ព័ត៌មានអន្តរជាតិ

Update: លោក វ៉ាង យី ឡើងកាន់តំណែងជា រដ្ឋមន្រ្តីការបរទេសចិន ជាថ្មីម្ដងទៀត

ប្រភព៖Xinhua

ប៉េកាំង៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ របស់ប្រទេសនេះ បានឲ្យដឹងថា រដ្ឋមន្ត្រីការបរទេសចិន Qin Gang ត្រូវបានដកចេញ ពីមុខតំណែង​ ហើយអ្នកការទូតកំពូលលោក វ៉ាង យី ត្រូវបានបញ្ចូលក្នុង សម័យប្រជុំសភាឡើងវិញ កាលពីថ្ងៃអង្គារ ក្នុងសកម្មភាពមិនធម្មតាមួយ ដែលអាចផ្តល់ផលប៉ះពាល់ ដល់មេដឹកនាំលោក ស៊ី ជីនពីង ។

លោក Qin ដែលត្រូវបានគេមើលឃើញថា ត្រូវបានជ្រើសរើស ដោយលោក ស៊ី ជីនពីង ឱ្យធ្វើជារដ្ឋមន្ត្រីការបរទេស កាលពីខែធ្នូមុននោះ បានបាត់ខ្លួនពីទិដ្ឋភាព សាធារណៈកាលពីចុងខែមិថុនា ដោយជំរុញឱ្យមានការរំពឹង ទុកអំពីសុខភាព របស់លោក ។

ក្រសួងការបរទេសបានលើកឡើងពី “ហេតុផលសុខភាព” ដែលមិនបានបញ្ជាក់ច្បាស់លាស់ក្នុងការពន្យល់ពីមូលហេតុ ដែលលោក Qin រំលងសន្និសីទអន្តរជាតិ នាពេលថ្មីៗនេះ ប៉ុន្តែទីភ្នាក់ងារសារព័ត៌មានស៊ិនហួ ផ្លូវការមិនបានរាយការណ៍ អំពីហេតុផល សម្រាប់ការដកលោកចេញ នោះទេ ដែលបានអនុម័ត កាលពីថ្ងៃអង្គារនៅក្នុង សម័យប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ នៃសភាប្រជាជនជាតិ។

បន្ទាប់ពីត្រូវបានជ្រើសរើស ជាសមាជិកនៃគណៈកម្មាធិការមជ្ឈិមទី ២០ របស់បក្សកុម្មុយនិស្ត ដែលកំពុងកាន់ អំណាចកាលពីខែតុលាឆ្នាំមុន លោក Qin អាយុ ៥៧ ឆ្នាំបានស្នងតំណែងលោក វ៉ាង យី អាយុ ៦៩ ឆ្នាំដែលបានបម្រើការជារដ្ឋមន្ត្រីការបរទេសចាប់តាំងពីឆ្នាំ២០១៣។ ក្នុងខែមីនាឆ្នាំនេះ អតីតឯកអគ្គរដ្ឋទូតប្រចាំសហរដ្ឋអាមេរិក ត្រូវបានតម្លើងឋានៈជា ទីប្រឹក្សារដ្ឋ។

គេ​នៅ​មិន​ទាន់​ដឹង​ថា​តើលោក Qin ត្រូវ​បាន​ដក​ចេញ​ពី​ឋានៈ​ជា​ទីប្រឹក្សា​រដ្ឋ​របស់លោក ​ឬ​យ៉ាង​ណា។ ការបង្ហាញខ្លួន ជាសាធារណៈចុងក្រោយ របស់លោក Qin គឺនៅថ្ងៃទី២៥ ខែមិថុនា នៅពេលដែលលោក បានជួបពិភាក្សា ជាមួយរដ្ឋមន្ត្រី ការបរទេស នៃប្រទេសស្រីលង្កា និងវៀតណាម ព្រមទាំងអនុរដ្ឋមន្ត្រី ការបរទេសរុស្ស៊ីផងដែរ។

បន្ទាប់ពីកាសែតហុងកុង មួយបានរាយការណ៍ថា លោក Qin បានឆ្លងជំងឺកូវីដ-១៩ ប្រព័ន្ធផ្សព្វផ្សាយតៃវ៉ាន់បានឲ្យដឹងថា លោកត្រូវបានសួរអំពីទំនាក់ទំនងស្នេហា ក្រៅឆាកជាមួយអ្នកកាសែតចិន ដោយគណៈកម្មាធិការកណ្តាល សម្រាប់ការត្រួតពិនិត្យវិន័យ របស់បក្សកុម្មុយនិស្ត។

ក្រសួងការបរទេសមិនបានផ្តល់ ការពន្យល់លម្អិតអំពីអវត្តមានយូររបស់លោក Qin នោះទេ។ នៅក្នុងសន្និសីទសារព័ត៌មាន នៅរសៀលថ្ងៃអង្គារ អ្នកនាំពាក្យលោកស្រី Mao Ning បានបញ្ជាក់ម្តងហើយម្តងទៀតថា លោកស្រី “មិនមានព័ត៌មាន ណាមួយ ដែលត្រូវផ្តល់ជូន” ហើយបានអះអាងថា សកម្មភាពការទូត របស់ប្រទេសចិន “កំពុងដំណើរការទៅមុខជាលំដាប់” សូម្បីតែនៅក្នុងអវត្តមាន របស់រដ្ឋមន្ត្រីក៏ដោយ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top