ព័ត៌មានជាតិ

អាជ្ញាធរជាតិអប្សរា មានគម្រោងស្ដារស្រះទឹក២ នៅភាគខាងកើត ឈៀងខាងជើងប្រាសាទបាយ័ន

រូបភាពពីហ្វេសប៊ុក អាជ្ញាធរជាតិអប្សរា

ភ្នំពេញ ៖ ក្រុមការងារ របស់នាយកដ្ឋាន អភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា កំពុងតែខិតខំប្រឹងប្រែងរុះរើផ្ទាំងថ្ម នៃប្រាសាទ បុរាណចំនួនច្រើនម៉ឺន ដុំចេញពីគំនរ ដែលធ្លាប់តែធ្លាក់ នៅក្នុងស្រះទឹកនាភាគខាងកើត ឈៀងខាងជើង នៃប្រាសាទបាយ័ន ដើម្បីផ្លាស់ប្ដូរ ទៅកាន់ទីតាំងថ្មីមួយផ្សេងទៀត ។

រូបភាពពីហ្វេសប៊ុក អាជ្ញាធរជាតិអប្សរា

បើតាមគេហទំព័រហ្វេសប៊ុកអាជ្ញាធរជាតិអប្សរា នាថ្ងៃ២៧ កក្កដា បុគ្គលិកបច្ចេកទេសនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យានៃអាជ្ញាជាធរជាតិអប្សរា លោកស្រី ទឹម ធីតា មានប្រសាសន៍ថា «ការរុះរើបំណែកថ្ម នៃប្រាសាទបុរាណចេញពីស្រះទឹកនេះ គឺក្នុងបំណងរៀបចំ សណ្តាប់ធ្នាប់គំនរថ្ម និងដឹកជញ្ជូន ទៅរក្សា ទុកនៅទីតាំង សមស្រប ។ ម្យ៉ាងទៀត ដើម្បីលើកតម្លៃ នឹងស្តារស្រះទឹកទាំង២ នៅភាគខាងកើត ប្រាសាទបាយ័នឡើងវិញ ឲ្យដូចទៅនឹង អត្តសញ្ញាណដើម និងទម្រង់ស្ថាបត្យកម្មដើមនៃប្រាសាទបាយ័នទាំងមូលផង»។

លោកស្រីបន្ដថា គំនរថ្ម នៃប្រាសាទបុរាណនេះ មួយផ្នែកធ្លាប់បានប្រមូល ក្នុងបរិវេណរួតទី៣ និងនៅរោងទងទី១ នៃប្រាសាទបាយ័ន ដោយអ្នកអភិក្ស ជនជាតិបារាំង កាលពីចន្លោះឆ្នាំ១៩១៩-១៩៣០ម្ដងមកហើយ ។ ក្រុមអ្នកជំនាញឲ្យដឹងថា ថ្មប្រាសាទបុរាណភាគច្រើន ដែលធ្លាក់ជាគំនរ នៅក្នុងស្រះទឹកនា ភាគខាងកើតឈៀង ខាងជើង នៃប្រាសាទបាយ័ននោះ ជាប្រភេទថ្មដំបូល ៥០ភាគរយ ក្រៅពីនេះមាន ថ្មហោជាង ធ្នឹម សសរ ថ្មកំពូលព្រហ្ម ខឿន និង ថ្មចម្លាក់តូចៗ ដែលបានបាក់បែកមុខជាដើម។ ស្ថានភាពថ្មមុនពេលរើ គឺមានសភាពនៅរាយប៉ាយគរគ្នា និងគុណភាពថ្មឃើញ នៅល្អភាគច្រើន ។

រូបភាពពីហ្វេសប៊ុក អាជ្ញាធរជាតិអប្សរា

លោកស្រីថា ដំណាក់កាលដំបូង ក្រុមការងារនឹងរើគំនរថ្មយកទៅដាក់ នៅបរិវេណមុខប្រាសាទសិន បន្ទាប់ពីរើថ្មអស់ហើយ គឺក្រុមការងារនឹងត្រូវ បែងចែកប្រភេទថ្មថា មួយណាជាប្រភេទថ្មដំបូល ថ្មណាជាសសរ ដោយត្រូវយកទៅដាក់នៅផ្នែកខាងជើង នៃប្រាសាទបាយ័ន។ រហូតមកដល់ពេលនេះ ក្រុមការងារនៃអាជ្ញាធរជាតិអប្សរាបានរើផ្ទាំងថ្ម នៃប្រាសាទបុរាណទៅដាក់នៅផ្នែកខាងជើងនៃប្រាសាទបាយ័ន បានចំនួនប្រហែលជាង៤ពាន់ដុំហើយ។

រូបភាពពីហ្វេសប៊ុក អាជ្ញាធរជាតិអប្សរា

សូមបញ្ជាក់ថា ក្រុមការងារ បានសន្និដ្ឋានថា ថ្មប្រាសាទបុរាណ ដែលគេត្រូវរើចេញ ពីគំនរទាំងអស់មានប្រហែល២ម៉ឺនដុំ។ ការងាររុះរើផ្ទាំងថ្ម នៃប្រាសាទបុរាណចេញពីគំនរ ដែលធ្លាប់តែនៅក្នុងស្រះទឹកនាភាគខាងកើតឈៀងខាងជើងនៃប្រាសាទបាយ័ន បានចាប់ផ្តើមតាំងពីដើមឆ្នាំ២០២៣ ដោយដំណាក់កាលដំបូងចាប់ផ្តើមពីការសិក្សាស្វែងរកឯកសារ ការសម្រង់ប្លង់ ថតរូបស្ថានភាពថ្មមុនពេលរើ ហើយក៏គ្រោងនឹងបញ្ចប់នៅខែសីហា ឬខែកញ្ញា ខាងមុខនេះ ៕

To Top