តូក្យូ៖ ប្រភពព័ត៌មានពីរដ្ឋាភិបាល បានឲ្យដឹងនៅចំពេលមានការរិះគន់ពីបណ្តាប្រទេសលោកខាងលិច ជុំវិញការសង្ស័យថា ការផ្គត់ផ្គង់យន្តហោះដ្រូនរបស់ទីក្រុងតេអេរ៉ង់ ដល់ទីក្រុងមូស្គូ សម្រាប់ប្រើប្រាស់ក្នុងយុទ្ធនាការយោធារបស់ខ្លួននៅអ៊ុយក្រែន។
ក្នុងអំឡុងពេលកិច្ចប្រជុំជាមួយសមភាគីអ៊ីរ៉ង់ លោក Hossein Amir Abdollahian នៅទីក្រុងតូក្យូ រដ្ឋមន្ត្រីការបរទេស Yoshimasa Hayashi បានអំពាវនាវឱ្យអ៊ីរ៉ង់ ចាត់វិធានការឆ្លើយតបប្រកបដោយស្ថាបនា ចំពោះសង្គ្រាម ដោយអ្នកទាំងពីរបានយល់ព្រមបន្ត “ទំនាក់ទំនងជិតស្និទ្ធ” លើបញ្ហាដែលប៉ះពាល់ដល់មជ្ឈិមបូព៌ា។
កិច្ចពិភាក្សារបស់អ្នកទាំងពីរបានកើតឡើងនៅពេលដែលប្រទេសលោកខាងលិច បានចោទប្រកាន់ថា អ៊ីរ៉ង់ បានផ្តល់ជំនួយយោធាដល់រុស្ស៊ី ដូចជាយន្តហោះដ្រូន និងគ្រាប់រំសេវ ខណៈដែលទីក្រុងតូក្យូ មានបំណងប្រើប្រាស់ទំនាក់ទំនងមិត្តភាពប្រពៃណីរបស់ខ្លួនជាមួយទីក្រុងតេអេរ៉ង់ ដើម្បីជួយបញ្ចប់សង្គ្រាម។
ប្រទេសជប៉ុន កាន់តំណែងជាប្រធាននៅឆ្នាំនេះនៃក្រុមប្រទេសទាំង៧ ដែលបានរក្សាការដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើប្រទេសរុស្ស៊ី ជុំវិញសង្គ្រាមប្រឆាំងនឹងប្រទេសជិតខាងរបស់ខ្លួនចាប់តាំងពីខែកុម្ភៈឆ្នាំមុន។
ក្រសួងបានឲ្យដឹងថា លោក Hayashi ក៏បានសម្តែងនូវ “ការព្រួយបារម្ភយ៉ាងធ្ងន់ធ្ងរ” អំពីការពង្រីកសកម្មភាពនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ខណៈពេលដែលអំពាវនាវឱ្យមាន “កិច្ចសហប្រតិបត្តិការពេញលេញ និងដោយគ្មានលក្ខខណ្ឌ” ជាមួយទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ ទាក់ទងនឹងកិច្ចព្រមព្រៀងនុយក្លេអ៊ែរពហុភាគីឆ្នាំ២០១៥ ដែលជប៉ុនគាំទ្រ។
ប្រទេសអ៊ីរ៉ង់ បានយល់ព្រមជាមួយមហាអំណាចចំនួន ៦ គឺ អង់គ្លេស ចិន បារាំង អាល្លឺម៉ង់ រុស្ស៊ី និងសហរដ្ឋអាមេរិក ដើម្បីទប់ស្កាត់កម្មវិធីនុយក្លេអ៊ែរ របស់ខ្លួនជាថ្នូរនឹងការដកទណ្ឌកម្មសេដ្ឋកិច្ច ប៉ុន្តែការចរចារបានជាប់គាំងតាំងពីពេលនោះមក ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានដកប្រទេសរបស់គាត់ចេញពីកិច្ចព្រមព្រៀងក្នុងឆ្នាំ២០១៨៕ ប្រែសម្រួល ឈូក បូរ៉ា
