ព័ត៌មានជាតិ

ពិព័រណ៍ចិន-អាស៊ាន លើកទី២០ បង្កើនអានុភាពកសាងសេដ្ឋកិច្ច តំបន់ប្រកបដោយភាពរឹងមាំ

ពិព័រណ៍ចិន-អាស៊ាន ជាវេទិកានៃការផ្លាស់ប្តូរពាណិជ្ជកម្ម និងវិនិយោគដ៏សំខាន់រវាងបណ្តាប្រទេស ជាសមាជិកអាស៊ាននិងប្រទេសចិន។ ការរៀបចំចូលរួមពិព័រណ៍ចិន-អាស៊ានលើកទី២០ ក្នុងឆ្នាំ២០២៣នេះដែលប្រព្រឹត្ត ទៅចាប់ពីថ្ងៃទី១៦-២០ ខែកញ្ញា ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលសន្និសីទ និងពិព័រណ៍អន្តរជាតិ នាទីក្រុងណាននីង តំបន់ស្វយ័តក្វាងស៊ី សាធារណរដ្ឋប្រជាមានិតចិន ក្រោមប្រធានបទ រួមគ្នាកសាងសហគមន៍មួយ ប្រកបដោយភាពសុខដុមនិងវាសនាតែមួយ និងជាឆ្នាំគម្រប់ខួបអនុស្សាវរីយ៍លើកទី២០ នៃភាពជាដៃគូយុទ្ធសាស្ត្រ គ្រប់ជ្រុងជ្រោយរវាងចិន-អាស៊ាន។ គណៈកម្មការរៀបចំពិព័រណ៍ បានអញ្ជើញប្រទេសជាសមាជិកអាស៊ានទាំងអស់ រៀបចំដឹកនាំប្រតិភូពាណិជ្ជកម្ម ដែលមានរួមមានអ្នកតាំងពិព័រណ៍ អ្នកទស្សនាពិព័រណ៍ដើម្បីជួបដៃគូពាណិជ្ជកម្ម ទៅចូលរួមដោយផ្ទាល់ និងចូលរួមក្នុងកម្មវិធីសំខាន់ៗ ដូចជា វេទិធុរកិច្ច វិនិយោគ និងទេសចរណ៍កម្ពុជា-ចិន វេទិកាធុរកិច្ចនិងវិនិយោគចិន-អាស៊ានជាដើម។

ពិព័រណ៍ចិន-អាស៊ាន ជាពេលវេលាដ៏សមស្របលើ ដំណើរការដ៏ល្អប្រសើរនៃសង្គម-សេដ្ឋកិច្ច របស់ប្រទេសចិននិងអាស៊ាន ក្នុងការជំរុញបន្ថែមនូវកំណើន ទំហំពាណិជ្ជកម្មរបស់អាស៊ាន-ចិន ដែលបានកើនដល់ ៧២២ពាន់លានដុល្លារអាមេរិក កាលពីឆ្នាំ២០២២ ហើយក៏ជាការលើកទឹកចិត្ត ដល់បណ្តាសហគ្រាសនានាចូលរួម ជាកម្លាំងកាន់តែសកម្មលើសកម្មភាព ពាណិជ្ជកម្មថែមទៀតដែរ ជាក់ស្តែងក្នុងឆ្នាំ២០២៣នេះ សហគ្រាសដែលចូលរួមពិព័រណ៍ចិន-អាស៊ាន លើកនេះមានចំនួនជិត២០០០ ហើយទំហំសរុបសម្រាប់តាំងពិព័រណ៍គឺ ១សែន២ពាន់ម៉ែត្រក្រឡា រីឯទំហំតំបន់តាំងពិព័រណ៍បរទេស គឺលើសពី៣០% ក្នុងនោះតំបន់តាំងពិព័រណ៍ ទំនិញអាស៊ានបានទាក់ទាញ សហគ្រាសម៉ាកល្បីឈ្មោះទ្រង់ទ្រាយធំ របស់ប្រទេសអាស៊ានចំនួនប្រហែល ៦៤០ចូលរួមពិព័រណ៍លើកនេះ។

ពិព័រណ៍ចិន-អាស៊ាន ក៏ជាការឆ្លុះបញ្ចាំងឱ្យឃើញនូវ កិច្ចខិតខំប្រឹងប្រែងរួមគ្នារវាងចិន និងអាស៊ានក្នុងរយៈពេលជាង បីទសវត្សរ៍កន្លងមកនេះ ដែលអាចឱ្យយើងវាយតម្លៃបានយ៉ាងច្បាស់ថា ទំនាក់ទំនងរវាងចិននិងអាស៊ាន កាន់តែជិតស្និតនិងរឹងមាំទោះបីជា ប្រទេសទាំងអស់កំពុងហែលឆ្លងកាត់ នូវស្ថានភាពលំបាករៀងៗខ្លួនយ៉ាងណាក៏ដោយ ក៏ចិននិងអាស៊ានបានបោះជំហានរួមគ្នា ដើម្បីកសាងសហគមន៍ជោគវាសនារួម ហើយចិននិងអាស៊ានកំពុង បើកទំព័រថ្មីឆ្ពោះទៅរកវិបុលភាពរួមគ្នា។ ការណ៍នេះបានបង្ហាញឱ្យឃើញថា កិច្ចសហប្រតិបត្តិការរួមបញ្ចូលជាមួយនឹង ការធ្វើពាណិជ្ជកម្មដោយសេរីនិងបើកចំហ គឺជាវិថីតែមួយគត់ដែលនាំមកនូវសុខសន្តិភាព និងវិបុលភាពរួមយ៉ាងពិតប្រាកដ។

