ព័ត៌មានជាតិ

អគ្គលេខាធិការព្រឹទ្ធសភា​ ណែនាំនិស្សិតជ័យលាភី អាហារូបករណ៍JDS​ ផ្សព្វផ្សាយពីការ អភិវឌ្ឍ របស់ប្រទេស​កម្ពុជា

ភ្នំពេញ​ ៖​ លោក​ អ៊ុំ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា បានណែនាំដល់ក្រុមនិស្សិត ជ័យលាភី អាហារូបករណ៍ JDS ត្រូវគោរពច្បាប់ប្រទេស ច្បាប់សាលា ឲ្យបានខ្ជាប់ខ្ជួន ដើម្បីបង្ហាញអំពីសេចក្តីថ្លៃថ្នូរ ក្នុងនាមជាកូនខ្មែរ ឲ្យក្រុមនិស្សិតមកពីបណ្តា ប្រទេសនានា បានឃើញ ព្រមទាំងផ្សព្វផ្សាយ អំពីសភាពការណ៍ថ្មីៗ ការអភិវឌ្ឍថ្មីៗ របស់ប្រទេសកម្ពុជា បច្ចុប្បន្ន ដើម្បីទាក់ទាញឲ្យពួកគាត់មកធ្វើទេសចរនៅប្រទេសកម្ពុជា។

ការណែនាំនេះ ធ្វើ​ឡើង​ក្នុងឱកាស ដែលលោក អ៊ុំ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា តំណាងដ៏ខ្ពង់ខ្ពស់ របស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យបេក្ខភាពជ័យ លាភីអាហារូបករណ៍ ក្រោមជំនួយឥតសំណង​របស់រាជរដ្ឋាភិបាលជប៉ុន សម្រាប់ការអភិវឌ្ឍធនធានមនុស្ស (Japanese Human Resource Development Project) ហៅកាត់ថា “JDS” ចំនួន២៦រូប ចូលជួបសំណេះសំណាល និងទទួលអនុសាសន៍ មុននឹងចេញដំណើរទៅសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅតាមសាកលវិទ្យានានា នៅប្រទេសជប៉ុន នៅសាលប្រជុំពិសេស៣ វិមានព្រឹទ្ធសភា នាព្រឹកថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៣។

នាឱកាសនោះ​ លោក អ៊ុំ សារឹទ្ធ បានសម្តែងនូវការអបអរសាទរ ចំពោះក្រុមនិស្សិត ជ័យលាភីទាំង២៦រូប ដែលទៅសិក្សា ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅតាមសាកលវិទ្យា នានានៃប្រទេសជប៉ុន។ នេះជាឱកាសមួយដ៏ល្អប្រសើរ ក្រៃលែង ដែលក្មួយៗទទួលបាននូវចំណេះដឹងថ្មីៗ ដើម្បីពង្រឹងសមត្ថភាពខ្លួន សម្រាប់ជាមូលដ្ឋានក្នុងការអភិវឌ្ឍខ្លួនផង និងប្រទេសជាតិ។

លោក​ គូសបញ្ជាក់ថា​ “ក្រុមនិស្សិតជ័យលាភីអាហារូបករណ៍ JDS ត្រូវគោរពច្បាប់ប្រទេស ច្បាប់សាលាឲ្យបានខ្ជាប់ខ្ជួន ដើម្បីបង្ហាញអំពីសេចក្តីថ្លៃថ្នូរ ក្នុងនាមជាកូនខ្មែរឲ្យក្រុមនិស្សិត ដែលមកពីបណ្តា ប្រទេសនានា បានឃើញ ត្រូវសម្របខ្លួនរៀន រស់នៅ រៀនទំនាក់ទំនងជាមួយនឹងប្រជាពលរដ្ឋខ្មែរ ដែលរស់នៅ ក្នុងប្រទេសជប៉ុន និងនិស្សិតផ្សេងៗទៀត ដែលកំពុងសិក្សានៅទីនោះស្រាប់ ព្រមទាំងផ្សព្វផ្សាយ អំពីសភាពការណ៍ថ្មីៗ ការអភិវឌ្ឍថ្មីៗ របស់ប្រទេសកម្ពុជាបច្ចុប្បន្ន ដើម្បីទាក់ទាញឲ្យពួកគាត់ មកធ្វើទេសចរណ៍នៅប្រទេសកម្ពុជា”។

ជាមួយគ្នានោះ លោកបានផ្តាំផ្ញើដល់និស្សិតទាំងអស់ថា ទោះបីជាក្មួយៗត្រូវទៅសិក្សា នៅសាលាផ្សេងៗគ្នាក៏ពិតមែន ប៉ុន្តែត្រូវចេះសាមគ្គីភាពផ្ទៃក្នុង សហការគ្នា ទំនាក់ទំនងគ្នា និងចេះជួយយកអាសារគ្នា ទៅវិញទៅមក ក្នុងនាមជាខ្មែរដូចគ្នា ដូចសុភាសិតខ្មែរយើងពោលថា នៅផ្ទះម្តាយទីទៃ នៅព្រៃម្តាយជាមួយ។

ក្នុងឱកាសនោះ លោក​ ចេង គឹម​អូន តំណាងនិស្សិត ជ័យលាភី បានថ្លែងចំណាប់អារម្មណ៍ និងអំណរគុណយ៉ាងជ្រាលជ្រៅ បំផុតជូនចំពោះលោកអគ្គលេខាធិការព្រឹទ្ធសភា ដែលបានអនុញ្ញាតឱ្យក្រុមនិស្សិតបាន ចូលជួបសំណេះសំណាល និងទទួលបាននូវអនុសាសន៍ ដ៏មានតម្លៃនាពេលនេះ និងបានប្តេជ្ញាចិត្តខិតខំសិក្សា រៀនសូត្រដើម្បីទទួលបានចំណេះដឹង និងបទពិសោធន៍ល្អៗ និងរួមចំណែកសកម្មក្នុងការតភ្ជាប់ទំនាក់ ទំនងរវាងប្រជាជន និងប្រជាជន ក៏ដូចជារវាងប្រទេសទាំងពីរកម្ពុជា-ជប៉ុន ឱ្យកាន់តែជិតស្និទ្ធ និងស៊ីជម្រៅថែមទៀត។

សូមជម្រាបថា​ ក្រុម​និស្សិត​ជ័យលាភី​​អាហារូបករណ៍​ JDS ​ឆ្នាំ២០២៣ មានមន្រ្តីរាជការថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និង​និស្សិត​ចំនួន ២៦​នាក់​នេះ​ ​ដែលនឹង​ត្រូវ​សិក្សាលើមុខជំនាញចំនួន​០៨ ដូចជា អភិវឌ្ឍន៍​ហេ​ដ្ឋា​ន​រចនាសម្ព័ន្ធ អភិវឌ្ឍន៍​វិស័យ​ឯកជន លើកកម្ពស់​គុណភាព​អប់រំ អភិវឌ្ឍន៍​កសិកម្ម និង​អភិ​វឌ្ឍន៍​ជនបទ លើកកម្ពស់​បរិស្ថានរ​ស់​នៅ​ទីក្រុង​លើកកម្ពស់​ប្រព័ន្ធ​ថែទាំ​សុខភាព និង​សន្តិសុខ​សង្គម លើកកម្ពស់​មុខងារ​រ​ដ្ឋ​បាល​សា​ធារ​ណៈ និង​កសាង​ទំនាក់ទំនង​អន្តរជាតិ​៕

To Top