ព័ត៌មានជាតិ

វចនានុក្រមខ្មែរ បោះពុម្ភជាសៀវភៅ និងទម្រង់ឌីជីថល ជាង៤ម៉ឺនពាក្យ បានដាក់ឲ្យដំណើរការ

ភ្នំពេញ៖ វចនានុក្រមខ្មែរ បោះពុម្ភជាសៀវភៅ និងជាទម្រង់ឌីជីថល មានចំនួន ៤៤,៦៩៧ពាក្យ ក្នុងនោះ ការដាក់ជាមេពាក្យ ចំនួន ៣១,០៧៣ពាក្យ ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាសជាផ្លូវការ ក្រោមអធិបតីភាព លោក វង្ស៊ី វិស្សុត ឧបនាយករដ្ឋមន្ដ្រី ប្រចាំការរដ្ឋមន្ដ្រីទទួលបន្ទុក ទីស្ដីការគណៈរដ្ឋមន្ដ្រីនាព្រឹកថ្ងៃ២៥ កញ្ញា ។

លោកបណ្ឌិត ហ៊ាន សុខុម ប្រធានក្រុមប្រឹក្សាជាតិភាសាខ្មែរ នៃរាជបណ្ឌិត្យសភាកម្ពុជាដែលជាស្ថាប័ន ទទួលបន្ទុករៀបចំតាក់តែងវចនានុក្រមខ្មែរ បោះពុម្ភជាសៀវភៅនេះឡើង បានឲ្យដឹងថា ការរៀបចំធ្វើឡើងនូវវចនានុក្រមខ្មែរនេះ មានរយៈពេល ៥ឆ្នាំ និងមានសមាសភាពពី គណៈកម្មការជាតិរៀបចំវចនានុក្រម ចំនួន ៦៥នាក់ ដែលជាបញ្ញវន្ដគ្រប់វ័យ ព្រឹទ្ធាចារ្យ និងព្រះសង្ឃ ដែលមានជំនាញភាសាវិទ្យា អក្សរសាស្ដ្រ ប្រវត្តសាស្ដ្រ សេដ្ឋកិច្ច ជាដើម។ ក្រុមការងារ បានខិតខំប្រឹងប្រែងប្រមូល ពាក្យពេចន៍ទៅតាមលំដាប់ នៃពេលវេលា ក្នុងឯកសារសរសេរនានា និងទៅតាមវិស័យ នៃការប្រើប្រាស់ពាក្យ។ លោកបណ្ឌិត ថា «ពាក្យដែលមានក្នុងវចនានុក្រមខ្មែរនេះ មានចំនួនសរុប ៤៤,៦៩៧ពាក្យ ក្នុងនោះ ការដាក់ជាមេពាក្យ មានចំនួន ៣១,០៧៣ពាក្យ»។

លោកឧបនាយករដ្ឋមន្ដ្រី វង្ស៊ី វិស្សុត បានថ្លែងថា ជារួមភាសាក្នុងលោក តែងតែមានការវិវត្តន៍ តាមតម្រូវការ ដូចជា៖ ការរីកចម្រើនសង្គម សេដ្ឋកិច្ច នយោបាយ និងយុទ្ធសាស្ដ្រផ្សេងៗទៀត ដូច្នេះការធ្វើបច្ចប្បន្នកម្ម និងទំនើបកម្ម វចនានុក្រមខ្មែរ គឺជាការចាំបាច់ និងបន្ទាន់ ដើម្បីឲ្យអ្នកប្រើភាសា និងអក្សរសាស្ដ្រខ្មែរ មានសំណេរ អំណាន លើនិយមន័យគ្រប់គ្រាន់ សម្រាប់អ្នកប្រើប្រាស់។ ទន្ទឹមនឹងនេះ ក្នុងយុគសម័យបដិវត្តន៍ឧស្សាហកម្ម ៤.០ ក៏ទាមទារ្យភាសាជាតិ មានការវិវត្តន៍ និងរីកចម្រើនដែរ តាមរយៈការបង្កើតពាក្យពេចន៍ឲ្យបានគ្រប់គ្រាន់ និងសំបូរបែប ដើម្បីឆ្លើយតបទាន់ពេល និងប្រសិទ្ធភាព តាមតម្រូវការអ្នកប្រើប្រាស់។

ចំណែក លោកបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា រាជបណ្ឌិត្យសភាកម្ពុជា ត្រូវបានបង្កើតឡើងវិញ និងមានដំណើរការចាប់ពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ១៩៩៩ ហើយត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ចាត់ទុកជា «ធនាគារខួរក្បាល របស់ជាតិ» ដោយស្ថាប័ននេះ បានប្រមូលផ្ដុំនូវបញ្ញវន្ដជាច្រើនរបស់ជាតិ ដើម្បីបម្រើការងារក្នុងវិស័យស្រាវជ្រាវវិទ្យាសាស្ដ្រ។ ជាមួយនេះ រាជបណ្ឌិត្យសភាកម្ពុជា ក៏បានចូលរួមចំណែកយ៉ាងសកម្ម ក្នុងការបណ្ដុះបណ្ដាលធនធានមនុស្សរបស់ជាតិដែរ៕

To Top