បរទេស ៖ លោក Phumtham Wechayachai ដែលអនុប្រធាន គណបក្សភឿថៃ និងជាដៃគូសម្ព័ន្ធមិត្តបក្សចម្រុះ បាននិយាយថា មេដឹកនាំគណបក្ស ឆ្ពោះទៅមុខ ឬ Move Forward គឺលោក Pita Limjaroenrat ដែលជាបេក្ខជន នាយករដ្ឋមន្ត្រី គួរតែមានភាពប្រាកដប្រជា អំពីលទ្ធផល នៃការបោះឆ្នោតជុំទីពីរ សម្រាប់តំណែងនាយករដ្ឋមន្ត្រី ។
យោងតាមសារព័ត៌មានថៃ The Nation ចេញផ្សាយកាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣ បានឱ្យដឹងថា ការអត្ថាធិប្បាយនេះ ត្រូវបានគេមើលឃើញថា ជាការបង្ហាញពីការផ្លាស់ប្តូរ ដែលអាចកើតមាន ចំពោះការបង្កើតក្រុមចម្រុះ ដែលដឹកនាំដោយគណបក្សឆ្ពោះទៅមុខ ។
លោក Phumtham បានធ្វើអត្ថាធិប្បាយបែបនេះ ទៅកាន់អ្នកសារព័ត៌មាន នៅមុនកិច្ចប្រជុំនៃដៃគូសម្ព័ន្ធអនាគត ទាំងប្រាំបីកាលពីថ្ងៃច័ន្ទ។
កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅលោក Pita បានបរាជ័យក្នុងការឈ្នះសំឡេងឆ្នោតឱ្យបានគ្រប់ចំនួន ៣៧៥ ដែលតម្រូវឲ្យកាន់តំណែងនាយករដ្ឋមន្ត្រី ខណៈសមាជិកព្រឹទ្ធសភាតែ ១៣ នាក់ប៉ុណ្ណោះបានបោះឆ្នោតគាំទ្រលោក ។ ទោះបីជាសមាជិកសភាទាំង ៣១២ រូបនៃក្រុមចម្រុះ ដែលមានសក្តានុពល បានបោះឆ្នោតគាំទ្រ លោកក៏ដោយ ក៏លោក Pita នៅតែខ្វះសំឡេងគាំទ្រ ដដែល។
ចំពោះការជំរុញរបស់លោក Pita ក្នុងការធ្វើវិសោធនកម្មមាត្រា ២៧២ ត្រូវបានលោក Phumtham ដែលជាអនុប្រធានបក្សភឿថៃ និយាយថា ការប៉ុនប៉ងនេះវារឹតតែតឹងរ៉ឹង ជាងការឈ្នះតំណែង នាយករដ្ឋមន្ត្រីទៅទៀត។
មាត្រា ២៧២ នៃរដ្ឋធម្មនុញ្ញ តម្រូវថា ក្នុងរយៈពេល ៥ ឆ្នាំដំបូង នៃការចូលជាធរមាននៃធម្មនុញ្ញ នាយករដ្ឋមន្ត្រីត្រូវតែត្រូវ បានជ្រើសរើសដោយសំឡេង ភាគច្រើនសាមញ្ញនៅក្នុងសភារួម ។
លោក Phumtham បាននិយាយទៀតថា ដើម្បីជាប់ឆ្នោតជានាយករដ្ឋមន្ត្រី លោក Pita ត្រូវការសំឡេង ៦៤ថែមទៀត ពីសមាជិកព្រឹទ្ធសភា ប៉ុន្តែដើម្បីធ្វើវិសោធនកម្មធម្មនុញ្ញ ប្លុកនេះនឹងត្រូវការ រហូតដល់ ៨៤សំឡេងពីសមាជិកព្រឹទ្ធសភា ខណៈដែលសមាជិកសភា នៅខាងក្រៅប្លុកប្រាកដ ជាមិនគាំទ្រនោះទេ ៕
ប្រែសម្រួលៈ ណៃ តុលា