ថ្ងៃទី២៣ ខែសីហា កិច្ចជំនួបនៃថ្នាក់ដឹកនាំប្រទេស BRICS លើកទី១៥ បានធ្វើឡើង នៅក្រុងប្រេតូរីយ៉ា ប្រទេសអាហ្វ្រិកខាងត្បូង ។ ថ្នាក់ដឹកនាំប្រទេស BRICS ទាំង៥បានផ្លាស់ប្តូរមតិយោបល់យ៉ាង ស៊ីជម្រៅអំពីកិច្ចសហប្រតិបត្តិការ ប្រទេស BRICS និងបញ្ហាអន្តរជាតិសំខាន់ៗ ដែលយកចិត្តទុកដាក់រួមគ្នា ហើយបានដើរដល់គំនិតឯកភាព យ៉ាងទូលំទូលាយ ។ លោក Xi Jinping ប្រធានរដ្ឋចិនបានលើកឡើងថា ប្រទេស BRICS ជាកម្លាំងចលករសំខាន់ នៃការបង្កើតនិម្មាបនកម្មអន្តរជាតិ ត្រូវបញ្ចូលភាពប្រាកដប្រជា ភាពនឹងនរនិងកម្លាំងវិជ្ជមានកាន់តែច្រើន ដល់ពិភពលោក។
*តើប្រទេស BRICS មានឋានៈនិងតួនាទី យ៉ាងដូចម្តេចក្នុង និម្មាបនកម្មពិភពលោក?
គួរបញ្ជាក់ថា ប្រទេស BRICS ជាយន្តការសហប្រតិបត្តិការ អន្តរជាតិមួយ ដែលបង្កើតឡើង កាលពីឆ្នាំ២០០៦ ដោយប្រទេសចំនួន ៥ គឺ ប្រេស៊ីល(Brazil) រុស្ស៊ី(Russia)ឥណ្ឌា(India) ចិន(China)និងអាហ្វ្រិកខាងត្បូង(South Africa)។ គ្រាដំបូងគឺធ្វើកិច្ចសហប្រតិបត្តិការ លើវិស័យនយោបាយនិងសេដ្ឋកិច្ច ជាបណ្តើរៗ បានពង្រីកដល់វិស័យសន្តិសុខ បច្ចេកវិទ្យា កសិកម្ម វប្បធម៌ និងការអប់រំជាដើម ។
ក្នុងកិច្ចប្រជុំកំពូល លើកនេះ មេដឹកនាំប្រទេសទាំង ៥បានឯកភាពគ្នាថា តើធ្វើយ៉ាងណា ដើម្បីបញ្ចូលភាពប្រាកដប្រជា ក្នុងពិភពលោក ដ៏រង្គោះរង្គើគឺជារបៀបវារៈសំខាន់ ។ ទាក់ទិននឹងខ្លឹមសារនេះ លោក Xi Jinping បានលើកឡើងថា ៖ « ប្រទេស BRICS ជាកម្លាំងចលករសំខាន់ សម្រាប់បង្កើតនិម្មាបនកម្មអន្តរជាតិ ។ យើងជ្រើសរើសមាគ៌ា អភិវឌ្ឍន៍ដោយម្ចាស់ការ រួមគ្នាគាំពារសិទ្ធិអភិវឌ្ឍន៍ រួមគ្នាឆ្ពោះទៅរកទំនើបកម្ម គឺតំណាង ឱ្យទិសដៅឈានទៅមុខ នៃសង្គមមនុស្សជាតិ ដែលនឹងជះឥទ្ធិពលយ៉ាង ជ្រាលជ្រៅចំពោះវឌ្ឍនភាព នៃសកលលោក។ »
