VILNIUS៖ មេដឹកនាំ នៃអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (ណាតូ) បានបរាជ័យក្នុងការកំណត់ពេលវេលា សម្រាប់ការចូលជាសមាជិកសម្ព័ន្ធភាពរបស់អ៊ុយក្រែន បន្ទាប់ពីថ្ងៃដំបូង នៃកិច្ចប្រជុំកំពូលរបស់អង្គការណាតូ នៅរដ្ឋធានី Vilnius ប្រទេសលីទុយអានី។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយ អគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg បានលើកឡើងថា សម្ព័ន្ធមិត្តបានយល់ព្រមលើកញ្ចប់មួយ នៃធាតុ៣ ដើម្បី “នាំអ៊ុយក្រែន ឱ្យកាន់តែជិតស្និទ្ធជាមួយអង្គការណាតូ” ។ ទោះជាយ៉ាងណាក៏ដោយ លោកបានបំភ្លឺថា ការអញ្ជើញ សម្រាប់អ៊ុយក្រែន ឱ្យចូលរួមក្នុងសម្ព័ន្ធភាពនឹងត្រូវបានចេញ “នៅពេលដែលសម្ព័ន្ធមិត្តយល់ព្រម និងលក្ខខណ្ឌត្រូវបានបំពេញ” ។
ប្រធានាធិបតីអ៊ុយក្រែន លោក វូឡូឌីមៀ ហ្សេឡិនស្គី បានសរសេរថា “វាមិនធ្លាប់មានពីមុនមក ហើយមិនសមហេតុផលនោះទេ នៅពេលដែលពេលវេលាមិនត្រូវបានកំណត់ សម្រាប់ការអញ្ជើញ ឬសម្រាប់សមាជិកភាពរបស់អ៊ុយក្រែន។ ស្របពេលជាមួយគ្នានេះ ពាក្យមិនច្បាស់លាស់អំពី ‘លក្ខខណ្ឌ’ ត្រូវបានបន្ថែម សូម្បីតែសម្រាប់ការអញ្ជើញអ៊ុយក្រែន” ហើយលោកគ្រោងនឹងចូលរួមក្នុងកិច្ចប្រជុំសម្ពោធក្រុមប្រឹក្សាអូតង់-អ៊ុយក្រែនថ្មីនៅថ្ងៃពុធនេះដែរ។
សមាជិកណាតូ ត្រូវបានបែងចែកពីរបៀបនាំអ៊ុយក្រែន ឱ្យខិតទៅជិតប្លុករបស់ខ្លួន ខណៈពេលដែលសមាជិកអឺរ៉ុបខាងកើត មួយចំនួន កំពុងជំរុញឱ្យមានការប្តេជ្ញាចិត្តច្បាស់លាស់មួយអំពីពេលដែលអ៊ុយក្រែន នឹងចូលរួមនោះ សហរដ្ឋអាមេរិក និងអាល្លឺម៉ង់ មានការស្ទាក់ស្ទើរក្នុងការបញ្ជាក់ នេះបើយោងតាមរបាយការណ៍មួយចំនួន។
លោក Stoltenberg បានលើកឡើងថា មេដឹកនាំណាតូ ក៏បានអនុម័ត “ផែនការការពារដ៏ទូលំទូលាយបំផុត ចាប់តាំងពីចុងបញ្ចប់ នៃសង្គ្រាមត្រជាក់” និងបានគាំទ្រផែនការសកម្មភាពការពារជាតិថ្មីមួយ។
នៅក្រោមផែនការថ្មី អង្គការណាតូ មានបំណងចង់ឱ្យកងទ័ពចំនួន ៣០ម៉ឺននាក់ត្រៀមខ្លួនជាស្រេច សម្រាប់សកម្មភាព។ សម្ព័ន្ធមិត្តរបស់អង្គការណាតូ ក៏បានធ្វើ “ការប្តេជ្ញាចិត្តយូរអង្វែង” ក្នុងការវិនិយោគយ៉ាងហោចណាស់ ២ ភាគរយនៃផលិតផលក្នុងស្រុកសរុប (GDP) របស់ពួកគេជារៀងរាល់ឆ្នាំ ក្នុងវិស័យការពារជាតិ ទោះបីជាបន្ទាប់ពី “៩ ឆ្នាំជាប់គ្នានៃការកើនឡើងការចំណាយលើវិស័យការពារជាតិ” ចាប់តាំងពីឆ្នាំ២០១៤ មក មានតែសមាជិក ១១ នាក់ប៉ុណ្ណោះក្នុងចំណោមសមាជិក ៣១ របស់សម្ព័ន្ធភាព បានដល់ ឬលើសពីគោលដៅនេះ។
អ្នករិះគន់អះអាងថា ការសង្កត់ធ្ងន់លើការធ្វើយោធាបែបនេះ ជំរុញឱ្យមានការប្រកួតប្រជែងអាវុធក្នុងចំណោមរដ្ឋជាសមាជិក បង្វែរធនធានឱ្យឆ្ងាយពីការអភិវឌ្ឍន៍សង្គម និងសេដ្ឋកិច្ច និងជះឥទ្ធិពលអវិជ្ជមានដល់គុណភាពជីវិតរបស់ប្រជាពលរដ្ឋ។
អ្នកជំនាញស៊ុយអែតលោក Jan Oberg បានឲ្យដឹងថា ការសន្យារបស់អង្គការណាតូ ក្នុងការស្នើសុំឱ្យសមាជិករបស់ខ្លួនវិនិយោគអប្បបរមា ២ ភាគរយ នៃផលិតផលក្នុងស្រុកសរុបប្រចាំឆ្នាំ លើវិស័យការពារជាតិ គឺ “មិនសមហេតុផល” ។
លោក Oberg បន្ថែមថា ថវិកាយោធា “គួរតែត្រូវបានសម្រេចដោយយោងទៅតាមការវិភាគការគំរាមកំហែងដ៏ទូលំទូលាយមួយ អមដោយការពិភាក្សាជាអាទិភាព ហើយមិនត្រូវជាប់ទាក់ទងនឹងការឡើងចុះនៃសេដ្ឋកិច្ចរបស់ប្រទេសណាមួយឡើយ”។
លោក Oberg នាយក នៃមូលនិធិឆ្លងដែន សម្រាប់សន្តិភាព និងការស្រាវជ្រាវអនាគតបានឲ្យដឹងថា “អ្វីដែលយើងកំពុងឃើញ គឺការរីករាលដាល លទ្ធិនិយមផ្តាច់មុខ ដែលមិនខ្វល់ពីភាគីម្ខាងទៀត ឬអំពីផលវិបាក នៃគោលនយោបាយបង្កហេតុរបស់ខ្លួន” ៕ ប្រែសម្រួល ឈូក បូរ៉ា