ភ្នំពេញ ៖ កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា បានស្នើសហសេវឹកក្នុងរាជរដ្ឋាភិបាល ត្រូវប្ដេជ្ញាប្រឹងប្រែងយ៉ាងខ្លាំងក្លាបំផុតឲ្យអស់សមត្ថភាព ដើម្បីបំពេញបេសកកម្មជាតិដ៏ឧត្តុងឧត្តមនេះ ឲ្យបានសម្រេចជោគជ័យត្រចះត្រចង់អាណត្កិថ្មី ដែលប្រជាពលរដ្ឋប្រគល់ជូនតាមរយៈការបោះឆ្នោត។
ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ដ្រី លើកដំបូង នីតិកាលទី៧ នៃរដ្ឋសភា នាថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងថា ថ្ងៃនេះ ជាថ្ងៃប្រវត្តិសាស្ត្រមួយរបស់កម្ពុជាដែលរាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភាបាន បើកកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីជាលើកទី១។ កិត្តិទេសាភិបាលបណ្ឌិត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះជនរួមជាតិទាំងអស់ដែលបានផ្ដល់យុត្តិធម៌ជំនឿនិងការគាំ ទ្រយ៉ាងរឹងមាំចំពោះគណបក្សប្រជាជនតាមរយៈនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រដែលប្រព្រឹត្តទៅកាលពីថ្ងៃទី ២៣ ខែកក្កដាឆ្នាំ ២០២៣ កន្លងទៅ ដើម្បីឲ្យគណបក្សប្រជាជនកម្ពុជា មានលទ្ធភាពដឹកនាំរាជរដ្ឋាភិបាលនិងបម្រើជាតិមាតុភូមិបន្តទៅទៀតជាមួយភាពកាន់តែស្វាហាប់និងការប្ដេជ្ញាចិត្តយ៉ាងពេញទំហឹងដើម្បីកសាងការពារនិង អភិវឌ្ឍន៍ប្រទេសជាតិ។
កិត្តិទេសាភិបាលបណ្ឌិតបន្តថា ការបោះឆ្នោតកន្លងទៅបានប្រព្រឹត្តទៅយ៉ាងត្រឹមត្រូវដោយសេរីនិងយុត្តិធម៌គ្មានអំពើហិង្សា គ្មានការគំរាម ជាពិសេសមានការចូលរួមពីសំណាក់ប្រជាពលរដ្ឋយ៉ាងច្រើនកុះកររហូតដល់ជាង៨លាននាក់ ត្រូវជាប្រមាណ៨៤,៥៤ភាគរយនៃបញ្ជីឈ្មោះបោះឆ្នោតរបស់គ.ជ.ប ក្នុងនោះសំឡេងគាំទ្រគណបក្សប្រជាជនកម្ពុជាមានរហូត ៨២,៣ភាគរយ។
កិត្តិទេសាភិបាលបណ្ឌិតបន្ថែមថា លទ្ធផលនេះ ឆ្លុះបញ្ចាំងឲ្យឃើញឆន្ទៈការគាំទ្រដ៏ពេញទំហឹង និងមោះមុតពីប្រជាពលរដ្ឋភាគច្រើន លើសលប់និងពីគ្រប់មជ្ឈដ្ឋានលើកិច្ចដំណើរការប្រជាធិបតេយ្យដ៏ត្រឹមត្រូវនិងទៀងទាត់របស់កម្ពុជាក៏ដូចជាការជឿទុកចិត្តដ៏ធំធេងនៅក្នុងថ្ងៃនេះ។
កិត្តិទេសាភិបាលបណ្ឌិតបន្តទៀតថា គាំទ្រជឿទុកចិត្តដ៏ធំធេងមានន័យមិនត្រឹមតែជាការលើកទឹកចិត្តដល់មហិមាចំពោះរាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាប៉ុណ្ណោះទេ តែក៏ជាការទទួលខុសត្រូវធំបំផុតរបស់ទាំងអស់គ្នា ក្នុងការបំពេញបេសកម្មជាតិដ៏ឧត្តុង្គឧត្តមឆ្លើយតបនឹងបំណងប្រាថ្នារបស់ប្រជាជន ជាពិសេសការធានាបន្តរក្សាបានរឹងមាំនូវសន្តិភាព ស្ថិរភាព សណ្តាប់ធ្នាប់ ព្រមទាំងការបន្តជំរុញកែលម្អជីវិតជីវភាពរបស់ប្រជាជននិងការអភិវឌ្ឍឈានឡើងឥតឈប់ឈររបស់ប្រទេសជាតិ។
កិត្តិទេសាភិបាលបណ្ឌិត មានប្រសាសន៍ថា «អាស្រ័យហេតុនេះ យើងទាំងអស់គ្នា ជាសហសេវឹកក្នុងរាជរដ្ឋាភិបាលត្រូវប្ដេជ្ញាប្រឹងប្រែងយ៉ាងខ្លាំងក្លាបំផុតឲ្យអស់សមត្ថភាពនៅក្នុងស្មារតី សាមគ្គីស្អិតរមួតនិងសហប្រតិបត្តិការល្អនិងការសម្រាប់សម្រួលប្រកបដោយប្រសិទ្ធភាពខ្ពស់ដើម្បីពេញបេសកកម្មជាតិដ៏ឧត្តុងឧត្តមនេះ ឲ្យបានសម្រេចជោគជ័យដល់ត្រចះត្រចង់អាណត្កិកិច្ចដែលប្រជាពលរដ្ឋយើងដ៏ច្រើនកុះករបានប្រគល់ជូន»៕