កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា នៅព្រឹកថ្ងៃទី ២ ខែតុលា ឆ្នាំ២០២៣ នេះ បានដឹកនាំកិច្ចប្រជុំដើម្បី ត្រៀមរៀបចំពិធីប្រណាំងទូក តាំងពិព័រណ៍ បណ្ដែតប្រទីបនិង អុចកាំជ្រួច រយៈ ពេល ២ថ្ងៃ ក្នុងក្រុងកំពង់ចាម នាឱកាសបុណ្យចេញព្រះវស្សា ព.ស ២៥៦៧ ។
នាយករដ្ឋបាលសាលាខេត្តកំពង់ចាម លោក ឃន ប្រុស បានឱ្យដឹងថា ដើម្បីថែរក្សាប្រពៃណី លើកស្ទួយវិស័យ កីឡាអុំទូក និងបង្កបរិយាកាសសប្បាយ រីករាយ ជូនដល់បងប្អូនប្រជាពលរដ្ឋ ក្រោមម្លប់សុខសន្តិភាព ។ ក្នុងថ្ងៃបុណ្យចេញ ព្រះវស្សា ព.ស. ២៥៦៧ រដ្ឋបាលខេត្តកំពង់ចាម និងរៀបចំពិធីប្រណាំងទូក បណ្ដែតប្រទីប អុចកាំជ្រួច នៅក្រុងកំពង់ចាម រយៈពេល ២ថ្ងៃ (នៅថ្ងៃទី២៨ – ២៩ ខែតុលា ឆ្នាំ២០២៣ និងតាំងពិព័ណ៌សមិទ្ធផល រដ្ឋបាលក្រុង-ស្រុក មន្ទីរ-អង្គភាពជុំវិញខេត្ត និងមានការប្រគុំតន្ត្រីខ្នាតធំ រយៈពេល ៣ថ្ងៃ ផងដែរ ។
លោកនាយករដ្ឋបាល បានបន្តថា ក្នុងពិធីប្រណាំងទូក បណ្ដែតប្រទីប អុចកាំជ្រួច នោះ រដ្ឋបាលខេត្តកំពង់ចាម ក៏បានធ្វើការណែនាំ ដល់រដ្ឋបាលក្រុង-ស្រុក
ឃុំ-សង្កាត់ ឲ្យរៀបចំគណៈកម្មការដឹកនាំទូក ក្រុង-ស្រុក ដើម្បីចូលរួមក្នុងពិធីប្រណាំងទូក ង ទូកខ្នាតអន្តរជាតិ នៅក្រុងកំពង់ចាមផងដែរ ។
ក្នុងឱកាសនោះដែរ រដ្ឋបាលខេត្តកំពង់ចាម ក៏សូមអំពាវនាវដល់សម្តេច ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា លោកអភិបាលនៃគណ: អភិបាលក្រុង-ស្រុក លោក-លោកស្រីប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត ម្ចាស់ក្រុមហ៊ុន ពាណិជ្ជករ អាជីវករនានា និងលោក-លោកស្រី សូមមេត្តាជួយឧបត្ថម្ភគ្រាំទ្រជាថវិកា និងសម្ភារៈផ្សេងៗ ដល់គណៈរៀបចំពិធី ដើម្បីមានលទ្ធភាព ក្នុងការទ្រទ្រង់ដល់ក្រុមកីឡាករអុំទូក និងចាត់ចែងរៀបចំពិធីប្រណាំទូក ង ទូកខ្នាតអន្តរជាតិ នៅក្រុងកំពង់ចាម ឱ្យទទួលលទ្ធផលល្អប្រសើរ ៕