PRAGUE៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយ នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ថា រដ្ឋមន្ត្រីក្រសួងកសិកម្ម នៃបណ្តាប្រទេស Visegrad Group ហៅថា (V4) កាលពីថ្ងៃអង្គារ បានអំពាវនាវឱ្យសហភាពអឺរ៉ុប ហៅកាត់ថា (EU) រឹតបន្តឹងលើការគ្រប់គ្រងលើផ្លូវសម្រាប់ការនាំចេញគ្រាប់ធញ្ញជាតិរបស់ប្រទេសអ៊ុយក្រែន និងដាក់ចេញនូវវិធានការថ្មី ។
តាមការលើកឡើងរបស់លោក Marek Vyborny រដ្ឋមន្ត្រីក្រសួងកសិកម្មសាធារណរដ្ឋឆេក បានឲ្យដឹងថា “យើងចង់ស្នើឱ្យគណៈកម្មការអឺរ៉ុប ណែនាំអំពីប្រាក់បញ្ញើដែលអាចដកវិញបាន ឬយន្តការហិរញ្ញវត្ថុមួយផ្សេងទៀត សម្រាប់ពាណិជ្ជករ ដែលនាំចូលគ្រាប់ធញ្ញជាតិពីប្រទេស អ៊ុយក្រែន ។ ប្រសិនបើពួកគេអាចបង្ហាញថា គ្រាប់ធញ្ញជាតិចាកចេញពីអឺរ៉ុប តាមច្រកបាល់ទិក ឬប៉ូឡូញ ពួកគេនឹងទទួលប្រាក់របស់ពួកគេមកវិញ” ។
លោកបានធ្វើការកត់សម្គាល់ដូច្នេះក្រោយពីកិច្ចប្រជុំជាមួយសមភាគី របស់លោកមកពីប្រទេស ហុងគ្រី ប៉ូឡូញ និងស្លូវ៉ាគី នៅទីក្រុង Znojmo ស្ថិតនៅភាគខាងត្បូង នៃសាធារណរដ្ឋឆេក ហើយគេបានដឹងថា លោករដ្ឋមន្ត្រីក្រសួងកសិកម្ម និងចំណីអាហាររបស់ប្រទេស អ៊ុយក្រែន លោក Mykola Solskyi ក៏បានចូលរួមនៅក្នុងកិច្ចប្រជុំ តាមប្រព័ន្ធអ៊ីនធើរណេតផងដែរ ។
លោក Vyborny បានថ្លែងថា “វាចាំបាច់ណាស់ ដែលប្រទេសអ៊ុយក្រែន អាចធានាយើងថា ការនាំចេញគ្រាប់ធញ្ញជាតិ របស់ខ្លួននឹងទៅកាន់ ប្រទេសទី៣តាមរយៈច្រករបៀងរួមគ្នា ហើយនឹងមិនស្ថិតនៅក្នុងទ្វីបអឺរ៉ុប … ហើយដូច្នេះរំខានទីផ្សារ” ។ “យើងចង់បានការធានាថា គ្រាប់ធញ្ញជាតិមិនបញ្ចប់ នៅក្នុងប្រទេសសហភាពអឺរ៉ុបនោះទេ ហើយដូច្នេះរំខានដល់ទីផ្សារ” ។
លោករដ្ឋមន្ត្រីក៏បានថ្លែងថា ចាំបាច់ត្រូវស្វែងរក “ដំណោះស្រាយទូទាំងសហភាពអឺរ៉ុប” ជំនួសឱ្យការហាមឃាត់ជាឯកតោភាគី ដើម្បីធ្វើឱ្យច្រករបៀងរួមគ្នាកាន់តែមានប្រសិទ្ធភាពថែមទៀត ។
សហភាពអឺរ៉ុប បាននិងកំពុងគាំទ្រ លើការនាំចេញគ្រាប់ធញ្ញជាតិ របស់ប្រទេសអ៊ុយក្រែន និងគ្រឿងឧបភោគបរិភោគ ផ្សេងទៀត ជាពិសេស តាមរយៈច្រករបៀងរួមគ្នា ។ ទោះជាយ៉ាងណាក៏ដោយ ការផ្លាស់ប្តូរនេះបាន នាំឱ្យមានការបង្ខូច ទ្រង់ទ្រាយបណ្តោះអាសន្ន នៅក្នុងទីផ្សារនៃរដ្ឋសមាជិកចំនួន៥ ដែលនៅជិតខាងប្រទេសអ៊ុយក្រែន ។ កាលពីខែឧសភា គណៈកម្មការអឺរ៉ុប បានដាក់បម្រាមលើការ នាំចេញគ្រាប់ធញ្ញជាតិពីប្រទេស អ៊ុយក្រែន ដែលនាំទៅកាន់ ប្រទេស ប៊ុលហ្គារី ហុងគ្រី ប៉ូឡូញ រូម៉ានី និងស្លូវ៉ាគី ។
គួររំលឹកថា កាលពីដើមខែនេះ គណៈកម្មាការបានសម្រេចចិត្តដាក់ចុះនូវបម្រាមនេះ ប៉ុន្តែ ប្រទេសហុងគ្រី ប៉ូឡូញ និងស្លូវ៉ាគី បានលើកឡើងថា ពួកគេនឹងបន្តការហ៊ុមព័ទ្ធ លើគ្រាប់ធញ្ញជាតិរបស់ប្រទេសអ៊ុយក្រែន ដែលបង្កឱ្យមាន ជម្លោះជាមួយអ៊ុយក្រែន ។
បច្ចុប្បន្ននេះ សាធារណរដ្ឋឆេក ជាអ្នកកាន់តំណែងជាប្រធានាធិបតី V4 ក្នុងរយៈពេល១ឆ្នាំ ហើយរដ្ឋមន្ត្រី V4 ក៏បានពិភាក្សាអំពីយុទ្ធសាស្ត្រ និងច្បាប់ព្រៃឈើ នៅក្នុងអំឡុងពេលកិច្ចប្រជុំរបស់ពួកគេផងដែរ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា