ព័ត៌មានជាតិ

ក្រសួងមហាផ្ទៃ គ្រោងកែសម្រួល​​ លេខកូដសម្គាល់ រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ និងភូមិ

ភ្នំពេញ ៖ ក្រសួងមហាផ្ទៃនាថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣ បានបើកកិច្ចប្រជុំ ពិភាក្សារៀបចំ និងកែសម្រួលលេខកូដ សម្គាល់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ និងភូមិ ក្រោមអធិបតីភាព លោក លេង វី រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ដោយមានការអញ្ជើញចូលរួមពី អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ ប្រធាននាយកដ្ឋាន ព្រមទាំងសមាជិក ក្រុមការងារ ពាក់ព័ន្ធផងដែរ។

នាឱកាសនោះ លោករដ្ឋលេខាធិការ បានមានប្រសាសន៍ថា កិច្ចប្រជុំដើម្បីពិនិត្យ និងពិភាក្សាលើការងាររៀបចំ និងកែសម្រួលលេខកូដសម្គាល់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ និងភូមិ ក៏ដូចជាដើម្បីសិក្សាពីភាពចាំបាច់ និងឯកសារពាក់ព័ន្ធនានា ជាជំហានដំបូង ក្នុងក្របខណ្ឌក្រសួងមហាផ្ទៃ ដែលត្រូវប្រមូលចងក្រង ក្នុងការត្រៀមរៀបចំកិច្ចប្រជុំថ្នាក់អន្តរក្រសួង ដើម្បីពិភាក្សាពិគ្រោះយោបល់គ្នា។

ជាមួយគ្នានោះ លោក លី យ៉ាសាក់ ប្រធាននាយកដ្ឋានកិច្ចការរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានលើកឡើងថា កន្លងមក មានក្រសួង ស្ថាប័ន មួយចំនួន បានចេញសេចក្តីប្រកាស ដាក់ឲ្យប្រើប្រាស់លេខកូដសម្គាល់ភូមិសាស្ត្រនេះ ដោយស្វ័យអង្គភាពរៀងៗខ្លួន សម្រាប់បម្រើឲ្យផលប្រយោជន៍ និងការផ្តល់សេវា របស់ក្រសួង ស្ថាប័នរបស់ខ្លួន ដែលធ្វើឲ្យការប្រើប្រាស់លេខកូដសម្គាល់នេះខុសៗគ្នា មិនមានភាពច្បាស់ លាស់ និងមិនមានឯកសារគតិយុត្តផ្លូវការណា មួយ ឬមិនទាន់មានការណែនាំ ឲ្យប្រើប្រាស់ជាផ្លូវការ ដែលមានការឯកភាពគ្នា រវាងក្រសួង-ស្ថាប័នជាតិ និងថ្នាក់ក្រោមជាតិនៅឡើយ ដែលធ្វើឲ្យពិបាកក្នុងការរក្សាទិន្នន័យ។

ចំណែក លោក សួស ប្រាថ្នា អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានមានប្រសាសន៍ដែរថា ពាក់ព័ន្ធការរៀបចំលេខកូដសម្គាល់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ និងភូមិនេះ គឺជាការងារចាំបាច់ ដើម្បីធ្វើយ៉ាងណាឲ្យប្រព័ន្ធគ្រប់គ្រង មានស្តង់ដារតែមួយ ដោយមិនឲ្យមានការរៀបចំ កំណត់ប្រើប្រាស់ខុសៗគ្នា ដែលធ្វើឲ្យប្រជាពលរដ្ឋមានការ ពិបាកក្នុងការប្រើប្រាស់ និងទទួលសេវា ៕


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top