ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានសម្តែងនូវអំណរគុណ ដល់អ្នកគោរពស្រលាញ់ និងគាំទ្រសម្តេច ក្នុងឱកាសជួបចំណេះសំណាល ដ៏ជិតស្និទជាមួយពលរដ្ឋខ្មែរ រស់នៅសហរដ្ឋអាមេរិក និងកាណាដា មកជួបជុំគ្នានៅទីក្រុងញូវយ៉ក ។
យោងតាមឆានែលតេឡេក្រាម សម្តេចធិបតី ហ៊ុន ម៉ាណែត នាថ្ងៃទី២៥ កញ្ញានេះ បានលើកឡើងថា “ខ្ញុំព្រះករុណាខ្ញុំ សូមថ្វាយការអរព្រះគុណ ប្រគេនព្រះសង្ឃគ្រប់ព្រះអង្គ និងអរគុណចំពោះ អ៊ុំពូមីង បងប្អូនប្រជាពលរដ្ឋខ្មែរ ចំនួនប្រមាណជាង២.៥០០នាក់ ដែលបានអញ្ជើញមកពីតាមបណ្តារដ្ឋ និងខេត្តនានា ក្នុងសហរដ្ឋអាមេរិក និងប្រទេសកាណាដា ដើម្បីជួបជុំគ្នានៅទីក្រុងញូវយ៉ក”។
សម្តេចនាយករដ្ឋមន្ត្រីបន្តថា ការណ៍នេះគឺជាការបង្ហាញនូវភាពកក់ក្តៅ ប្រកបដោយស្មារតីរួបរួម គាំទ្រជាមហាគ្រួសារតែមួយ ជូនចំពោះប្រជាជន និងរាជរដ្ឋាភិបាលកម្ពុជា។
ក្នុងនោះដែរ សម្តេចធិបតី ក៏បានថ្លែងអំណរគុណ ដល់ក្រុមការងារយុវជន និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដែលបានជួយរៀបចំកម្មវិធីជួបជុំដ៏មានអត្ថន័យ ក្នុងធ្លុងសាមគ្គីភាព នៃមហាគ្រួសារខ្មែរ ប្រកបដោយភាពសប្បាយរីករាយ និងស្និទស្នាលបំផុតផងដែរ៕