ពិព័រណ៍ចិន-អាស៊ាន បានផ្តល់ជាសក្ខីកម្មដែល មិនអាចប្រកែកបានថា ចិននិងអាស៊ានគឺជាដៃគូពាណិជ្ជកម្មដ៏ធំបំផុត របស់គ្នាទៅវិញទៅមកក្នុងរយៈពេល ៣ឆ្នាំជាប់គ្នា ជាក់ស្តែងនៅឆ្នាំ២០២២ ទំហំពាណិជ្ជកម្មរវាងប្រទេសចិន និងបណ្តាប្រទេសអាស៊ានលើសពី ៦.៥២ពាន់ពាន់លានយាន់កើនឡើង ១៥% ពីមួយឆ្នាំទៅមួយឆ្នាំ ហើយបានបន្តក្លាយជាដៃគូពាណិជ្ជកម្មដ៏ធំបំផុត រវាងគ្នាទៅវិញទៅមកចាប់ពីខែមករាដល់ខែសីហា ឆ្នាំ២០២៣នេះ ដោយបានជំរុញពាណិជ្ជកម្មចិន-អាស៊ានបានឈានដល់ ៤.១១ពាន់ពាន់លានយាន់ កើនឡើង១.៦% ពីមួយឆ្នាំទៅមួយឆ្នាំ។ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក៏បានបង្ហាញពីទិសដៅខាងមុខដែលអាស៊ាន និងចិនត្រូវបន្តកិច្ចខិតខំពង្រឹង កិច្ចសហប្រតិបត្តិការនិងការពឹងពាក់ គ្នាទៅវិញទៅមកបន្ថែមទៀត តាមរយៈការបន្តបើកច្រកទីផ្សារ ការពង្រឹងការតភ្ជាប់ ការពង្រឹងភាពធន់នៃខ្សែច្រវាក់ផ្គត់ផ្គង់ ការពង្រឹងសមត្ថភាពផលិតកម្មតភ្ជាប់ទៅនឹងការផ្គត់ផ្គង់ ការពង្រឹងកិច្ចសម្រួលពាណិជ្ជកម្ម និងរួមគ្នាជំរុញសកម្មភាពវិនិយោគទៅវិញទៅមក។

ពិព័រណ៍ចិន-អាស៊ាន បានលើកទឹកចិត្តដល់ការបង្កើត ប្លុកពិព័រណ៍បច្ចេកវិទ្យាឌីជីថលជាលើកដំបូង ដែលជាការបង្ហាញឱ្យឃើញនូវ ការរួមកម្លាំងរវាងប្រទេសចិន ជាមួយអាស៊ានចាប់យកនូវកាលានុវត្តភាព ជាប្រវត្តិសាស្ត្រដែលបានផ្តល់ឲ្យ ដោយបដិវត្តន៍ផ្នែកវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាថ្មី និងការផ្លាស់ប្តូរផ្នែកឧស្សាហកម្ម ផ្លាស់ប្តូរគំរូនៃកំណើនសេដ្ឋកិច្ច ជំរុញកំណើនសេដ្ឋកិច្ចដោយប្រើប្រាស់នវានុវត្តន៍ ហើយបង្កើនប្រសិទ្ធភាពកម្លាំងផលិតកម្ម និងនវានុវត្តន៍បន្ថែមទៀត ដែលក្នុងនោះក្រុមហ៊ុនដ៏ឆ្នើមចំនួន១៦៦ ក្នុងមុខរបរឧស្សាហកម្មបច្ចេកវិទ្យា ឌីជីថលបច្ចេកវិទ្យាថ្មីៗ និងផលិតផលថ្មីៗមួយចំនួនធំត្រូវបាន ដាក់បង្ហាញនៅក្នុងពិព័រណ៍ បច្ចេកវិទ្យាឌីជីថលលើកនេះ។

ជារួម ពិព័រណ៍ចិន-អាស៊ាន ជាការប្តេជ្ញាចិត្តខ្ពស់រវាងចិន និងអាស៊ានដែលតែងបានប្រកាន់ខ្ជាប់ នូវច្បាប់នានារបស់អង្គការ ពាណិជ្ជកម្មពិភពលោក គាំទ្រដល់ប្រព័ន្ធពាណិជ្ជកម្មពហុភាគី ដែលមានលក្ខណៈ បើកចំហ តម្លាភាព បរិយាប័ន្ន និងគ្មានការរើសអើង ហើយកសាងសេដ្ឋកិច្ច តំបន់អាស៊ីមួយដែលបើកចំហ។ តាមរយៈពិព័រណ៍ចិន-អាស៊ានរយៈពេល២០ឆ្នាំនេះ បានផ្តល់ផលជាច្រើនក្រោម កិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ ដែលប្រទេសចិននិងអាស៊ាន នឹងបង្កើនកិច្ចគាំទ្ររបស់ខ្លួន ទៅលើពហុភាគីនិយម ស្របពេលដែលប្រទេសចិននិងអាស៊ាន កំពុងបន្តការអភិវឌ្ឍខ្លួនឯង៕
ដោយបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាព កម្ពុជា-ចិន

To Top