ភ្នំពេញ ៖ ក្នុងទិវាសុវត្ថិភាពម្ហូបអាហារពិភពលោក ឆ្នាំ២០២៣ ក្រោមប្រធានបទ ស្តង់ដារម្ហូបអាហារជួយ សង្គ្រោះជីវិតដែលនៅព្រឹកថ្ងៃ១៦ សីហានេះ កម្ពុជាបានរៀបចំឡើងដែរនោះ ត្រូវបានលោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អះអាងថា ជំងឺបណ្តាលមកពីម្ហូបអាហារ គឺជាបញ្ហាប្រឈមសុខភាព សាធារណៈនៅទូទាំងតំបន់ រួមទាំងកម្ពុជាផងដែរ ។
ក្នុងពិធីនេះ មានភាគីពាក់ព័ន្ធជិត៣០០នាក់ ធ្វើការក្នុងវិស័យកសិកម្មស្បៀងអាហារ និងអាហារូបត្ថម្ភ បានជួបជុំគ្នានៅទីក្រុងភ្នំពេញ ដើម្បីប្រារព្ធទិវាសុវត្ថិភាពម្ហូបអាហារពិភពលោក នៅកម្ពុជា ក្នុងគោលបំណងលើកកម្ពស់ ការយកចិត្តទុកដាក់ និងជំរុញសកម្មភាពនានា ដើម្បីធានាបាននូវសុវត្ថិភាព ម្ហូបអាហារនៅកម្ពុជា។
ក្រុមអ្នករៀបចំគោលនយោបាយ ដៃគូអភិវឌ្ឍន៍ អង្គការមិនមែនរដ្ឋាភិបាល អ្នកជំនាញ វិស័យឯកជន អ្នកស្រាវជ្រាវ សាស្ត្រាចារ្យ និស្សិត កសិករ និងក្រុមយុវជន បានអំពាវនាវដល់ប្រជាជនគ្រប់រូប នៅគ្រប់ទីកន្លែង រួមគ្នាជួយធានាឲ្យបានសុវត្ថិភាពម្ហូបអាហារសម្រាប់គ្រប់គ្នា។ នេះជាលើកទី២ ដែលកម្ពុជាបានប្រារព្ធពិធីអបអរ ទិវាសុវត្ថិភាពម្ហូបអាហារពិភពលោក។
នាឱកាសនោះដែលមានវត្តមាន លោក ឌិត ទីណាផងដែរ បានមានប្រសាសន៍ថា «ជំងឺដែលបណ្តាលមកពីម្ហូបអាហារ គឺជាបញ្ហាប្រឈមសុខភាពសាធារណៈនៅទូទាំងតំបន់ រួមទាំងកម្ពុជាផងដែរ ។ យើងបានប្ដេជ្ញាលើកកម្ពស់ របបអាហារសុខភាព សម្រាប់ទាំងអស់គ្នា តាមអភិក្រមពហុវិស័យ (multisector approach) ដើម្បីធ្វើឲ្យមានរបបអាហារសុខភាពនិងអាហារសុវត្ថិភាព ងាយស្រួលអាចរកបាន មានតម្លៃសមរម្យ និងឆ្លើយតបចំពោះបញ្ហាអាហារូបត្ថម្ភគ្រប់ទម្រង់»។
ប៉ុន្តែកិច្ចការងារនេះ ក៏ត្រូវការកិច្ចសហការពីអ្នកពាក់ព័ន្ធទាំងឡាយឲ្យចូលរួមដោយស្មោះស្ម័គ្រទើបអាចទទួលបានជោគជ័យក្នុងការអនុវត្តសុវត្ថិភាពម្ហូបអាហារ។ អ្នកពាក់ព័ន្ធទាំងនោះ មានរួមទាំងវិស័យឯកជន អ្នកប្រើប្រាស់ និងស្ថាប័នរាជរដ្ឋាភិបាលទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។ នេះបើតាមលោកឌិត ទីណាដដែល ។
ចំណែក លោកវេជ្ជបណ្ឌិត ណាហ្គីស ខូជេត្វា តំណាងស្ដីទីអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា បានថ្លែងថា សុវត្ថិភាពម្ហូបអាហារចាំបាច់ដើម្បីធានាបានសន្តិសុខស្បៀង និងអាហារូបត្ថម្ភ។ លុះត្រាតែអាហារ មានសុវត្ថិភាពទើបអាចបំពេញតម្រូវការអាហារូបត្ថម្ភបាន និងជួយមនុស្សពេញវ័យរស់នៅប្រកបដោយសុខុមាលភាព និងជីវិតកាន់តែប្រសើរ ព្រមទាំងជួយកុមារលូតលាស់ និងអភិវឌ្ឍរាង្គកាយ។
សម្រាប់លោក អ៊ុ កុសល ឧបការីតំណាងអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO) ប្រចាំប្រទេសកម្ពុជា បានគូសបញ្ជាក់ដែរថា សុវត្ថិភាពម្ហូបអាហារ គឺជាទំនួលខុសត្រូវចម្បង របស់ភាគីទាំងអស់ ដែលធ្វើការក្នុងខ្សែច្រវ៉ាក់អាហារ គិតចាប់ពីអ្នកផលិត អ្នកកែច្នៃ ស្ថាប័នគ្រប់គ្រងម្ហូបអាហារ ម្ចាស់អាជិវកម្មរហូតដល់អ្នកប្រើប្រាស់។
ដោយឡែក លោក សុខ ណារិន តំណាងអង្គការសហប្រជាជាតិដើម្បីអភិវឌ្ឍន៍ឧស្សាហកម្ម (UNIDO) បានមានប្រសាសន៍ដោយឆ្លុះបញ្ចាំងចំពោះគំនិតផ្តួចផ្តើមក្នុងការពង្រឹងស្តង់ដារវិស័យម្ហូបអាហារថា «ឧស្សាហកម្មកែច្នៃ ម្ហូបអាហាររបស់កម្ពុជាមានសក្តានុពលសម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ច។ រដ្ឋាភិបាលបានខិតខំពង្រឹងសុវត្ថិភាព និងស្តង់ដារម្ហូបអាហារ ស្របពេលដែលប្រទេសនេះ កំពុងបោះជំហានចូលទៅក្នុងទីផ្សារពិភពលោក»៕