ភ្នំពេញ ៖ លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានជំរុញសមាគមអ្នកផលិត និងនាំចេញសំបុកត្រចៀកកាំកម្ពុជា បន្តពង្រឹងគុណភាព បង្កើនបរិមាណផលិត ការធានាបាននូវសិ្ថរភាព នៃការផ្តត់ផ្តង់ និងបំពេញបានតាមលក្ខខណ្ឌនានា។
នាឱកាសអញ្ជើញចូលរួមថ្លែងសុន្ទរកថា ក្នុងពិធីបិទ «វេទិកាធុរកិច្ចសំបុកត្រចៀកកាំកម្ពុជា» និងបើកកម្មវិធីរាត្រីសមោសរត្រចៀកកាំកម្ពុជា ឆ្នាំ២០២៣ នៅថ្ងៃពុធ ទី២៥ ឆ្នាំ២០២៣ លោកស្រីរដ្ឋមន្ដ្រី ចម និម្មល បានវាយតម្លៃខ្ពស់ចំពោះសមាគមអ្នកផលិត និងនាំចេញសំបុកត្រចៀកកាំកម្ពុជា ដែលបានផ្តួចផ្តើមគំនិតក្នុងការរៀបចំ «វេទិកាធុរកិច្ចសំបុកត្រចៀកកាំកម្ពុជា» នេះឡើងដែលជាការផ្តល់ឱកាសជូនអាជីវករ និងពាណិជ្ជករជាតិ និងអន្តរជាតិក្នុងការកសាងទំនាក់ទំនង និងពង្រីកការធ្វើពាណិជ្ជកម្មលើវិស័យត្រចៀកកាំប្រកបដោយទំនុកចិត្ត និងបង្កលក្ខណៈឲ្យមានការផ្លាស់ប្តូរយោបល់ក្នុងការពង្រឹងវិស័យជួញដូរសំបុកត្រចៀកកាំនេះឡើងមួយកំរិតទៀត។
រដ្ឋមន្ត្រីគូសបញ្ជាក់ថា «ជំរុញ និងលើកទឹកចិត្ត ដល់សមាគមអ្នកផលិត អ្នកនាំចេញ និងអ្នកពាក់ព័ន្ធក្នុងវិស័យសំបុកត្រចៀកកាំកម្ពុជា បន្តសហការនិងចាប់ដៃគ្នាជាមួយពាណិជ្ជករផ្គត់ផ្គង់សំបុកត្រចៀកកាំធំៗដូចជា ឥណ្ឌូនេស៊ី ម៉ាឡេស៊ី និងថៃ ដើម្បីបន្តពង្រឹងគុណភាព បង្កើនបរិមាណផលិត ការធានាបាននូវសិ្ថរភាពនៃការផ្តត់ផ្តង់ និងការបំពេញបានតាមលក្ខខណ្ឌ និងនីតិវិធីតម្រូវនានាសម្រាប់ការនាំចេញទៅទីផ្សារអន្តរជាតិ»។
សូមបញ្ជាក់ថា វេទិកានេះមានការចូលរួមពីសមាគមត្រចៀកកាំមកពីកម្ពុជា ថៃ វៀតណាម ម៉ាឡេស៊ី និងចិន ក្នុងគោលបំណងជំរុញការនាំចេញសំបុកត្រចៀកកាំកម្ពុជា ដោយផ្តល់ឱកាសជូនអាជីវករ និងពាណិជ្ជករជាតិ និងអន្តរជាតិក្នុងវិស័យសំបុកត្រចៀកកាំ ដើម្បីពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម ស្វែងរកដៃគូអាជីវកម្ម និងបង្កើនការនាំចេញសំបុកត្រចៀកកាំកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ តាមរយៈវេទិកាធុរកិច្ចដ៏សំខាន់នេះ៕