វីលនីញូស៖ កិច្ចប្រជុំកំពូល រយៈពេល ២ថ្ងៃរបស់អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (ណាតូ) បានបញ្ចប់នៅទីក្រុងវីលនីញូស ចំពេលមានការបែកបាក់គ្នា ក្នុងចំណោមសមាជិក និងការរិះគន់ពីសហគមន៍អន្តរជាតិ។
ក្នុងអំឡុងពេលកិច្ចប្រជុំកំពូល តួកគី បានបើកភ្លើងខៀវឱ្យស៊ុយអែត ចូលទៅក្នុងប្លុកយោធា ហើយអង្គការណាតូ បានអនុម័ត “ផែនការការពារដ៏ទូលំទូលាយបំផុតរបស់ខ្លួន ចាប់តាំងពីចុងបញ្ចប់នៃសង្គ្រាមត្រជាក់” ខណៈពេលដែលសន្យាថា នឹងផ្តល់ការគាំទ្ររយៈពេលវែងបន្ថែមទៀតដល់អ៊ុយក្រែន ទោះបីជាមានសម្ព័ន្ធភាពក្នុងតំបន់រវាងអឺរ៉ុប និងអាមេរិកខាងជើងក៏ដោយ ក៏អង្គការណាតូ បានអញ្ជើញមេដឹកនាំមួយចំនួនមកពីតំបន់អាស៊ីប៉ាស៊ីហ្វិក មកចូលរួមកិច្ចប្រជុំកំពូលនេះ។
ទោះជាយ៉ាងណាក៏ដោយ កិច្ចខិតខំប្រឹងប្រែងជាក់ស្តែងកាន់តែ ខ្លាំងឡើងរបស់សហរដ្ឋអាមេរិក ក្នុងការពង្រឹងការគ្រប់គ្រងរបស់ខ្លួន លើអឺរ៉ុប តាមរយៈអង្គការណាតូ និងការដាក់សម្ពាធលើប្រទេសរុស្ស៊ី បានធ្វើឱ្យមានការព្រួយបារម្ភ។ ក្រុមអ្នកសង្កេតការណ៍ភ័យខ្លាចការប៉ុនប៉ងរបស់ណាតូ ក្នុងការទម្លុះទីតាំងភូមិសាស្ត្រអាត្លង់ទិកខាងជើងរបស់ខ្លួន និងការជ្រៀតជ្រែកក្នុងសន្តិសុខអាស៊ីប៉ាស៊ីហ្វិក អាចនាំឱ្យមានអស្ថិរភាពអន្តរជាតិ និងតំបន់កាន់តែច្រើន។
យោងតាមសេចក្តីថ្លែងការណ៍របស់ខ្លួន ដែលបានចេញផ្សាយនៅចុងបញ្ចប់នៃកិច្ចប្រជុំកំពូល ណាតូ បានអនុវត្តផែនការការពារតំបន់ជំនាន់ថ្មី ដែលផ្អែកលើផែនការយុទ្ធសាស្ត្រ និងដែនជាក់លាក់ ដែលមានស្រាប់ ដោយគោលបំណងនៃផែនការថ្មីនេះ គឺដើម្បីឱ្យមានកងទ័ពចំនួន ៣០ម៉ឺន នាក់ ដែលបានរៀបចំយ៉ាងពេញលេញ សម្រាប់សកម្មភាព។
សេចក្តីថ្លែងការណ៍ក៏បានស្វាគមន៍ ចំពោះ “កិច្ចខិតខំប្រឹងប្រែង ដែលកំពុងបន្តដោយសម្ព័ន្ធមិត្ត ដើម្បីបង្កើនវត្តមានរបស់ពួកគេនៅលើផ្នែកខាងកើតរបស់ណាតូ” ហើយសមាជិកណាតូបានប្តេជ្ញាចិត្តក្នុងការវិនិយោគអប្បបរមា ២ ភាគរយនៃផលិតផលក្នុងស្រុកសរុប (GDP) របស់ពួកគេជារៀងរាល់ឆ្នាំក្នុងវិស័យការពារជាតិ ដោយបង្ហាញពីការយកចិត្តទុកដាក់យូរអង្វែង ចំពោះការចំណាយលើវិស័យការពារជាតិ។
អ្នកវិភាគព្រមានថា ការពង្រីករបស់អង្គការណាតូ និងការឆ្លើយតបរបស់ខ្លួនចំពោះបញ្ហារុស្ស៊ី-អ៊ុយក្រែន អាចបង្កគ្រោះថ្នាក់ដល់សន្តិសុខពិភពលោក ដោយបង្កឱ្យមានការផ្លាស់ប្តូរសេដ្ឋកិច្ចសង្គម និងនយោបាយសំខាន់ៗ។
លោក Dmitry Medvedev អនុលេខាក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី បានឲ្យដឹងថា ការកើនឡើងជំនួយយោធាដល់អ៊ុយក្រែន ដោយអង្គការណាតូកំពុងនាំសង្គ្រាមលោកលើកទី៣ កាន់តែខិតជិត។
អ្នករិះគន់ក៏ប្រកែកថា អត្ថិភាព និងឥទ្ធិពលរបស់អង្គការណាតូ អាចនឹងធ្វើឱ្យខូចដល់ស្ថានភាពមិនចូលបក្សសម្ព័ន្ធ និងអព្យាក្រឹតនៃប្រទេសមួយចំនួន។ ពួកគេជំទាស់ថា សមាជិកភាពណាតូ ដាក់កម្រិតលើជម្រើស គោលនយោបាយការបរទេស និងឯករាជ្យភាពរបស់រដ្ឋ ដែលចូលចិត្តរក្សាជំហរអព្យាក្រឹតក្នុងជម្លោះអន្តរជាតិ៕
ប្រែសម្រួល ឈូក បូរ៉ា