ព័ត៌មានអន្តរជាតិ

ពលរដ្ឋជប៉ុន ដាក់ញត្តិ​ជំរុញ​រដ្ឋាភិបាល​ ​ឲ្យ​បោះបង់​គម្រោង​បញ្ចេញ​ ចោល​ទឹក​សំណល់​នុយក្លេអ៊ែរ

ប្រភព៖Xinhua

តូក្យូ៖ អ្នកស្រុក ក្នុងប្រទេសជប៉ុន កាលពីថ្ងៃព្រហស្បតិ៍ បានដាក់ញត្តិរួមគ្នាមួយ ដោយជំរុញឱ្យរដ្ឋាភិបាលជប៉ុន ដកផែនការរបស់ខ្លួន ក្នុងការបញ្ចេញទឹកសំណល់ ដែលបំពុលដោយនុយក្លេអ៊ែរ ចូលទៅក្នុងមហាសមុទ្រ ។

ញត្តិដែលចុះហត្ថលេខា ដោយមនុស្ស ២៨,៦២៧ នាក់ត្រូវបានប្រគល់ ជូនតំណាងក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្មរួមគ្នាដោយអង្គការចំនួន ១៧ រួមទាំងអង្គការមិនមែនរដ្ឋាភិបាល Friends of the Earth Japan និងមជ្ឈមណ្ឌលព័ត៌មាននុយក្លេអ៊ែរ របស់ប្រជាពលរដ្ឋ។

យុទ្ធនាការដាក់ញត្តិបានចាប់ផ្តើមនៅខែឧសភា ឆ្នាំ២០២០ ដោយប្រមូលហត្ថលេខា តាមរយៈវេទិកាអនឡាញ និងសំបុត្រ ។ ប្រទេសហត្ថលេខី កំពុងទាមទារឱ្យ រដ្ឋាភិបាលជប៉ុន ពិចារណាឡើងវិញ នូវផែនការរបស់ខ្លួនក្នុងការបញ្ចេញ ទឹកវិទ្យុសកម្មចេញពីរោងចក្រ ថាមពលនុយក្លេអ៊ែរ Fukushima Daiichi ចូលទៅក្នុងសមុទ្រ ហើយជំនួសមកវិញដោយបន្តការស្តុកទុកនៅលើដី ឬស្វែងរកដំណោះស្រាយជំនួស ។

រងការវាយប្រហារដោយការរញ្ជួយដីកម្រិត ៩ រ៉ិចទ័រ និងរលកយក្សស៊ូណាមិ ជាបន្តបន្ទាប់នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០១១ រោងចក្រថាមពលនុយក្លេអ៊ែរ Fukushima Daiichi បានរងការរលាយស្នូល ដែលបានបញ្ចេញវិទ្យុសកម្ម ដែលបណ្តាលឱ្យមានឧបទ្ទវហេតុ នុយក្លេអ៊ែរកម្រិត៧ ដែលជាកម្រិតខ្ពស់បំផុត នៅលើមាត្រដ្ឋានព្រឹត្តិការណ៍នុយក្លេអ៊ែរ និងវិទ្យុសកម្មអន្តរជាតិ ។

រោងចក្រនេះបាននិងកំពុងបង្កើត បរិមាណ ដ៏ច្រើននៃទឹក ដែលប្រឡាក់ដោយសារធាតុវិទ្យុសកម្ម ពីការធ្វើឱ្យត្រជាក់នៃឥន្ធនៈនុយក្លេអ៊ែរ នៅក្នុងអគាររ៉េអាក់ទ័រ ដែលឥឡូវនេះត្រូវបានរក្សាទុក នៅក្នុងអាងផ្ទុកប្រហែល ១០០០អាង ។

តំណាងអង្គការដាក់ញត្តិបានឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា ទឹកដែលផ្ទុកដោយសារធាតុ នុយក្លេអ៊ែរ ដែលបានរក្សាទុកនៅរោងចក្រនុយក្លេអ៊ែរ Fukushima Daiichi មិនត្រឹមតែមានសារធាតុ Tritium ប៉ុណ្ណោះទេ ថែមទាំងសារធាតុវិទ្យុសកម្មផ្សេងទៀត ដែលជាបរិមាណប្រមូលផ្តុំ ដែលមិនត្រូវបានបង្ហាញ ជាសាធារណៈ ។

ពួកគេបានសង្កត់ធ្ងន់លើកង្វល់ ដែលបានលើកឡើងក្នុងចំណោមភាគីពាក់ព័ន្ធក្នុងស្រុក និងអន្តរជាតិ រួមទាំងអ្នកនៅក្នុងឧស្សាហកម្មនេសាទផងដែរ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

ក្នុងឆ្នាំ២០១៥ រដ្ឋាភិបាលជប៉ុន និងក្រុមហ៊ុនថាមពលអគ្គិសនីតូក្យូ (TEPCO) ដែលជាប្រតិបត្តិករនៃរោងចក្រថាមពលនុយក្លេអ៊ែរ Fukushima Daiichi បានធ្វើកិច្ចព្រមព្រៀង ជាមួយសមាគម សហករណ៍ជលផលទាំងខេត្តហ្វូគូស៊ីម៉ា និងប្រទេសជាតិថា ពួកគេនឹងមិនដំណើរការការចោល ទឹកសំណល់ណាមួយឡើយ ដោយ​គ្មាន​ការ​យោគយល់ ​ពី​ភាគី​ពាក់ព័ន្ធ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top