ព័ត៌មានអន្តរជាតិ

ក្រុមអ្នកស្រាវជ្រាវបន្ទុះភ្នំភ្លើងហ្វីលីពីន អំពាវនាវឲ្យមានការប្រុងប្រយ័ត្ន ដោយសារព្យុះត្រូវពិចមួយនឹងបោកបក់យ៉ាងខ្លាំង

រូបភាពពី៖​ XINHUA

ម៉ានីល៖ ទីភ្នាក់ងារចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ថា នៅថ្ងៃសុក្រនេះ ក្រុមអ្នកស្រាវជ្រាវភ្នំភ្លើងហ្វីលីពីន បានអំពាវនាវឱ្យមានការប្រុងប្រយ័ត្ន ព្រោះថា នឹងមានព្យុះត្រូពិចមួយខិតជិតមកដល់ ដែលអាចនឹងវិវត្តន៍ទៅជាព្យុះទីហ្វុងដ៏ខ្លាំងក្លាមួយ និងធ្វើឱ្យមានភ្លៀងធ្លាក់ចុះយ៉ាងខ្លាំង នៅតំបន់ក្បែរភ្នំភ្លើងដែលកំពុងផ្ទុះនៅភាគអាគ្នេយ៍នៃទីក្រុងម៉ានីល ។

រដ្ឋបាលសេវាកម្មបរិយាកាស ភូគព្ភសាស្ត្រ និងតារាសាស្ត្រហ្វីលីពីន ហៅកាត់ថា (PAGASA) បានព្រមានថា ព្យុះត្រូពិចនឹងនាំមកនូវភ្លៀងធ្លាក់ចុះយ៉ាងខ្លាំងចាប់ពីថ្ងៃអាទិត្យ ដោយបង្កឲ្យមានគ្រោះទឹកជំនន់ និងគ្រោះបាក់ដីកើតឡើង ។

ដោយសារករណីនេះហើយ វិទ្យាស្ថានភ្នំភ្លើង និងរញ្ជួយដីហ្វីលីពីន “បានផ្តល់អនុសាសន៍យ៉ាងមុតមាំ” នៅថ្ងៃសុក្រនេះថា អ្នកស្រុកនៅជើងភ្នំភ្លើង Mayon នៅក្នុងខេត្ត Albay ដែលស្ថិតនៅចម្ងាយប្រហែល៥០០គីឡូម៉ែត្រនៅភាគអាគ្នេយ៍នៃទីក្រុងម៉ានីល “ត្រូវប្រុងប្រយ័ត្ន និងត្រៀមខ្លួនជាស្រេច” ។

វិទ្យាស្ថានខាងលើនេះបានឲ្យដឹងថា ភ្លៀងធ្លាក់ចុះយ៉ាងខ្លាំងដែលអូសបន្លាយពេលយូរអាចបង្កឱ្យមានលំហូរ នៃផេះ និងកម្ទេចកម្ទីបក់ចេញពីភ្នំភ្លើងដែលបានចាប់ផ្តើមផ្ទុះកាលពីថ្ងៃទី៨ ខែមិថុនាកន្លងមកនេះ ។

វិទ្យាស្ថានដដែលនេះក៏បានព្រមានដោយជំរុញឱ្យអាជ្ញាធរខេត្ត “ផ្លាស់ទីអ្នកស្រុកទៅទីទួលខ្ពស់ ប្រសិនបើភ្លៀងធ្លាក់ចុះយ៉ាងខ្លាំង” មែននោះ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top