កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា នៅថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ ២០២៣ នេះ បានដឹកនាំក្រុមការងារ អញ្ជើញ ចែកវិញ្ញាបនបត្រសម្គាល់ ម្ចាស់អចលនវត្ថុ ជូនដល់បងប្អូនប្រជាពលរដ្ឋ ជាម្ចាស់ដីចំនួន ៦៥០ក្បាលដី ស្មើនឹង ៣៧៧ ម្ចាសកម្មសិទ្ធិករ នៅភូមិទី ៥ នៅឃុំព្រែកតានង់ ស្រុកកោះសូទិន ។
ស្ថិតក្នុងឱកាសនោះ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានថ្លែងនូវការកោតសសើរ ដល់ក្រុមការងារចុះបញ្ជីដីធ្លី និងស្ថាប័ន-អង្គភាពពាក់ ព័ន្ធទាំងអស់ ដែលបានខិតខំសម្រេចកិច្ចការនេះ ដោយស្មារតីទទួលខុសត្រូវ និងតម្លាភាព ។
លោកអភិបាល ខេត្ត បានគូសបញ្ជាក់ថា ក្បាលដីដែលបងប្អូនបានចុះបញ្ជី នៅក្នុងសៀវភៅគោលបញ្ជីដីធ្លី និងទទួលបាន កម្មសិទិ្ធនេះ គឺជាការបានបំពេញលក្ខខណ្ឌគ្រឹះ ដ៏រឹងមាំដែលធានា ដោយរដ្ឋ និងការពារដោយច្បាប់ ហើយក៏ជាលក្ខខណ្ឌ សំខាន់សម្រាប់ការប្រើប្រាស់ប័ណ្ណដី ដោយការដាក់ធានា ខ្ចីប្រាក់នៅធនាគារ ដើម្បីយកដើម ទុន មកប្រើប្រាស់សម្រាប់ ធ្វើអាជីវកម្មផ្សេងៗ ក្នុងការកែលម្អជីវភាពរស់នៅផងដែរ ។
ដូច្នេះការចុះបញ្ជីដីធ្លី គឺជាការពង្រឹង សុវត្ថិភាព នៃការកាន់កាប់ដីធ្លី ដែលនឹងជំរុញការប្រើប្រាស់ដីអោយអស់សក្តានុពល ហើយកត្តានេះ ពិតជានឹងកាត់ បន្ថយភាពក្រីក្រ ដែលជាគោលដៅ ចុងក្រោយ នៃគោលនយោបាយជំរុញ ការចុះបញ្ជីដីធ្លីរបស់រាជរដ្ឋាភិបាល ។
លោកអភិបាលខេត្ត បានបញ្ជាក់ទៀតថា ប័ណ្ណកម្មសិទិ្ធដែលបងប្អូនទទួលនៅថ្ងៃនេះ គឺជាឯកសារមួយសំខាន់ណាស់ ជាឯកសារតំណាង អោយទ្រព្យ របស់បងប្អូន ជាឯកសារតំណាងអោយសិទិ្ធ នៃកម្មសិទិ្ធ ដែលជាសិទិ្ធផ្តាច់មុខ របស់កម្មសិទិ្ធករ លើដីធ្លីរបស់ខ្លួន ក្នុងការប្រើប្រាស់និងអាស្រ័យផល ក្នុងការលក់ដូរ ការផ្ទេរទៅអ្នកដទៃ ការដាក់ធានាខ្ចី ប្រាក់ ការផ្ទេរមរតកទៅអោយកូន ចៅ ដោយអនុលោម តាមការកំណត់នៃច្បាប់ អាស្រ័យហេតុនេះ សូមបងប្អូនរក្សាប័ណ្ណកម្មសិទិ្ធនេះ អោយបានល្អបំផុត ៕