ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានណែនាំក្រុមហ៊ុនផលិតយានយន្តអគ្គិសនីដ៏ធំ របស់ប្រទេសចិន BYD Co., Ltd. សិក្សាលទ្ធភាពសាងសង់រោងចក្រ សង្វាក់ផលិតកម្មគ្រឿងបង្គុំយានយន្ត នៅប្រទេសកម្ពុជា។
ក្នុងជំនួបពិភាក្សាការងារជាមួយ លោក Kading Liu នាយករងក្រុមហ៊ុន BYD Co., Ltd. នាថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣ នៅប្រទេសចិន លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានលើកទឹកចិត្តឲ្យក្រុមហ៊ុន BYD ចូលរួមតម្លើងស្ថានីយសាករថយន្តអគ្គសនីក្នុងប្រទេសកម្ពុជាឲ្យបានច្រើន ដើម្បីបង្កភាពងាយស្រួលដល់ប្រជាពលរដ្ឋ ដែលប្រើប្រាស់យានយន្តអគ្គីសនី។
បន្ថែមពីនេះ លោកឧបនាយករដ្ឋមន្ត្រី ក៏បានផ្តល់យោបល់ឱ្យក្រុមហ៊ុនសិក្សាលទ្ធភាពសាងសង់រោងចក្រ សង្វាក់ផលិតកម្មគ្រឿងបង្គុំយានយន្ត នៅប្រទេសកម្ពុជា ដោយហេតុថា ៦៥% នៃចំនួនប្រជាជនកម្ពុជាសរុប គឺមានអាយុស្ថិតក្នុងវ័យក្មេងប្រកបដោយផលិតភាពខ្ពស់ ដែលអាចចូលរួមក្នុងផលិតកម្ម ដើម្បីផ្គត់ផ្គង់សម្រាប់មហាអនុតំបន់មេគង្គ។
ឆ្លៀតក្នុងឱកាសនេះ លោកឧបនាយករដ្ឋមន្ត្រី ក៏បានជម្រាបជូនក្រុមហ៊ុនអំពីហេដ្ឋារចនាសម្ព័ន្ធមួយចំនួន ដែលរាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងយកចិត្តទុកដាក់អភិវឌ្ឍន៍រួមមាន ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ អាកាសយានដ្ឋានសៀមរាបអង្គរថ្មី ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត គម្រោងកំពង់ផែទឹកជ្រៅក្រុងព្រះសីហនុ ព្រែកជីកហ្វូណនតេជោ និងផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប-ប៉ោយប៉ែតជាដើម។
ជាងនេះទៅទៀត ដើម្បីជំរុញការបណ្ដាក់ទុនក្នុងក្របខណ្ឌយានយន្តអគ្គសនីឲ្យបានកាន់តែច្រើន លោកឧបនាយករដ្ឋមន្ត្រី បានណែនាំឲ្យក្រុមហ៊ុនចូលរួមផ្តល់ធាតុចូលអំពីបទដ្ឋាននានាដែលខ្លួនធ្លាប់បានអនុវត្តជោគជ័យនាពេលកន្លងមកលើវិស័យយានយន្តអគ្គិសនី(EV) ជូនមកកម្ពុជា ដើម្បីអាចឲ្យក្រសួងពាក់ព័ន្ធទទួលបានជាធាតុចូលសម្រាប់តាក់តែងលិខិតបទដ្ឋានគតិយុត្តិនានាទាក់ទងនឹងការវិនិយោគលើវិស័យយានយន្តអគ្គិសនីនៅកម្ពុជា។
ជាមួយគ្នានេះដែរ ក្រុមហ៊ុន ក៏បានជម្រាបរាយការណ៍ជូនពីគម្រោងពង្រីកអាជីវកម្មរបស់ខ្លួននៅកម្ពុជា។ ក្នុងឆ្នាំ២០២៣នេះ ក្រុមហ៊ុនកំពុងស្ថាបនាមណ្ឌលផ្ដល់សេវារបស់ខ្លួនចំនួន២ និងបន្ទប់តាំងបង្ហាញរថយន្តចំនួន២ ព្រមទាំងត្រៀមបើកឲ្យប្រើប្រាស់បន្ទប់តាំងបង្ហាញរថយន្តថ្មីមួយកន្លែងទៀតនៅខេត្តសៀមរាបក្នុងឆ្នាំ២០២៤ ហើយក្រោយពីការពង្រីកអាជីវកម្មនេះក៏នឹងផ្តល់ឱកាសការងារចំនួន ៣០០កន្លែងបន្ថែមជូនដល់កម្ពុជា។
លើសពីនេះទៅទៀត រថយន្តប្រភេទថ្មីផ្សេងៗទៀតក៏នឹងត្រូវបានក្រុមហ៊ុននាំយកចូលមកកាន់ទីផ្សាររបស់កម្ពុជាផងដែរ ដោយហេតុថាក្រុមហ៊ុនបានមើលឃើញអំពីស្ថិរភាពនយោបាយ សក្តានុពលសេដ្ឋកិច្ច ការរីកចម្រើននៃហេដ្ឋារចនាសម្ព័ន្ធសង្គម គោលនយោបាយឌីជីថលកម្ពុជា និងពិសេសការកើនឡើងយ៉ាងឆាប់រហ័សនៃចរាចរណ៍យានយន្តអគ្គីសនីក្នុងប្រទេសកម្ពុជា៕