បរទេស៖ នាយករដ្ឋមន្ត្រីសិង្ហបុរីលោក Lee Hsien Loong កាលពីថ្ងៃអាទិត្យម្សិលមិញនេះ បានលើកឡើងថា ការដឹកនាំរបស់លោកនឹង នៅតែបន្តតាមផែនការទោះបីជា មួយរយៈចុងក្រោយនេះមានបញ្ហារឿងអាស្រូវ នយោបាយជាបន្តបន្ទាប់ក្តី។
ទីភ្នាក់ងារចិនស៊ិនះចេញផ្សាយ នៅថ្ងៃនេះបានសរសេរថា សេចក្តីថ្លែងការណ៍របស់លោក Lee បានធ្វើឡើងនៅក្នុងពេលដែល លោកកំពុងមានវត្តមានក្នុងព្រឹត្តិការណ៍ជាតិ National Day Rally ដោយលោកបានបញ្ជាក់ទៀតថា នឹងមិនមានអ្វីដែលអាចធ្វើឲ្យខកខាន ពេលវេលានិងផែនការដឹកនាំ របស់រដ្ឋាភិបាលលោកឡើយ។
រំលឹកដែរថាកាលពីខែកក្កដា រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនសិង្ហបុរី S-Iswaran បានជាប់ការសង្ស័យ និងពាក់ព័ន្ញធនឹងករណីពុករលួយ ដោយក្នុងនោះជាលទ្ធផល អ្នកនាំពាក្យរបស់សភាជាតិ Tan Chuan Jin និងសមាជិកសភាមួយរូបទៀត បានលាលែងពីតំណែងជុំវិញការ ចោទប្រកាន់នេះដែរ។
ទោះបីជាយ៉ាងណាក្តីលោកនាយករដ្ឋមន្ត្រី បានអំពាវនាវក្នុងការដោះស្រាយ បញ្ហាទៅលើគ្រប់ករណីទាំងអស់ម្តងមួយៗ និងដោយមានតម្លាភាពបំផុត។
លោកក៏បានពណ៍នាដែរថា បញ្ហារឿងអាស្រូវផង និងបញ្ហាកូវីដផងបានធ្វើឲ្យមានឧបសគ្គខ្លះៗ ចំពោះរដ្ឋាភិបាលថ្មីរបស់លោកដែល ទើបឡើងកាន់តំណែងកាលពីឆ្នាំ២០២២ ប៉ុន្តែលោក Lee បានអះអាងថាបច្ចុប្បន្នរដ្ឋាភិបាល កំពុងត្រឡប់មកលើផ្លូវ និងផែនការចាស់វិញហើយ មិនមានអ្វីជាបញ្ហាទៀតនោះទេ។
ក្នុងអំឡុងពេលសុន្ទរកថា របស់លោក Lee បានសន្យាថានឹងចាត់វិធានការ ដើម្បីកែលម្អសុខុមាលភាពរបស់ប្រជាជន រួមទាំងកញ្ចប់ថវិកាចំនួន ៧ពាន់លានដុល្លារសិង្ហបុរី ឬប្រមាណជាជាង ៥ពាន់លានដុល្លារអាមេរិក ដើម្បីគាំទ្រដល់ប្រជាជនដែលមានចំណូលទាប និងមធ្យមដែលកើតមុនឆ្នាំ១៩៧៣ តាមរយៈការផ្តល់គោលនយោបាយផ្តល់លំនៅដ្ឋាន តម្លៃសមរម្យនិងជួយដល់ សហគមន៍ដែលវ័យចំណាស់ផងដែរ ៕
ប្រែសម្រួល៖ ស៊ុន លី