ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសរំលេចពីតួនាទីដ៏សំខាន់ របស់ពាណិជ្ជកម្ម ក្នុងការចូលរួមដោះស្រាយបញ្ហា ប្រឈមសកលទាំងឡាយ ជាពិសេសការធ្វើពាណិជ្ជកម្ម មិនគួរត្រូវបានប្រើប្រាស់ជាអាវុធ ដែលបំផ្លាញ ដល់សន្តិសុខ សេដ្ឋកិច្ចពិភពលោកនោះទេ ។
ការថ្លែងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ធ្វើឡើងនៅក្នុងពិធីសម្ពោធបើកពិព័រណ៍ចិន-អាស៊ាន លើកទី ២០ ឆ្នាំ២០២៣ ក្រោមប្រធានបទ «រួមគ្នាកសាងសហគមន៍មួយ ប្រកបដោយភាពសុខដុម និង វាសនាតមួយ» នាទីក្រុងណាននីង នៃសាធារណរដ្ឋប្រជាមានិតចិន នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ ។
សម្តេចធិបតី បានមានប្រសាសន៍ថា “ក្នុងបរិការណ៍សកលលោក ដែលពោរពេញទៅដោយភាពមិនប្រាកដប្រជា, ការរៀបចំ ពិព័រណ៍ចិន-អាស៊ាន លើកទី ២០ ពិតជាមានសារៈសំខាន់ សម្រាប់ផ្សារភ្ជាប់ទំនាក់ទំនងរវាង តំបន់ឱ្យកាន់តែស្អិតរមួត ប្រកបដោយភាពសុខដុម ដើម្បីចូលរួមលើកកម្ពស់ ការអភិវឌ្ឍប្រកប ដោយចីរភាព ។ ជាងនេះទៅទៀត ការណ៍នេះបានបង្ហាញឱ្យឃើញថា កិច្ចសហប្រតិបត្តិការរួម បញ្ចូលជាមួយនឹងការធ្វើពាណិជ្ជកម្ម ដោយសេរី និង បើកចំហ គឺជាវិថីតែមួយគត់ ដែលនាំមកនូវ សុខសន្តិភាព និង វិបុលភាពរួម យ៉ាងពិតប្រាកដ”។
សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍បន្តថា “យើងមានកិច្ចសហប្រតិបត្តិការដ៏ប្រសើរជាមួយគ្នា តាមរយៈនិម្មាបនកម្មតំបន់ដែលដឹកនាំ ដោយអាស៊ាន ដូចជា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ចិន, កិច្ចព្រមព្រៀងអាសិប និង កិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគី ជាច្រើនទៀត ។ នៅក្នុងក្របខណ្ឌ័ទាំងអស់នេះ, ពិព័រណ៍នេះ គឺជាសកម្មភាពជាក់ស្ដែង ដែលបង្កើតបាននូវសហថាមភាព ក្នុងការជំរុញទំហំពាណិជ្ជកម្មអាស៊ាន- ចិន ឱ្យមានសន្ទុះកាន់តែខ្លាំងក្លាផងដែរ ។ យើងទាំងអស់គ្នា ពិតជាមានមោទនភាព ដែលទំហំ ពាណិជ្ជកម្មអាស៊ាន-ចិន បានកើនឡើងដល់ ៧២២ ពាន់លានដុល្លារអាម៉េរិក កាលពីឆ្នាំមុន” ។
សម្តេចនាយករដ្ឋមន្ត្រី បន្តថា “នៅពេលដែលជំងឺកូវីដ-១៩ បានធ្វើឱ្យពិភពលោកចលាចល ចលនាទាំងឡាយរបស់ មនុស្សជាតិត្រូវបានធ្លាក់ចុះ ប៉ុន្តែយើងបានឃើញដោយផ្ទាល់ថា រំហូរពាណិជ្ជកម្មទំនិញនៅតែបន្តដំណើរការ ។ ក្នុងឆ្នាំ ២០២១ និង ២០២២ ពាណិជ្ជកម្មទំនិញ បានកើនឡើងខ្ពស់ជាងកម្រិត មុនជំងឺកូវីដ-១៩ ផ្ទុះឡើងទៀត ដែលនេះបញ្ជាក់ពីតួនាទីដ៏សំខាន់ នៃពាណិជ្ជកម្ម ក្នុងការធានា សន្តិសុខផ្នែកសង្គម-សេដ្ឋកិច្ច របស់ប្រជាជនលើពិភពលោក ។ នៅពេលដែលវិបត្តិជំងឺរាតត្បាត បានថមថយទៅ យើងកំពុងតែជួបប្រទះ នឹងបញ្ហាប្រឈម ផ្សេងទៀត ដូចជា ការកើនឡើងនៃថ្លៃទំនិញយុទ្ធសាស្ត្រ សន្តិសុខស្បៀង និងផលប៉ះពាល់ពីការ ប្រែប្រួលអាកាសធាតុជាដើម” ។
សម្តេចនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា “ខ្ញុំចង់គូសរំលេចពីតួនាទីដ៏សំខាន់របស់ ពាណិជ្ជកម្ម ក្នុងការចូលរួមដោះស្រាយបញ្ហា ប្រឈមសកលទាំងឡាយនេះ ដើម្បីធានាថា ការពឹង ផ្អែកទៅវិញទៅមក និងសកលភាវូបនីយកម្ម គឺជាការផ្ដល់ផលប្រយោជន៍ទៅវិញទៅមក ។ ការធ្វើ ពាណិជ្ជមិនគួរត្រូវបានប្រើប្រាស់ជាអាវុធ ដែលបំផ្លាញដល់សន្តិសុខសេដ្ឋកិច្ចពិភពលោកនោះទេ” ។
ក្នុងន័យនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត អះអាងថា អាស៊ាន និង ចិន គឺជាតួអង្គដ៏សំខាន់ ដែលយើងអាចបង្ហាញឧទាហរណ៍ដល់ ពិភពលោកពីផលប្រយោជន៍ ដែលកើតចេញពីការពង្រឹង កិច្ចសហប្រតិបត្តិការពហុភាគី ដោយមិន ទោរទន់ទៅរកនិន្នាការគាំពារនិយម ឯកតោភាគីនិយម ឬ គំនិតជាតិនិយមសេដ្ឋកិច្ច នោះទេ ។ ក្នុងទិសដៅខាងមុខ អាស៊ាន និង ចិន ត្រូវខិតខំពង្រឹងកិច្ចសហប្រតិបត្តិការ និង ការពឹងពាក់គ្នា ទៅវិញទៅមកបន្ថែមទៀត តាមរយៈការបន្តបើកច្រកទីផ្សារ ការពង្រឹងការតភ្ជាប់ ការពង្រឹងភាពធន់ នៃខ្សែច្រវាក់ផ្គត់ផ្គង់ ការពង្រឹងសមត្ថភាពផលិតកម្មតភ្ជាប់ ទៅនឹងការផ្គត់ផ្គង់ ការពង្រឹងកិច្ច សម្រួលពាណិជ្ជកម្ម និង រួមគ្នាជំរុញសកម្មភាពវិនិយោគ ទៅវិញទៅមក៕