ព័ត៌មានជាតិ

ពលរដ្ឋខណ្ឌសែនសុខ លើកកង្វល់ធ្វើប័ណ្ណកម្មសិទ្ធិមិនបាន ទោះមានឯកសាររស់នៅច្រើនឆ្នាំ

ភ្នំពេញ ៖ ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សា រាជធានីភ្នំពេញអាណត្តិទី៣ នៅខណ្ឌសែនសុខ នាថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩ ប្រជាពលរដ្ឋ បានស្នើសុំកិច្ចអន្តរាគមន៍ពីលោក ប៉ា សុជាតិវង្ស ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ ជួយដោះស្រាយករណី អាជ្ញាធរមិនព្រមធ្វើប័ណ្ណកម្មសិទ្ធិដីធ្លីឲ្យ បើទោះបីជាពួកគាត់ មានឯកសារត្រឹមត្រូវ បញ្ជាក់ពីការរស់នៅ ជាច្រើនឆ្នាំមកហើយក្តីក៏ដោយ ។

លោក ប៉ា សុជាតិវង្ស មានប្រសាសន៍ថា វេទិកាដើម្បីស្តាប់កង្វល់ ក៏ដូចជាការស្នើសុំរបស់ពលរដ្ឋ នៃកង្វះខាតពីអាជ្ញាធរ ។ លោកថា ពលរដ្ឋអាចបញ្ចេញមតិ និងធ្វើការស្នើសុំដោយផ្ទាល់មាត់ និងសរសេរលើក្រដាស ដាក់ក្នុងប្រអប់ មកកាន់ក្រុមប្រឹក្សារាជធានី ធ្វើយ៉ាងណាឈាន ទៅរកការដោះស្រាយ តាមដំណាក់កាលនីមួយៗ ។

ក្រោយស្តាប់ការលើកឡើង របស់លោក ប៉ា សុជាតិវង្ស ពលរដ្ឋបានបញ្ចេញមតិ និងលើកឡើងបញ្ហា ដែលពួកគេកំពុងតែត្រូវការ ឲ្យជួយអន្តរាគមន៍ និងដោះស្រាយ។ ជាពិសេសបានលើកបញ្ហា សុំធ្វើប័ណ្ណកម្មសិទ្ធិដីធ្លី កំពុងរស់នៅមិនបាន បើទោះបីពួកគេបានអះអាងថា មានឯកសារបញ្ជាក់ច្បាស់ ពីការរស់នៅជាច្រើនឆ្នាំមកហើយក្តី តែអាជ្ញាធរ ហាក់មិនអើពើ និងមិនបានសម្រួលដល់នីតិវិធី តាមការស្នើសុំ។ ពួកគេបានលើកឡើងថា ការស្នើសុំត្រូវបានពន្យាពេល និងរុញដាក់គ្នាពីមួយទៅមួយ ពីសំណាក់អាជ្ញាធរ ៕ ដោយ៖ ដារាត់

To Top