ព័ត៌មានជាតិ

រុស្ស៊ី និងចិន ជំរុញឱ្យមានកិច្ចចរចាសន្តិភាពមជ្ឈិមបូព៌ាជាថ្មី ក្រោយពីក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន ហាម៉ាស វាយប្រហារទៅលើអ៊ីស្រាអែល

រូបភាពពី៖​ AFP

ភូកេត៖ ប្រទេស រុស្ស៊ី និងចិន បានទាញហេតុផលអំពីដំណើរការសន្តិភាពពិតប្រាកដមួយនៅមជ្ឈិមបូព៌ាក្នុងសម័យប្រជុំបន្ទាន់មួយកាលពីថ្ងៃអាទិត្យនៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដើម្បីពិភាក្សាអំពីការវាយប្រហារនាពេលថ្មីៗនេះដោយក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន ហាម៉ាស ទៅលើប្រទេសអ៊ីស្រាអែល ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៣ បានឱ្យដឹងថា លោក Vassily Nebenzia តំណាងអចិន្ត្រៃយ៍របស់រុស្ស៊ីប្រចាំស្ថាប័នអន្តរជាតិបានប្រាប់អ្នកសារព័ត៌មានថា “សាររបស់ខ្ញុំគឺមានសារៈសំខាន់ណាស់ក្នុងការបញ្ឈប់ការប្រយុទ្ធជាបន្ទាន់ ដើម្បីឈានទៅរកបទឈប់បាញ់ និងការចរចាប្រកបដោយអត្ថន័យ ដែលជាប់គាំងអស់ជាច្រើនទសវត្សរ៍”។

លោក Nebenzia បានសង្កត់ធ្ងន់ថា រុស្ស៊ីបានថ្កោលទោសរាល់ការវាយប្រហារលើជនស៊ីវិល។ ចំណែកឯកអគ្គរដ្ឋទូតចិនលោក Zhang Jun បានបញ្ចេញជំហរស្រដៀងគ្នានេះនៅមុនកិច្ចប្រជុំដោយជំរុញឱ្យពិភពលោក “ត្រលប់មករកដំណោះស្រាយរដ្ឋពីរវិញ”។

យ៉ាង​ណា​ក៏​ដោយ ក្រុមប្រឹក្សា​សន្តិសុខ​មិន​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​រួម​អំពី​បញ្ហា​នេះ​ទេ ដោយសារ​តែ​ការ​មិន​ចុះ​សម្រុង​គ្នា​ក្នុង​ចំណោម​សមាជិក។

សម្រាប់ផ្នែករបស់ខ្លួន សហរដ្ឋអាមេរិកបានទាមទារឱ្យសមាជិកទាំង ១៥ប្រទេស ថ្កោលទោស “ការវាយប្រហារភេរវកម្មដ៏សាហាវទាំងនេះដែលប្រព្រឹត្តដោយក្រុមហាម៉ាស” ។ បន្ទាប់ពីសម័យប្រជុំ ឯកអគ្គរដ្ឋទូតរងរបស់សហរដ្ឋអាមេរិក Robert Wood បាននិយាយថា “ប្រទេសមួយចំនួនដែលល្អ” បានធ្វើតាមការអំពាវនាវរបស់ទីក្រុងវ៉ាស៊ីនតោន ប៉ុន្តែមិនមែនទាំងអស់នោះទេ ដោយបន្ថែមថាអ្នកសារព័ត៌មានអាចទាយថាតើគាត់កំពុងសំដៅទៅលើអ្នកណា៕ ប្រែសម្រួលៈ ណៃ តុលា

To Top