ព័ត៌មានអន្តរជាតិ

គំនិតផ្តួចផ្តើម«ខ្សែក្រវាត់និងផ្លូវ»គន្លឹះក្នុងដំណោះស្រាយគ្រប់បញ្ហាសកល

គំនិតផ្តួចផ្តើម«ខ្សែក្រវាត់និងផ្លូវ»បានបង្កើតនូវស្មារតីសាមគ្គីភាពដើម្បីដោះស្រាយបញ្ហាប្រឈមមុខគ្នា ដូចទៅនឹងអ្វីដែលប្រវត្តិសាស្រ្តមនុស្សជាតិបានកត់ត្រាទុកស្តីពីដំណើរឆ្លងកាត់ចម្ងាយរាប់ពាន់គីឡូ ម៉ែត្រ និងអស់រយៈពេលរាប់ពាន់ឆ្នាំ ផ្លូវសូត្របុរាណជាតំណាងឲ្យស្មារតីសន្តិភាព និងកិច្ចសហប្រតិបត្តិការ ការបើកចំហ និងបរិយាប័ន្ន ការរៀនសូត្រពីគ្នាទៅវិញទៅមក និងផលប្រយោជន៍រួម និងឈ្នះ-ឈ្នះ
ស្របនឹងទស្សនៈរបស់លោក Xi Jinping ប្រធានរដ្ឋចិនបានប្រកាសនៅក្នុងពិធីបើកវេទិកាកំពូល«ខ្សែក្រវាត់និងផ្លូវ»សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ លើកទី៣ ស្តីពីសកម្មភាពចំនួន៨ដែលប្រទេសចិនគាំទ្រការរួមគ្នាកសាង«ខ្សែក្រវាត់និងផ្លូវ»ប្រកបដោយគុណភាពខ្ពស់។

គំនិតផ្តួចផ្តើម«ខ្សែក្រវាត់និងផ្លូវ»បានបង្កើតនូវស្មារតីរួមគ្នាដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់មនុស្ស ជាតិដើម្បីដោះស្រាយគម្លាតរវាងប្រទេសអភិវឌ្ឍនិងប្រទេសកំពុងអភិវឌ្ឍ ដែលជាការបន្តស្មារតីផ្លូវសូត្រជាង២០០០ឆ្នាំបង្កើតបានជាបេតិកភណ្ឌដ៏អស្ចារ្យនៃអរិយធម៌របស់មនុស្សជាតិដែលមិនអាចប្រកែកបាន។ តាមរយៈស្មារតីផ្លូវសូត្រដ៏មហិមា ទើបគំនិតផ្តួចផ្តើមបានទទួលការគាំទ្រយ៉ាងទូលំទូលាយដោយប្រទេសជាង១៥០និងអង្គការអន្តរជាតិជាង៣០បានចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការ និងបានទាក់ទាញការវិនិយោគក្នុងទំហំជិតមួយទ្រីលានដុល្លារអាមេរិក ហើយបានបង្កើតឱកាសការងារសម្រាប់ប្រទេសរួមគ្នាកសាងចំនួន៤២ម៉ឺនកន្លែង ព្រមទាំងធ្វើមនុស្សជិត៤០លាននាក់ចាកផុតពីភាពក្រីក្រ។ លើសពីនេះ ប្រទេសចិននឹងបង្កើតតំបន់សាកល្បងសហប្រតិបត្តិការ«ពាណិជ្ជកកម្មអេឡិកត្រូនិកតាមផ្លូវសូត្រ» ដើម្បីបង្កើនពាណិជ្ជកម្មសេរីជាមួយប្រទេសកាន់តែច្រើន ជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម បងើ្កនសន្តិសុខស្បៀង និងការលើកកម្ពស់ជីវភាពកាន់តែប្រសើរជូនដល់ប្រជាជន។ ច្បាស់ណាស់ដែលថាការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់នៃការរួមគ្នាកសាង«ខ្សែក្រវាត់និងផ្លូវ»បាននិងកំពុងដោះស្រាយប្រកបដោយប្រសិទ្ធភាពនូវភាពមិនប្រាកដប្រជានៃភាពបម្រែបម្រួលនិម្មាបនកម្មពិភពលោកដែលមិនធ្លាប់មានក្នុងមួយសតវត្សរ៍កន្លងមក ក៏ដូចជាកាត់បន្ថយហានិភ័យនិងបញ្ហាប្រឈមជាសាកល។ ក្នុងន័យនេះការកសាង«ខ្សែក្រវាត់និងផ្លូវ»ប្រកបដោយគុណភាពខ្ពស់ ក៏ដូចជាបំពេញបន្ថែមកម្លាំងចលករដល់ការធ្វើទំនើបកម្មរបស់ពិភពលោកដែលបង្ហាញពីទំនួលខុសត្រូវរបស់ប្រទេសទាំងអស់ជាពិសេសប្រទេសមហាអំណាចក្នុងការជំរុញការធ្វើកិច្ចសហប្រតិបត្តិការសកលនិងជំរុញការអភិវឌ្ឍរួម។

