ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងថា សម្រាប់រាជរដ្ឋាភិបាលនីតិកាលទី៧នេះ ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ដែលមានសមាសភាពពីគណបក្សនយោបាយនានា គឺនៅរក្សាដដែល ដើម្បីបន្តអភិវឌ្ឍប្រទេសជាតិ ក្នុងស្មារតីបង្រួបបង្រួមជាតិផងដែរ។
តាមរយៈសារសំឡេង នាថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៣ បានឲ្យដឹងថា កម្ពុជាមានតម្រូវការក្នុងការប្រមូលធាតុចូល នៃបណ្ដាគណបក្សនយោបាយទាំងអស់ ដើម្បីចូលរួមក្នុងការកសាងប្រទេស។ សម្ដេច ថា ក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ក៏នឹងត្រូវឱ្យមាន ក្នុងនិតិកាលទី៧ ជាបន្តទៀត។
សម្ដេច គូសបញ្ជាក់ថា «យើងពិតជាមានតម្រូវការ ដើម្បីប្រមូលនូវធាតុចូលទាំងអស់ នៃបណ្តាបក្សនយោបាយ បើទោះបីបក្សនយោបាយមានសន្លឹកឆ្នោត មានអាសនៈក្នុងសភា ឬគណបក្សនយោបាយគ្មានអាសនៈនៅក្នុងសភា ដើម្បីចូលរួមក្នុងការកសាងប្រទេសជាតិ។ ក្នុងន័យនេះឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ក៏នឹងត្រូវរៀបចំឱ្យមាន នៅក្នុងនីតិកាលទី៧ ជាបន្តទៀត»។
សម្តេច បន្តថា បើយោងតាមព្រះរាជក្រឹត្យអាណត្តិ របស់ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ក៏នឹងចប់នៅពេលដែលរាជរដ្ឋាភិបាល ត្រូវបានបញ្ចប់អាណត្តិ ហើយរាជរដ្ឋាភិបាលថ្មី ក៏នឹងត្រូវធ្វើព្រះរាជក្រឹត្យ ដើម្បីដាក់ឲ្យដំណើរការ នៅក្រុមប្រឹក្សាប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ហើយនៅពេលនោះ លក្ខខណ្ឌផ្សេងៗ ក៏នឹងត្រូវបានលើកឡើងក្នុងព្រះក្រឹត្យនោះដែរ។
សម្តេច បន្ថែមថា ការរៀបចំឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ សម្រាប់នីតិកាលទី៧នេះ គឺដូចនីតិកាលទី៦ដែរ ក្នុងនោះរួមមាន ៖ ប្រធានប្រតិភូ អនុប្រធានប្រតិភូ និងមានលេខាធិការ ដូច្នេះក្នុងគណបក្សនយោបាយមួយ គឺត្រូវមានឥស្សរជន ៣រូប ក្នុងការចូលរួមផងដែរ។
សម្ដេច បានឲ្យដឹងថា ចំពោះលទ្ធភាពដែលបើកឲ្យគណបក្សនយោបាយដែលមិនបានចូលរួមការបោះឆ្នោត ប៉ុន្ដែបានចុះបញ្ជីនៅក្នុងក្រសួងមហាផ្ទៃ អាចចូលរួមក្នុងឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់បានផងដែរ។ ប៉ុន្ដែរឿងនេះទុកលទ្ធភាពជូនរាជរដ្ឋាភិបាលថ្មី នាយករដ្ឋមន្រ្ដីថ្មី ធ្វើសេចក្ដីសម្រេច ដើម្បីស្នើសុំព្រះរាជក្រឹត្យបង្កើតឲ្យមាន ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់បានសម្រាប់នីតិកាលទី៧នេះ។
សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ទៀតថា «សូមគណបក្សនយោបាយដែលធ្លាប់បានចូលរួម នៅក្នុងប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ នីតិកាលទី៦ មានការនឹងន អំពីការរៀបចំបន្ត។ ឯចំពោះគណបក្សនយោបាយ ដែលមិនបានចូលរួមការបោះឆ្នោត ប៉ុន្តែមានការចុះឈ្មោះស្របច្បាប់នៅក្រសួងមហាផ្ទៃ អាចនឹងត្រូវបានចូលរួមយ៉ាងណានោះ គឺទុកលទ្ធភាពជូនចំពោះនាយករដ្ឋមន្ត្រីថ្មី និងរាជរដ្ឋាភិបាលថ្មី ដើម្បីគិតគូររឿងនេះ យើងចង់ប្រមូលផ្តុំធនធានមនុស្ស ធនធានខួរក្បាលដើម្បីបន្តការអភិវឌ្ឍប្រទេស បន្ថែមលើនោះក៏ជាស្មារតីបង្រួបបង្រួមជាតិមួយ ឆ្ពោះទៅរកអនាគតដ៏រុងរឿង»។
សូមរំលឹកថា ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ត្រូវបានបង្កើតឡើងតាមព្រះរាជក្រឹត្យចុះថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៨ ដោយមានការស្នើសុំរបស់ សម្តេចតេជោ ហ៊ុន សែន ក្រោយពេលបោះឆ្នោតជាតិអាណត្តិទី៦។ ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ មានសមាសភាពមកពីគណបក្សយោបាយចំនួន១៦ ក្នុងចំណោមគណបក្សនយោបាយចំនួន២០ ដែលបានចូលរួមការបោះឆ្នោត។ ស្ថាប័ននេះ មានតួនាទីផ្តល់យោបល់ជូនរាជរដ្ឋាភិបាលក្រៅក្របខណ្ឌសភា ក្នុងគោលដៅលើកស្ទួយប្រសិទ្ធភាពការងារ ដើម្បីជាប្រយោជន៍ដល់ការបម្រើសេវាប្រជាជន និងការអភិវឌ្ឍសង្គមប្រកបដោយសក្តានុពល៕