ម៉ូស្គូ៖ លោក វ៉ាង យី រដ្ឋមន្ត្រីការបរទេសចិន និងជានាយកការិយាល័យគណៈកម្មការកិច្ចការបរទេស នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន បានឲ្យដឹងថា ក្នុងនាមជាប្រទេសសំខាន់ៗ ក្នុងពិភពលោក និងជាសមាជិកអចិន្ត្រៃយ៍ នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ចិន និងរុស្ស៊ី ត្រូវមានការទទួលខុសត្រូវយ៉ាងសំខាន់ ដើម្បីរក្សាស្ថិរភាពជាយុទ្ធសាស្ត្រសកល និងជំរុញការអភិវឌ្ឍន៍ និងវឌ្ឍនភាពពិភពលោក។
នៅក្នុងនោះដែររដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី បានឲ្យដឹងថា នៅចំពោះមុខការកើនឡើង នៃលទ្ធិឯកតោភាគី អនុត្តរភាព និងការប្រឈមមុខដាក់គ្នា ក្នុងប្លុក ប្រទេសចិន និងរុស្ស៊ីគួរតែប្រកាន់ខ្ជាប់នូវលទ្ធិពហុភាគី និយមពិតប្រាកដ ដោយលោកបានធ្វើការកត់សម្គាល់ ក្នុងពេលជួបជាមួយរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov ។
លោក វ៉ាង យី ក៏ជាសមាជិកការិយាល័យ នយោបាយ នៃគណៈកម្មាធិការមជ្ឈិមបក្ស កុម្មុយនិស្តចិន ផងដែរនោះ បានឲ្យដឹងថា ប្រទេសទាំងពីរក៏គួរ តែធ្វើតាមនិន្នាការនៃសម័យកាល ទំនួលខុសត្រូវក្នុងឋានៈជាប្រទេសធំៗ និងបំពេញកាតព្វកិច្ច អន្តរជាតិតាមតម្រូវការ។
លោកក៏បានអំពាវនាវឱ្យភាគីទាំងពីរ លើកកម្ពស់ពហុប៉ូលក្នុងពិភពលោក និងជំរុញការអភិវឌ្ឍន៍អភិបាលកិច្ចពិភពលោកក្នុងទិសដៅដ៏ត្រឹមត្រូវ និងសមធម៌ជាងមុន តាមរយៈការពង្រឹង ការសម្របសម្រួលជាយុទ្ធសាស្ត្រ។
លោក វ៉ាង យី បានលើកឡើងថា ក្នុងនាមជាប្រទេសធំៗ ក្នុងពិភពលោក និងជាសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ លោកថា ប្រទេសចិន និងរុស្ស៊ី មានទំនួលខុសត្រូវសំខាន់ក្នុងការរក្សាស្ថិរភាព ជាយុទ្ធសាស្ត្រសកល និងការលើកកម្ពស់ការអភិវឌ្ឍន៍ និងវឌ្ឍនភាពពិភពលោក។
លោក បន្ដថា ក្រោមការណែនាំជាយុទ្ធសាស្ត្រ របស់ប្រមុខរដ្ឋទាំងពីរ ទំនាក់ទំនងចិន-រុស្ស៊ី បានរក្សាសន្ទុះ សម្រាប់ការអភិវឌ្ឍន៍ប្រកបដោយស្ថិរភាព ជាមួយនឹងការពង្រឹងកិច្ចសហប្រតិបត្តិការជាក់ស្តែង ការផ្លាស់ប្តូរវប្បធម៌ចម្រុះពណ៌ និងការរីកចម្រើនយ៉ាងឆាប់រហ័សនៃការផ្លាស់ប្តូរបុគ្គលិក។
លោកបន្ថែមថា ទំនាក់ទំនងចិន-រុស្ស៊ី ដែលមានទំនាក់ទំនងមិត្តភាព ជាអ្នកជិតខាងល្អជាអចិន្ត្រៃយ៍ ការសម្របសម្រួលយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងកិច្ចសហប្រតិបត្តិការ ដែលមានផលប្រយោជន៍ទៅវិញទៅមក នឹងបន្តរួមចំណែកដល់ការអភិវឌ្ឍន៍ និងការរស់ឡើងវិញនៃប្រទេសទាំងពីរ និងនាំមកនូវផលប្រយោជន៍សំខាន់ៗ សម្រាប់ប្រជាជនទាំងពីរ ។
សម្រាប់ផ្នែករបស់លោក លោក Lavrov បានលើកឡើងថា កាលពីខែមីនា ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានបំពេញទស្សនកិច្ចប្រកប ដោយជោគជ័យនៅប្រទេសរុស្ស៊ី និងបានជួបប្រជុំដ៏សំខាន់មួយ ជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀ ពូទីន ដែលបានកំណត់ទិសដៅ សម្រាប់អនាគតនៃទំនាក់ទំនងរុស្ស៊ី-ចិន ៕
ប្រែសម្រួល ឈូក បូរ៉ា