គំនិតផ្តួចផ្តើម«ខ្សែក្រវាត់និងផ្លូវ»បានកសាងបង្កើតជាស្ពានសន្តិភាពនិងកិច្ចសហប្រតិបត្តិការរវាងបូព៌ាប្រទេសនិងបស្ចិមប្រទេសដើម្បីដោះស្រាយសង្គ្រាមភូមិសាស្ត្រនយោបាយ។ មនុស្សជាតិបានចងចាំថា នៅក្នុងរាជវង្សហានរបស់ប្រទេសចិន (ប្រហែល១៣០ឆ្នាំនៅមុនគ្រិស្តសករាជ) លោក ចាង ឈាន (Zhang Qian) ដែលជាបេសកជនរបស់អធិរាជចិន បានចាកចេញពីក្រុងឆាងអានដែលជារាជធានីនៃរាជវង្សហាន។ លោកបានធ្វើដំណើរទៅទិសខាងលិចដើម្បីបេសកកម្ម សន្តិភាព និងបាន«បើកបង្កើតជាផ្លូវ» ភ្ជាប់បូព៌ាប្រទេសនិងបស្ចិមប្រទេស។ ជាច្រើនសតវត្សរ៍ក្រោយមក ក្នុងអំឡុងរជ្ជកាលរាជវង្សថាង រាជវង្សសុង និងរាជវង្សយាន ផ្លូវសូត្រ(ទាំងផ្លូវគោក និង ផ្លូវសមុទ្រ) កាន់តែមានភាពមមាញឹកខ្លាំងជាងមុន។ អ្នកផ្សងព្រេងដ៏អស្ចារ្យជាច្រើន រួមមានលោក ឌូហ័ន (Du Huan) ជនជាតិចិន លោក ម៉ាកូប៉ូឡូ (Marco Polo) ជនជាតិអ៊ីតាលី និង លោក អ៊ីប៊ីន បាទូតា (Ibn Battuta) ជនជាតិម៉ារ៉ុក សុទ្ធតែបានបន្សល់ដានជើងរបស់ពួកគេនៅតាមបណ្តោយផ្លូវបុរាណទាំងនេះ។ នៅដើមសតវត្សរ៍ទី១៥ លោក ចឹងហឺ (Zheng He) ដែលជាអ្នកនាវាចរណ៍ជនជាតិចិនដ៏ល្បីល្បាញក្នុងរាជវង្សម៉េង បានធ្វើដំណើរផ្លូវសមុទ្រចំនួន៧លើកតាមផ្លូវសមុទ្រ។ វីរជនត្រួសត្រាយផ្លូវទាំងនេះទទួលបានតំណែងក្នុងប្រវត្តិសាស្ត្រ មិនមែនក្នុងនាមជាអ្នកចម្បាំងដោយប្រើនាវាចម្បាំង កាំភ្លើង ឬដាវនោះទេ។ ផ្ទុយទៅវិញ មនុស្សជាតិត្រូវបានគេចងចាំក្នុងនាមជាបេសកជននៃមិត្តភាព ដែលប្រើប្រាស់ក្បួនអូដ្ឋ និងនាវាផ្ទុករតនសម្បត្តិ។