រយៈពេល ១៧ ឆ្នាំ បន្ទាប់ពីបានបង្កើតឡើង ប្រទេស BRICS បានលើកកម្ពស់សិទ្ធិបញ្ចេញមតិ និងឥទ្ធិពល នៃប្រទេសទីផ្សារ ងើបឡើងថ្មី និងប្រទេសកំពុង អភិវឌ្ឍន៍ជាបន្តបន្ទាប់ ។គិតត្រឹមបច្ចុប្បន្ន ទំហំសេដ្ឋកិច្ចសរុប របស់ប្រទេស BRICS បានកើនដល់ចំនួនប្រហែល1/4 នៃទំហំសេដ្ឋកិច្ចពិភពលោក ។ គួរបញ្ជាក់ផងដែរថា ក្នុងកិច្ចប្រជុំកំពូលលើកនេះ មានប្រទេសចំនួនលើសពី ២០ បានដាក់ពាក្យស្នើសុំចូល រួមជាមួយប្រទេស BRICS ដែលបានបង្ហាញយ៉ាងពេញលេញនូវ តម្លៃយុទ្ធសាស្ត្រ នៃយន្តការសហប្រតិបត្តិការ ប្រទេស BRICS ក្នុងកិច្ចការអន្តរជាតិ។ ទាក់ទិន នឹងករណីនេះ លោក Xi Jinping បានលើកឡើងថា ត្រូវឱ្យប្រទេសកាន់តែច្រើនឡើងៗ ចូលរួមមហាគ្រួសារ នៃប្រទេស BRICS ដើម្បីជំរុញឱ្យ ការធ្វើអភិបាលកិច្ច សកលអភិវឌ្ឍតាមទិសដៅ កាន់តែសមហេតុផល និងកាន់តែមានយុត្តិធម៌ ។
ក្នុងនាមជាកម្លាំងសំខាន់ នៃការបង្កើតនិម្មាបនកម្មអន្តរជាតិ លោក Xi Jinping បានគូសបញ្ជាក់ជាពិសេសថា ៖ « ក្នុងបញ្ហាអន្តរជាតិសំខាន់ៗ ប្រទេស BRICS បានប្រកាន់ខ្ជាប់ជានិច្ចនូវការ ផ្តោតលើភាពខុសនិងត្រូវនៃរឿងហេតុ បញ្ចេញសំឡេងយុត្តិធម៌ ដោះស្រាយតាមមធ្យោបាយយុត្តិធម៌ មិនដែលយក គោលការណ៍មកធ្វើការជួញដូរទេ មិនដែលចុះញ៉មនឹងកម្លាំងសម្ពាធខាងក្រៅ ហើយក៏មិនចំណុះប្រទេសដទៃដែរ។ » ប្រសាសន៍នេះ ក៏ជាសំឡេងចេញពីដួងចិត្ត របស់ប្រទេសទីផ្សារងើបឡើងថ្មី និងប្រទេសកំពុងអភិវឌ្ឍន៍ទាំងឡាយ។
អំពីការប៉ះទង្គិចរវាងរុស្ស៊ី និងអ៊ុយក្រែន ខុសគ្នានឹងប្រទេសលោកខាងលិចខ្លះ ដែលរង់ចាំតែទទួលផលប្រយោជន៍ពីក្នុងជម្លោះ ប្រទេសចិន អាហ្វ្រិកខាងត្បូង និងប្រេស៊ីលជាដើម គឺបានផ្តោតសំខាន់លើការដោះស្រាយវិបត្តិអ៊ុយក្រែន ដោយវិធីនយោបាយ។ ថ្លែងក្នុងសុន្ទរកថា លោក Xi Jinping បានលើកឡើងថា វិបត្តិអ៊ុយក្រែនឈានដល់សភាពដូចបច្ចុប្បន្ន គឺមានមូលហេតុស្មុគស្មាញ កិច្ចការបន្ទាន់គឺជំរុញឱ្យធ្វើការចរចាដោយសន្តិវិធី ជំរុញការបញ្ចប់សង្គ្រាមជាបណ្តើរៗ រហូតដល់ទទួលបានសន្តិភាព មិនត្រូវឱ្យសភាពការណ៍កាន់តែអាប់អួកាន់តែធ្ងន់ធ្ងរនោះទេ។ លោកបានបន្ថែមថា សន្តិសុខអន្តរជាតិ មិនអាចកាត់ផ្តាច់ពីគ្នាបានទេ ការដែលពលីផលប្រយោជន៍ប្រទេសដទៃ ដើម្បីគាំពារសន្តិសុខជាតិរបស់ខ្លួន នឹងបំផ្លាញខ្លួនឯងវិញ នៅទីចុងបំផុត។ នេះបានបង្ហាញម្តងទៀត នូវគំនិតរបស់លោក Xi Jinping ដែលប្រកាន់ខ្ជាប់ថាមនុស្សជាតិជាមហាគ្រួសារដែលរួមជោគវាសនា សន្តិសុខសកលតភ្ជាប់គ្នាយ៉ាងជិតដិត ហើយក៏ជាការឆ្លើយតបដ៏វិជ្ជមាន របស់លោក ចំពោះបំណងប្រាថ្នា របស់បណ្តាប្រទេសកំពុងអភិវឌ្ឍន៍ ដែលចង់សម្រេចអភិបាលកិច្ចសកល ដោយយុត្តិធម៌ និងមានសេដ្ឋកិច្ចរីកចម្រើន ។
*តើលោក Xi Jinping បានលើកឡើងវិធានការថ្មីណាខ្លះអំពីកិច្ចសហប្រតិបត្តិការប្រទេស BRICS ?
លោក Xi Jinping បានលើកឡើងថា កិច្ចសហប្រតិបត្តិការ ប្រទេស BRICSកំពុងស្ថិតក្នុងគ្រាគន្លឹះ គួរបង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ជំរុញទំនាក់ទំនងភាព ជាដៃគូប្រកប ដោយគុណភាពខ្ពស់ ជំរុញកំណែទម្រង់ នៃការធ្វើអភិបាលកិច្ច សកលឱ្យឈានទៅរកទិសដៅ កាន់តែយុត្តិធម៌ និងសមហេតុផល ដើម្បីបំពេញបន្ថែមភាពប្រាកដប្រជា ភាពនឹងនរនិងកម្លាំងវិជ្ជមានកាន់ តែច្រើនដល់ពិភពលោក។ ដូច្នេះហើយ លោកបានលើកឡើងវិធានការ ជាក់ស្តែងជាច្រើនក្នុងវិស័យដូចជាការអភិវឌ្ឍ សន្តិសុខ ការរួមបញ្ចូលខាងអរិយធម៌ជាដើម ។ ជាពិសេសលោក បានលើកឡើងថា ត្រូវធ្វើឱ្យកិច្ចសហប្រតិបត្តិការ ខាងសេដ្ឋកិច្ចឌីជីថល ខាងការអភិវឌ្ឍបៃតងនិងខាង ខ្សែសង្វាក់ផ្គត់ផ្គង់មានភាពកាន់តែស៊ីជម្រៅ។
ក្នុងវិស័យផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន លោក Xi Jinping បានលើកឡើងថា អរិយធម៌គឺចម្រុះបែប មាគ៌ាអភិវឌ្ឍន៍ក៏មានជម្រើសច្រើន បែបយ៉ាងដែរ នេះជាសភាព ដែលពិភពលោកគួរតែមាន ។ ប្រវត្តិសាស្ត្រមនុស្សជាតិ នឹងមិនបញ្ចប់ដោយសារអរិយធម៌ណា មួយឬយន្តការណា មួយនោះទេ ។ ប្រទេស BRICS ត្រូវផ្សព្វផ្សាយស្មារតីប្រមូលផ្តុំជាទូទៅ ដូចទឹកសមុទ្រដែលប្រមូលទឹកទន្លេ រាប់រយរាប់លានខ្សែ គួរផ្តួចផ្តើម ឱ្យអរិយធម៌ខុសគ្នា រួមរស់ដោយសន្តិភាព ត្រូវគោរពមាគ៌ាធ្វើទំនើបកម្មដែលប្រទេសនានា បានជ្រើសរើសដោយម្ចាស់ការ ប្រឆាំងការប្រឈម ដាក់គ្នាខាងមនោគមវិជ្ជា យន្តការប្រឈមដាក់គ្នា ឬ “ការប៉ះទង្គិចខាងអរិយធម៌ ” ។
