង់ហិរញ្ញប្បទាន សម្រាប់គម្រោងអាទិភាព នានា សំដៅធានាឱ្យបាន នូវប្រសិទ្ធភាពក្នុងការអនុវត្តគំនិតផ្តួចផ្តើមទាំងនេះ៕ (ដោយ៖ វិទ្យុមិត្តភាពកម្ពុជា-ចិន)

To Top