តូក្យូ៖ លោក Haruo Ono អ្នកនេសាទនៅក្នុងទីក្រុងស៊ិនឈិ ក្នុងខេត្តហ្វូគូស៊ីម៉ា របស់ប្រទេសជប៉ុន បាននេសាទនៅក្នុងសមុទ្រអស់រយៈពេល ៥៦ឆ្នាំចាប់តាំងពីលោកមានអាយុ ១៥ឆ្នាំ ដោយលោកបានរិះគន់រដ្ឋាភិបាលជប៉ុន ដែលក្បត់សន្យាថា មិនបញ្ចេញទឹកវិទ្យុសកម្មចូលសមុទ្រ។
ទីក្រុងស៊ិនឈិ មានទីតាំងនៅភាគខាងកើត នៃខេត្តហ្វូគូស៊ីម៉ា ទល់មុខនឹងមហាសមុទ្រប៉ាស៊ីហ្វិក។ ទឹកនៅទីនេះជាកន្លែងដែលចរន្ត Kuroshio ក្តៅប៉ះនឹងចរន្តទឹកត្រជាក់ Oyashio ដូច្នេះជាកន្លែងនេសាទធម្មជាតិគុណភាពខ្ពស់។ អាហារសមុទ្ររបស់វាធ្លាប់ជាទីផ្សារលក់ដុំត្រីដ៏គួរឲ្យចាប់អារម្មណ៍ក្នុងទីក្រុងធំៗដូចជាតូក្យូជាដើម។
ប៉ុន្តែបន្ទាប់ពីការរញ្ជួយដីកម្រិត ៩រិចទ័របានវាយប្រហារភាគឦសានប្រទេសជប៉ុន នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០១១ ដែលត្រូវបានគេស្គាល់ផងដែរនៅក្នុងប្រទេសថា ជាគ្រោះរញ្ជួយដីដ៏ធំនៅប្រទេសជប៉ុន អ្នកលក់ដុំនៅផ្សារត្រី Tsukiji ដ៏ល្បីល្បាញរបស់ទីក្រុងតូក្យូ បានស្ទាក់ស្ទើរក្នុងការទិញផលិតផលត្រីពីហ្វូគូស៊ីម៉ា។ វាមិនទាន់ដល់ប៉ុន្មានឆ្នាំចុងក្រោយនេះទេ ដែលតម្លៃអាហារសមុទ្រហ្វូគូស៊ីម៉ា ត្រឡប់ទៅកម្រិតមុនការរញ្ជួយដីវិញ។
ថ្វីបើមានការប្រឆាំងយ៉ាងខ្លាំងពីសហគមន៍អន្តរជាតិក៏ដោយ ក៏ប្រទេសជប៉ុន បានចាប់ផ្តើមបញ្ចេញទឹកសំណល់ ដែលបំពុលដោយនុយក្លេអ៊ែរចេញពីរោងចក្រថាមពលនុយក្លេអ៊ែរ Fukushima Daiichi ចូលទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិកកាលពីថ្ងៃព្រហស្បតិ៍ ដែលបង្កឱ្យមានការព្រួយបារម្ភក្នុងចំណោមអ្នកនេសាទជាច្រើនអំពីជីវភាពរស់នៅរបស់ពួកគេ។
អ្នកនេសាទអាយុ ៧១ឆ្នាំរូបនេះ បានប្រាប់កាសែតស៊ិនហួ នៅក្នុងបទសម្ភាសន៍ថ្មីៗនេះថា “សម្រាប់យើង ការចញ្ចេញទឹកវិទ្យុសកម្មចូលទៅក្នុងសមុទ្រ គឺជាបញ្ហានៃការរស់រានមានជីវិត” ។
លោកលើកឡើងថា នាយករដ្ឋមន្ត្រីជប៉ុន និងរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្ម បានទៅទស្សនាហ្វូកូស៊ីម៉ា ជាច្រើនដង ប៉ុន្តែពួកគេមិនបានជួបផ្ទាល់ជាមួយអ្នកនេសាទ ហើយក៏មិនបានសុំយោបល់ពីពួកគេដែរ។
អ្វីដែលមិនអាចទទួលយកបានចំពោះអ្នកនេសាទគឺរដ្ឋាភិបាលមិនបានរក្សាពាក្យសម្ដីរបស់ខ្លួន។ លោកអះអាងថា អ្នកនេសាទបានបញ្ចេញសំឡេងប្រឆាំង ប៉ុន្តែរដ្ឋាភិបាល នៅតែធ្វើការសម្រេចចិត្តយ៉ាងប្រញាប់ប្រញាល់ ដែលមិនអាចទទួលយកបាន៕ ប្រែសម្រួល ឈូក បូរ៉ា