អំពីអភិបាលកិច្ចសកល លោក Xi Jinping បានលើកឡើងថា ច្បាប់អន្តរជាតិត្រូវអនុលោមតាមកម្មវត្ថុនិងគោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិ ត្រូវតាក់តែងឡើងនិងគាំពារដោយមនុស្សទាំងអស់គ្នា ។ មិនអាចថា អ្នកណាខ្លាំង ក៏អ្នកនោះជាអ្នកសម្រេចនោះទេ រហូតដល់បង្កើតបក្សសម្ព័ន្ធ ចាត់ទុកច្បាប់ របស់បក្ខពួកថា ជាច្បាប់អន្តរជាតិ ។ ប្រទេស BRICS ត្រូវអនុវត្តពហុភាគី និយមដ៏ពិតប្រាកដ ដើម្បីគាំពារប្រព័ន្ធអន្តរជាតិ ដែលមានអង្គការ សហប្រជាជាតិជាស្នូល ។ លោកបានលើកឡើងទៀតថា ត្រូវឱ្យធនាគារអភិវឌ្ឍន៍ថ្មី ដើរតួនាទីកាន់តែសំខាន់ ដើម្បីជំរុញការធ្វើកំណែ ទម្រង់ នៃប្រព័ន្ធរូបិយវត្ថុនិង ហិរញ្ញវត្ថុអន្តរជាតិ ដើម្បីលើកកម្ពស់សិទ្ធិបញ្ចេញមតិ និងភាពជាតំណាងរបស់ប្រទេស កំពុងអភិវឌ្ឍន៍។
*តើប្រទេសចិននឹងធ្វើអ្វីខ្លះជូនប្រទេស BRICS ?
សម្រាប់ប្រទេសចិន ការបង្កើនជំនឿចិត្ត សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ ជាក់ស្តែងរបស់ប្រទេស BRICS ជាកិច្ចការដែលប្រទេសចិន បាននិង កំពុងធ្វើរហូតមក ។ លោក Xi Jinping បានថ្លែងថា ភាគីចិន មានឆន្ទៈរួមជា មួយគ្រប់ភាគីដើម្បីបង្កើត “យន្តការផ្លាស់ប្តូរនិង សហប្រតិបត្តិការ នៃឧស្សាហកម្មប្រកបដោយចីរភាព នៃប្រទេស BRICS ” ដើម្បីផ្តល់ជាវេទិកា សម្រាប់ផ្តល់គម្រោង សហប្រតិបត្តិការនិងការតភ្ជាប់ឧស្សាហកម្ម នៃការអនុវត្ត របៀបវារៈអភិវឌ្ឍន៍ ប្រកបដោយចីរភាពឆ្នាំ២០៣០ នៃអង្គការសហប្រជាជាតិ ។ ចិននឹងធ្វើឱ្យព្រឹត្តិការណ៍ ប្រកួតការច្នៃប្រឌិតថ្មី សម្រាប់ស្ត្រីជាដើម ដែលបង្កើតឡើងដោយប្រទេសចិន ដើរតួនាទីកាន់តែច្រើនឡើង ដើម្បីធ្វើឱ្យការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជននៃប្រទេស BRICS មានភាពកាន់តែស៊ីជម្រៅ ៕
អត្ថបទនិង រូបភាពដោយវិទ្យុមិត្តភាព កម្ពុជាចិន