ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានបកស្រាយប្រាប់ កម្មករ-កម្មការិនី ចំពោះការបន្ថែម២ដុល្លារ ទៅលើប្រាក់ឈ្នួលកម្មករ ២០២៤ ដែលសម្រេច២០២ដុល្លារថា ការដំឡើងប្រាក់ឈ្នួល ថែម២ដុល្លារទៀតនេះ គឺបង្ខំនិយោជកឲ្យយក ដើម្បីធ្វើយ៉ាងណាផ្ដល់ ផលប្រយោជន៍ឲ្យកម្មករ។
នាពេលថ្មីៗនេះ រាជរដ្ឋាភិបាល បានសម្រួលជូនទៅភាគី និយោជក ដោយសម្រេចបន្ថែម ២ដុល្លារ ទៅលើតួលេខ២០២ដុល្លារ ដូច្នេះ ប្រាក់ឈ្នួលអប្បបរមាថ្មី សម្រាប់ឆ្នាំ២០២៤ គឺ២០៤ដុល្លារ ក្នុង១ខែ បូកសរុបនឹងប្រាក់អត្ថប្រយោជន៍ ផ្សេងទៀតក៏ក្បែរ៣០០ដុល្លារដែរ ។
ក្នុងឱកាសអញ្ជើញជួបកម្មករ នៅតាមបណ្តារោងចក្រ-សហគ្រាស នៅរាជធានីភ្នំពេញ នាថ្ងៃ៣ តុលា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណ ចំពោះ ក្រសួងការងារ ព្រមទាំងភាគីពាក់ព័ន្ធ បានខិតខំក្នុងការចរចា លើការកំណត់ប្រាក់ឈ្នួល អប្បបរមាកម្មករ និយោជិត ក្នុងវិស័យកាត់ដេរ រហូតសម្រេចបានលទ្ធផលចំនួន ២០៤ដុល្លារ នៅឆ្នាំ២០២៤ ។
សម្ដេចធិបតីបញ្ជាក់ថា «បងប្អូនត្រូវយល់អាថែម ២ដុល្លារនេះ គឺបង្ខំនិយោជកឲ្យយក ដើម្បីឲ្យបងប្អូន…និយាយឲ្យច្បាស់ចឹង និយោជក គាត់ចង់ថែរក្សាដដែល (ឆ្នាំ២០២៣គឺ២០០ដុល្លារ) ទម្រាំគាត់ដាច់ចិត្ត បោះឆ្នោតយក២ដុល្លារ ស្រាប់តែទៅដល់ នាយករដ្ឋមន្ដ្រី ថែម២ដុល្លារ ទៀត គឺស្មើនឹងបង្ខំនិយោជកឲ្យយកថែម២ដុល្លារ ដើម្បីផលប្រយោជន៍កម្មករ-កម្មការិនី នេះជាការពិត» ។
សម្ដេចនាយករដ្ឋមន្ដ្រីបន្ដថា ការប្ដេជ្ញាចិត្ត របស់រាជរដ្ឋាភិបាល គឺត្រូវតែដំឡើងប្រាក់ឈ្នួល ដល់កម្មករនិយោជិត ជារៀងរាល់ឆ្នាំទោះបីមានចំនួនតិច ឬច្រើនក៏ដោយ ។ នេះគឺជាគោលនយោបាយ របស់រាជរដ្ឋាភិបាលដែលបានគិតគូរ ដល់កម្មករនិយោជិតតាំងពីអាណត្តិមុនៗ ដែលដឹកនាំដោយ សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្ដីនៃកម្ពុជា។
សម្ដេចបន្ថែមថា ប្រទេសទាំងអស់ពិភពលោក កំពុងតែជួបប្រទះបញ្ហាបញ្ជាទិញដូច្នេះគ្នានេះ ខណៈប្រទេសមួយចំនួន មិនមានដំឡើងប្រាក់ខែ ដល់កម្មករឡើយ ៕