ព័ត៌មានជាតិ

ថ្ងៃផ្ទេរតំណែង ជូនរដ្ឋមន្ត្រីការបរទេសថ្មី លោក ប្រាក់ សុខុន ពោលពាក្យថា «នេះជាពេលវេលាដ៏រំជួលចិត្ត បំផុតសម្រាប់ខ្ញុំ»

រូបភាពក្រសួងការបរទេស

ភ្នំពេញ ៖ នៅថ្ងៃទី២៣ សីហានេះ ក្រសួងការបរទេសខ្មែរ បានប្រារព្ធពិធីផ្ទេរតំណែង ជូនរដ្ឋមន្ត្រីថ្មីគឺលោក សុខ ចន្តាសោភា និងសំណេះសំណាល ជាមួយមន្ត្រីរាជការ ដែលក្នុងឱកាសនោះលោក ប្រាក់ សុខុន ជាអតីតរដ្ឋមន្ត្រី ការបរទេស បានពោលពាក្យ សារស័ព្ទបង្កប់ន័យក្តុកក្តួលថា «នេះជាពេលវេលាដ៏រំជួលចិត្ត បំផុតមួយសម្រាប់ខ្ញុំផ្ទាល់ ក្នុងរយៈពេលជាង៤៤ឆ្នាំ ដែលខ្ញុំធ្វើការជូនរដ្ឋ និងក្រោយ៧ឆ្នាំ ជារដ្ឋមន្ត្រីការបរទេស» ។ ពីមុន លោក សុខ ចន្តាសោភា ជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការក្រុមប្រឹក្សា អភិវឌ្ឍន៍កម្ពុជា (CDC)។

លោក ប្រាក់ សុខុន បានចូលកាន់តំណែង ជារដ្ឋមន្ត្រីការបរទេស នៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៦ ជំនួសលោកឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង។ ក្នុងថ្ងៃចូលកាន់តំណែងនោះដែរ លោកបានសន្យាចំពោះសម្ដេចតេជោ ហ៊ុន សែន ថានឹងខិតខំធានានិរន្តរភាព ក្នុងការអនុវត្តនយោបាយ ការបរទេស និងការពារផលប្រយោជន៍គោលរបស់ជាតិ និងប្រជានជន និងជំរុញកំណែទម្រង់នានា ទៅតាមការចាំបាច់ និងស្របតាមការប្រែប្រួលយុទ្ធសាស្ត្រ និងភូមិសាស្ត្រនយោបាយក្នុងតំបន់ និងពិភពលោក ។

តាមរយៈសុន្ទរកថា ក្នុងពិធីនេះដែរ លោក ប្រាក់ សុខុន បានលើកឡើងថា ពីម្សិលមិញ រដ្ឋសភាជាតិ បានបោះឆ្នោតផ្តល់សេចក្តីទុកចិត្តដល់គណៈរដ្ឋមន្រ្តីថ្មី ភាគច្រើនជាឥស្សរជនវ័យក្មេង ដែលបានទទួលការបណ្តុះបណ្ដាលថ្នាក់ខ្ពស់ ហ្វឹកហាត់ការងារត្រឹមត្រូវ និងប្រកបទៅដោយមនសិការស្នេហាជាតិដ៏ ជ្រាលជ្រៅ ។ ថ្ងៃនេះ ឧបនាយករដ្ឋមន្ត្រី សុខ ចិន្ដាសោភា បានអញ្ជើញចូលកាន់តំណែង ជារដ្ឋមន្ត្រីដឹកនាំក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដែលជាក្រសួងប្រកបដោយកិត្យានុភាព ព្រមជាមួយការប្រឈម ជាយុទ្ធសាស្ត្រដ៏ពិបាក និងស្មុគ្រស្មាញ។

លោកបន្ថែមថា ពិធីផ្ទេរតំណែងថ្ងៃនេះ ត្រូវបានរំពឹង និងប្រុងប្រៀបទុកជាមុនច្រើនខែមកហើយ ដោយសារតែការផ្លាស់ប្តូរអំណាច ថ្នាក់កំពូលត្រូវបានគិតគូរ រៀបចំ ផ្គូរផ្គងយ៉ាងហ្មត់ចត់យូរក្រែលដែរ ។

អតីតរដ្ឋមន្ត្រីការបរទេស ប្រាក់ សុខុន បានគូសបញ្ជាក់ថា «ប្រមាណជា១៥ឆ្នាំមុន មិត្តដ៏ជិតស្និទ្ធ របស់ខ្ញុំម្នាក់បានពោលប្រាប់ខ្ញុំ ពេលដែលឪពុកជាទីស្រលាញ់របស់គាត់ បានចាកផុតទៅ ក្រោយមានជំងឺជាយូរមកហើយថា ខ្ញុំបានត្រៀមចិត្តយូរហើយ ប៉ុន្តែលុះពេលវេលាមកដល់ ខ្ញុំពិបាកធ្វើអារម្មណ៍ឲ្យស្ងប់ណាស់! ។ ថ្ងៃនេះ យើងមិនមានបាត់បង់នរណាទេ ប៉ុន្តែខ្ញុំក៏ត្រូវទទួលស្គាល់ដែរថា ដូចក្នុងករណីរបស់មិត្តខ្ញុំដែរ នេះជាពេលវេលាដ៏រំជួលចិត្ត បំផុតមួយសម្រាប់ខ្ញុំផ្ទាល់ ក្នុងរយៈពេលជាង ៤៤ឆ្នាំ ដែលខ្ញុំធ្វើការជូនរដ្ឋ និងក្រោយ៧ឆ្នាំ ជារដ្ឋមន្ត្រីការបរទេស»

លោកថ្លែងថា ជាច្បាប់ធម្មជាតិ ដែលអ្វីៗតែងតែមានការចាប់ផ្តើម និងការបញ្ចប់ទៅវិញ ៕

To Top