ព័ត៌មានជាតិ

លោកបណ្ឌិត កៅ ថាច ដឹកនាំកិច្ចប្រជុំដាក់ចេញវិធានការពង្រឹងការផលិត និងការនាំចេញស្រូវអង្ករ

រូបភាព៖ ARDB

ភ្នំពេញ៖ នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៣ នាខេត្តបាត់ដំបង លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងមានការចូលរួមពីតំណាងសហព័ន្ធស្រូវអង្ករកម្ពុជា ( CRF) បានអញ្ជើញដឹកនាំ កិច្ចប្រជុំជាមួយម្ចាស់រោងម៉ាស៊ីនកិនស្រូវ និងម្ចាស់ក្រុមហ៊ុននាំចេញអង្ករដើម្បីពង្រឹងសាមគ្គីភាព និងដាក់ចេញវិធានការនានាដើម្បីពង្រឹងការផលិត ការនាំចេញអង្ករអោយបានគ្រប់ផែនការ១លានតោន និង ដើម្បីអោយមានស្ថេរភាព តុល្យភាព និងការពារអោយបាន នូវវិបត្តិសន្តិសុខស្បៀង ដែលអាចកើតមានជាយថាហេតុ នៅកម្ពុជា។
ក្នុងឱកាស នៃកិច្ចប្រជុំនេះលោកបណ្ឌិត បានធ្វើការកត់សំគាល់ចំនួន៣ ចំណុច ជូនដល់សមាជិកអង្គប្រជុំទាំងអស់ ៖
១.ស្ថានភាពនៃប្រភេទពូជស្រូវដែលកំពុងពេញនិយមដាំដុះដោយកសិករ និង សហគមន៍កសិកម្ម តាមតំបន់ដូចជាប្រភេទស្រូវសែនក្រអូប ស្រង៉ែ ជាដើម បញ្ហាប្រឈមនានាដូចជាការប្រែប្រួលអាកាសធាតុដែលអាចប៉ះពាល់ដល់ទិន្នផលនារដូវកាលប្រមូលផលខាងមុខ។
២.រោងម៉ាស៊ីនកិនស្រូវ និងក្រុមហ៊ុននាំចេញ មេត្តាត្រៀមប្រមូលទិញស្រូវពីកសិករនារដូវប្រមូលផលខាងមុខ ពង្រឹងនិងពង្រីកការកែច្នៃអង្ករនិងពិនិត្យលទ្ធភាពផ្សារភ្ជាប់ជាមួយសហគមន៍ផលិតស្រូវចំណីដើម្បីនាធាបាននូវគុណភាព តម្លៃទីផ្សារ និងបរិមាណផ្គត់ផ្គង់សម្រាប់ការនាំចេញ។
៣. រោងម៉ាស៊ីនកិនស្រូវ និងក្រុមហ៊ុននាំចេញ សហការ និងរួបរួមគ្នាដោះស្រាយបញ្ហាប្រឈមនានា ផ្តល់ព័ត៌មានឲ្យគ្នានូវការវិវឌ្ឍនៃវិស័យស្រូវអង្ករក្នុងតំបន់ និងអន្តរជាតិ តាមរយះវេទិការជួបជុំគ្នាជាប្រចាំ ដោយក្នុងនោះ លោកបណ្ឌិត ស្នើឱ្យមានការជួបជុំ មួយខែម្តងៗ ដើម្បីដោះស្រាយបញ្ហានានា ជាមួយគ្នា៕

To Top