ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងឲ្យដឹងថា រាជរដ្ឋាភិបាល កំពុងគិតគូរ និងយកចិត្តទុកដាក់ផ្ដល់ប្រាក់បៀវត្ស ដល់គរុសិស្ស ដោយយកតាមមូលដ្ឋាន បៀវត្ស សរុបគុណនឹង៧០ភាគរយ ។
ក្នុងឱកាសអញ្ជើញអបអរទិវាគ្រូបង្រៀន លើកទី២៦ ក្រោមប្រធានបទ «គ្រូបង្រៀនជាសសរស្តម្ភ នៃកំណែទម្រង់ សាលារៀនឆ្ពោះទៅរកឧត្តមភាព» នាព្រឹកថ្ងៃ៥ តុលា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា គរុសិស្សខុសគេត្រង់ ពេលប្រឡងជាប់ចូលមកជាសិស្ស គឺអត់គិតជាប្រាក់បៀវត្សទេ ។ សម្ដេចថា កាលពីមុនគរុសិស្ស ទទួលបានប្រាក់ឧបត្ថម្ភ ៤ម៉ឺនរៀល និងក្រោយមកទៀតឡើងដល់ ៨ម៉ឺនរៀល ហើយសម្ដេចតេជោ បានកែសម្រួល ជាប្រចាំ ដើម្បីលើកកម្ពស់ ព្រោះគរុសិស្សមិនមែនជាមន្ត្រីរាជការទេ គឺជានិស្សិត ។
សម្ដេចធិបតីបន្តថា គរុនិស្សិត ដែលរៀននៅវិទ្យាស្ថានកម្រិតឧត្ដម ទទួលបានជាង៦០ម៉ឺនរៀល ចំណែកគ្រូមត្តេយ្យ គ្រូបឋមទទួលបាន៥៣ម៉ឺនរៀល ដូច្នេះកើនពី៤ម៉ឺន ទៅ៨ម៉ឺន ទៅ៥០ម៉ឺនរៀល ។
សម្ដេចនាយករដ្ឋមន្ត្រីបញ្ជាក់ថា «ខ្ញុំគិតថាការពង្រឹងនេះ ត្រូវគិតគូពីការវិនិយោគ លើធនធានមនុស្ស ល្ងាចមិញខ្ញុំគិតជាមួយខាងហិរញ្ញវត្ថុថា សម្រាប់លោកគ្រូអ្នកគ្រូ ដែលប្រឡងជាប់ជាគរុសិស្ស យើងកុំយកបៀវត្សមូលដ្ឋាន យើងយកបៀវត្សសរុបគុណនឹង ៧០ភាគរយតែម្ដង» ។
សម្ដេចបញ្ជាក់បន្តថា «គរុសិស្សកាំ (ក) កាលពីឆ្នាំ២០២៣ ទទួលបាន ៦ម៉ឺន៣ពាន់រៀល គុណនឹង៧០ភាគរយ ឥឡូវ (ឆ្នាំ២០២៤) នឹងឡើងទៅ១លាន១សែន៧ម៉ឺនរៀល គរុសិស្សកាំ (ខ) ដែលចេញទៅបង្រៀងមូលដ្ឋាន កាលមុន ៧៥ម៉ឺន គុណនឹង៧៥ភាគេយ បានជាង៥៦ម៉ឺន ឥឡូវថ្មីនេះយើងគុណទៅ បាន១លាន១សែនជាង ហើយគ្រូទាបបំផុតគម្រិត (គ) កាលមុនបាន ៦៦ម៉ឺនគុណនឹង៨០ភាគរយ បាន៥៣ម៉ឺន ក្នុង១ខែ ឥឡូវយើងគុណនឹងបៀវត្សមូលដ្ឋាន បាន៩៨ម៉ឺន ជិត១លានរៀលដែរ ។ នេះមិនមែនជាបៀវត្សទេ ជាអាហារូបករណ៍» ។
សម្ដេចបន្ថែមថា ការវិនិយោគពង្រឹង គឺត្រូវវិនិយោគទៅលើមនុស្ស ហើយត្រូវចាប់ផ្ដើមពីគ្រូ ដែលប្រឡងចូលតែម្ដង ។ សម្ដេចក៏បានប្រាប់ ទៅលោកគ្រូអ្នកគ្រូមុនៗ កុំឲ្យច្រណែនអ្នកក្រោយ ៕