ភ្នំពេញ៖ លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល នាថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៣ បានអនុញ្ញាតឱ្យប្រធានសមាគម និងនិស្សិតជ័យលាភីចូលរួមសម្តែងការគួរសម និងផ្តល់អនុសាសន៍ណែនាំ ដល់និស្សិតអាហារូបករណ៍រដ្ឋាភិបាលសហព័ន្ធរុស្ស៊ី សរុបចំនួន ២២នាក់ មុននឹងចេញដំណើរទៅបន្តការសិក្សាថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅតាមបណ្តាសាកលវិទ្យាល័យក្នុងប្រទេសរុស្ស៊ីតាមមុខជំនាញ និងគោលដៅផ្សេងៗគ្នា។
ថ្លែងក្នុងឱកាសនេះ លោក កែវ រតនៈ បានចែករំលែកនូវបទពិសោធន៍ផ្ទាល់ខ្លួន និងសមិទ្ធផលការងារសំខាន់ៗ ក្នុងវិស័យរ៉ែ ថាមពល និងប្រេងកាត និងបានកោតសរសើរនូវស្នាដៃ ដឹកនាំគោលនយោបាយ របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា នាពេលកន្លងមក ក្រោមការដឹកនាំប្រកបគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលធ្វើឱ្យវិស័យថាមពលអគ្គិសនីនៅប្រទេសកម្ពុជា មានថ្លៃសមរម្យ ស្ថេរភាពក្នុងការផ្គត់ផ្គង់ សន្តិសុខ និងនិរន្តភាព។
បន្ថែមលើសពីនោះទៀត លោក កែវ រតនៈ បានធ្វើការលើកទឹកចិត្តដល់សិស្សនិស្សិត និងផ្តល់អនុសាសន៍ណែនាំជាច្រើន ពិសេសគឺការខិតខំប្រឹងប្រែងសិក្សាស្រាវជ្រាវ ក្រេបជញ្ជក់ចំណេះដឹង និងសម្រេចអោយបាននូវជោគជ័យជាផ្លែផ្កា ដើម្បីត្រឡប់មកអភិវឌ្ឍន៍ជាតិមាតុភូមិកម្ពុជា ឱ្យកាន់តែមានការរីក ចម្រើនថែមទៀត៕