គំនិតផ្តួចផ្តើម«ខ្សែក្រវាត់និងផ្លូវ»បានផ្តល់ផលប្រយោជន៍រួម និងឈ្នះ-ឈ្នះដែលដោះស្រាយបញ្ហាចម្ងល់ ពីអន្ទាក់បំណុល ដូចដែលមនុស្សជាតិបានដឹងរួចមកហើយថា ផ្លូវសូត្របុរាណគឺជាភស្តុតាងនៃដំណើរទស្សនកិច្ចរបស់បេសកជន និងឈ្មួញពនេចរធ្វើចរាចរណ៍ប្រជ្រៀតគ្នាទៅមកទាំងនៅលើដីគោក និងនៅតាមនាវាជាច្រើន។ នៅតាមបណ្ដោយនៃសរសៃឈាមអន្តរកម្មដ៏សំខាន់ទាំងនេះ មូលធនបច្ចេកវិទ្យា និងប្រជាជនមានលំហូរដោយសេរី ហើយទំនិញ ធនធាន និងវប្បធម៌ក៏ត្រូវបានគេចែករំលែកយ៉ាងទូលំទូលាយផងដែរ។ គំនិតផ្តួចផ្តើម«ខ្សែក្រវាត់និងផ្លូវ»បានកំពុងបន្តវេនផ្លូវសូត្របុរាណបាននាំមកនូវភាពរីកចម្រើននិងការអភិវឌ្ឍទៅដល់តំបន់ទាំងអស់ក្នុងពិភពលោកនាបុរាណសម័យ ដោយបានពន្លាតយុគសម័យថ្មីនាពេលបច្ចុប្បន្ននេះតាមរយៈការរួមគ្នាកសាង«ខ្សែក្រវាត់និងផ្លូវ» ប្រកាន់ខ្ជាប់ការរួមគ្នាពិគ្រោះពិភាក្សា រួមគ្នាកសាងនិងរួមចែករំលែក ហើយឆ្លងកាត់អរិយធម៌ វប្បធម៌ របបសង្គមផ្សេងៗគ្នានិងគម្លាតនៃដំណាក់កាលអភិវឌ្ឍន៍ ត្រួសត្រាយផ្លូវថ្មីសម្រាប់ការប្រាស្រ័យទាក់ទងរបស់ប្រទេសនានា កសាងក្របខ័ណ្ឌថ្មីនៃកិច្ចសហប្រតិបត្តិការអន្តរជាតិ ព្រមទាំងប្រមូលផ្តុំផលប្រយោជន៍រួមធំបំផុតនៃការអភិវឌ្ឍរួមរបស់មនុស្សជាតិឆ្ពោះទៅកាន់ដំណើរដ៏ស្វាហាប់នៃកិច្ចកសាងសហគមន៍ជោគវាសនារួមនៃមនុស្សជាតិដែលពឹងផ្អែកទៅវិញទៅមកដោយត្រួសត្រាយមាគ៌ាថ្មីសម្រាប់ការប្រាស្រ័យទាក់ទងគ្នា ដើម្បីរួមគ្នាសម្រេចទំនើបកម្មដែលអភិវឌ្ឍដោយសន្តិវិធី សហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក និងសម្រចបាននូវវិបុលភាពរួមគ្នា៕
ដោយបណ្ឌិត ជា មុនីឫទ្ធិប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន

To Top