ភ្នំពេញ ៖ លោក ហ៊ុន ម៉ានី អ្នកតំណាងរាស្ត្រ ខេត្តកំពង់ស្ពឺ នីតិកាលទី៧ បានថ្លៃងថា ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣នេះ គឺជាការបើកទំព័រប្រវត្តិសាស្រ្តថ្មីមួយទៀត របស់កម្ពុជា ដែលរដ្ឋសភានីតិកាលទី៧ ប្រសូតចេញពីការបោះឆ្នោត កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣កន្លងទៅ ។
តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នាថ្ងៃទី២១ សីហានេះ លោក ហ៊ុន ម៉ានី បានបញ្ជាក់ថា «ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ ជាការបើកទំព័រប្រវត្តិសាស្រ្តថ្មីមួយ របស់ព្រះរាជាណាចក្រកម្ពុជា ដែលរដ្ឋសភា នីតិកាលទី៧ ដែលប្រសូតចេញ ពីការបោះឆ្នោតកាលពិថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣កន្លងទៅ នឹងត្រូវប្រកាសសុពលភាព របស់ខ្លួន មុនចូលបំពេញភារកិច្ច ជូនជាតិ មាតុភូមិ» ។
អ្នកតំណាងរាស្ត្របន្ថែមថា សម័យប្រជុំពេញអង្គលើកទី១ ត្រូវបានប្រោសព្រះរាជទានយាងជា ព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត ពីព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ។
លោកមានប្រសាសន៍ថា ក្រោយប្រកាសសុពលភាព តំណាងរាស្រ្តទាំងអស់ នឹងត្រូវធ្វើសច្ចាប្រណិធាន នៅព្រះទីនាំងទេវាវិនិច្ឆ័យ ។ នេះជាដំណើរការទូទៅ និងជាប្រក្រតី នៃលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។
ជាថ្មីម្តងទៀត លោក ហ៊ុន ម៉ានី ក៏បានថ្លែងអំណរគុណ ដល់ពលរដ្ឋទាំងអស់ ដែលបានផ្តល់សេចក្តីទុកចិត្ត មកលើគណបក្សប្រជាជនកម្ពុជា តាមរយៈការចេញទៅបោះឆ្នោត និងបោះឆ្នោតជូនគណបក្ស ដើម្បីគណបក្សបន្ត ដឹកនាំរាជរដ្ឋាភិបាល ក្នុងនីតិកាលថ្មីនេះតទៅទៀត ៕