ព័ត៌មានអន្តរជាតិ

ជប៉ុន និង​ចិន ប្រារព្ធ​ខួប​លើក​ទី​៤៥ នៃ​សន្ធិសញ្ញា​មិត្តភាព​ដោយ​ស្ងាត់ស្ងៀម ចំពេល​មាន​ភាព​តានតឹង

ប្រភព ៖ Kyodo

តូក្យូ៖ ប្រទេសជប៉ុន និងចិន ប្រារព្ធខួបលើកទី៤៥ នៃការចុះហត្ថលេខាលើ សន្ធិសញ្ញាសន្តិភាព និងមិត្តភាព ទ្វេភាគីដោយ ស្ងាត់ស្ងៀម ដោយមិនមានព្រឹត្តិការណ៍ អបអរសាទរជាផ្លូវការចំពេលមានភាពតានតឹង ជុំវិញផែនការ របស់ទីក្រុងតូក្យូ ក្នុងការបញ្ចេញ ទឹកវិទ្យុសកម្ម ដែលត្រូវបានព្យាបាល ចេញពីរោងចក្រ ថាមពលនុយក្លេអ៊ែរ Fukushima ចូលទៅក្នុងមហាសមុទ្រ។

ទំនាក់ទំនងទ្វេភាគី មានភាពតានតឹងជុំវិញ ការគ្រោងចាប់ផ្តើម នៃការបង្ហូរទឹក Fukushima ចាប់ពីចុងខែនេះ ក៏ដូចជាដំណើរទស្សនកិច្ចនាពេលថ្មីៗនេះ របស់អតីតនាយករដ្ឋមន្ត្រីជប៉ុន លោក Taro Aso ទៅកាន់កោះតៃវ៉ាន់ និងជម្លោះដែនដី និងពាណិជ្ជកម្ម ។

សន្ធិសញ្ញាមិត្តភាពត្រូវបាន ចុះហត្ថលេខានៅឆ្នាំ១៩៧៨ រយៈពេល ៦ឆ្នាំ បន្ទាប់ពីប្រទេសទាំងពីរ ធ្វើឱ្យទំនាក់ទំនងការទូត មានលក្ខណៈធម្មតា ហើយបានចូលជាធរមាន នៅថ្ងៃទី២៣ ខែតុលា ឆ្នាំនោះ។

ក្រសួងការបរទេសចិន បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ មួយកាលពីថ្ងៃសៅរ៍ថា ទំនាក់ទំនងទ្វេភាគី “បានឈានទៅមុខដ៏វែងឆ្ងាយ ដោយនាំមកនូវផលប្រយោជន៍ ជាក់ស្តែងដល់ប្រជាជនទាំងពីរ និងរួមចំណែកដល់ភាពរុងរឿង និងស្ថិរភាពនៃតំបន់ និងលើសពីនេះ” ក្នុងរយៈពេល ៤៥ ឆ្នាំកន្លងមកនេះ។

ដោយកត់សម្គាល់ថាទំនាក់ទំនងចិន-ជប៉ុន កំពុងស្ថិតក្នុងដំណាក់កាលសំខាន់នៃការកែលម្អ និងរីកចម្រើន ទីក្រុងប៉េកាំង បានអំពាវនាវឱ្យទីក្រុងតូក្យូយកខួបជាឱកាសមួយដើម្បី “ពង្រឹងកិច្ចសហប្រតិបត្តិការ ដែលមានផលប្រយោជន៍ទៅវិញទៅមក បំបាត់ការរំខាន និងឧបសគ្គ និងរួមគ្នាកសាង” ទំនាក់ទំនងដែលអាចបំពេញ តម្រូវការនៃយុគសម័យថ្មី។

សេចក្តីថ្លែងការណ៍នេះត្រូវបានគេជឿថា ជាការប្រឆាំងទៅនឹងកិច្ចខិតខំប្រឹងប្រែងរបស់សហរដ្ឋអាមេរិក ក្នុងការរក្សាប្រទេសចិន ក្នុងការត្រួតពិនិត្យរួមគ្នាជាមួយសម្ព័ន្ធមិត្តរបស់ខ្លួន រួមទាំងប្រទេសជប៉ុន ចំពេលមានការប្រកួតប្រជែងកាន់តែខ្លាំងរវាងប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទាំងពីរ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top